ប្រែសម្រួល ៖ លន ស្រស់

សេអ៊ូល៖ កូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃពុធ(ទី៩ខែមេសា) អំពីកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២ ពាន់លានដុល្លារ សម្រាប់វិស័យផលិតរថយន្តដ៏សំខាន់របស់ខ្លួនដែលផ្តោតលើការនាំចេញ ខណៈព្រមានថា ពន្ធគយ ២៥ ភាគរយដែលដាក់ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងបង្កជា «ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ»។
«ដោយសាររថយន្ត និងគ្រឿងបន្លាស់រថយន្តគឺជាទំនិញនាំចេញកំពូលរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាមេរិក ការសម្រេចចិត្តដាក់ពន្ធគយ ២៥ ភាគរយទៅលើទំនិញទាំងនេះ គឺត្រូវបានរំពឹងថានឹងបង្កការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មរថយន្តយើង» រដ្ឋាភិបាលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយប្រកាសពីវិធានការគាំទ្រ។
កាលពីសប្តាហ៍មុន លោកត្រាំបានប្រកាសដាក់ពន្ធគយយ៉ាងទូលំទូលាយនិងធ្ងន់ធ្ងរប្រឆាំងនឹងដៃគូពាណិជ្ជកម្មធំជាងគេរបស់សហរដ្ឋអាមេរិក ដែលធ្ងន់ធ្ងរបំផុតនឹងចូលជាធរមាននៅថ្ងៃពុធនេះ។
ទំនិញពីកូរ៉េខាងត្បូងនឹងត្រូវដាក់ពន្ធ ២៥ ភាគរយ។
លោកត្រាំក៏បានដាក់ពន្ធគយខ្ពស់ទៅលើរថយន្តផលិតនៅបរទេសដែលលក់នៅសហរដ្ឋអាមេរិក ដែលបង្កើតការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ចសកល និងធ្វើឱ្យសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៤ នៅអាស៊ីនេះ ប្រញាប់ប្រញាល់ក្នុងការឆ្លើយតប។
បន្ទាប់ពីការពិគ្រោះយោបល់ជាមួយឧស្សាហកម្ម សេអ៊ូលបានសម្រេចចិត្តណែនាំ «កញ្ចប់វិធានការសុវត្ថិភាពឧស្សាហកម្មដែលផ្តោតលើតម្រូវការបន្ទាន់បំផុត»។
រដ្ឋាភិបាលក៏បាន «សន្យាថានឹងចាត់វិធានការយ៉ាងបត់បែនអាស្រ័យទៅតាមកម្រិតនៃការខូចខាតឧស្សាហកម្មនាពេលខាងមុខ»។
ការនាំចេញពាក់ព័ន្ធនឹងរថយន្តរបស់កូរ៉េខាងត្បូងទៅសហរដ្ឋអាមេរិកមានចំនួន ៤២,៩ ពាន់លានដុល្លារកាលពីឆ្នាំមុន យោងតាមមន្ត្រី។
ក្រោមផែនការនេះ រដ្ឋាភិបាលនឹងពង្រីកកម្មវិធីហិរញ្ញប្បទានតម្លៃទាបសម្រាប់ឧស្សាហកម្មរថយន្តចំនួន ២ ទ្រីលានវ៉ុន (១,៣៤ ពាន់លានដុល្លារអាមេរិក)។
ក្រុមហ៊ុន Hyundai Motor ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់កូរ៉េខាងត្បូង ក៏នឹងបង្កើតកម្មវិធីគាំទ្រចំនួន ១ ទ្រីលានវ៉ុនសម្រាប់ក្រុមហ៊ុនរថយន្តក្នុងស្រុក ដោយសហការជាមួយស្ថាប័នហិរញ្ញវត្ថុធំៗ។
ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយពន្ធគយនឹងមានសិទ្ធិទទួលបានការពន្យារពេលបង់ពន្ធរហូតដល់ប្រាំបួនខែ រដ្ឋាភិបាលបានបន្ថែម។
“សារៈសំខាន់នៃទីផ្សារក្នុងស្រុកកំពុងត្រូវបានលើកបង្ហាញថាជាវិធីដើម្បីឆ្លើយតបទៅនឹងការថយចុះបរិមាណនាំចេញដែលបង្កឡើងដោយពន្ធគយរបស់សហរដ្ឋអាមេរិក និងដើម្បីរក្សាមូលដ្ឋានផលិតកម្មរបស់ប្រទេស” រដ្ឋាភិបាលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។
“ដើម្បីសម្រេចគោលបំណងនេះ រដ្ឋាភិបាលនឹងដំណើរការប្រព័ន្ធឧបត្ថម្ភធនសម្រាប់រថយន្តអេឡិចត្រូនិកដែលភ្ជាប់ទៅនឹងចំនួនបញ្ចុះតម្លៃរបស់ក្រុមហ៊ុនផលិត ចាប់ពីពាក់កណ្តាលឆ្នាំនេះរហូតដល់ចុងឆ្នាំ” សេចក្តីថ្លែងការណ៍បន្ត។
សេអ៊ូលក៏នឹង “ពង្រីកអត្រាគាំទ្រដៃគូរបស់រដ្ឋាភិបាលយ៉ាងច្រើនពី ២០ ភាគរយទៅ ៤០ ភាគរយ រហូតដល់ ៣០ ភាគរយទៅ ៨០ ភាគរយ”។
លោកត្រាំបាននិយាយជាមួយប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូងអំពីពន្ធគយកាលពីថ្ងៃអង្គារ។
ការប្រកាសដាក់ពន្ធគយបានធ្វើឱ្យទីផ្សារភាគហ៊ុនសកលរញ្ជួយ ដោយវិនិយោគិនមិនប្រាកដថាតើវាជាយុទ្ធសាស្ត្រចរចា ឬជាជំហររបស់សហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍។
លោកត្រាំបានអះអាងថាលោកនឹងមិនថយក្រោយទេ រហូតដល់លោកបានកាត់បន្ថយឬកម្ចាត់ចោលឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ខណៈក្នុងពេលតែមួយក៏បានបង្ហាញសញ្ញាថាលោកត្រៀមខ្លួនចរចាជាមួយប្រទេសទូទាំងពិភពលោក។
នៅឆ្នាំ ២០២៤ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូងមានចំនួនជាង ៦៦ ពាន់លានដុល្លារលើទំនិញ៕
