បច្ចេកវិទ្យា

ក្រុមហ៊ុន LG Energy Solution បង្ហាញពីការកើនឡើង ១៣៨% នៃប្រាក់ចំណេញប្រតិបត្តិការត្រីមាសទី១ នៃឆ្នាំ២០២៥នេះ

ប្រែសម្រួល ៖ លន ស្រស់

ក្រុងសេអ៊ូល៖ ក្រុមហ៊ុន LG Energy Solution (LGES) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី (EV)ដល់ក្រុមហ៊ុន General Motors និង Tesla បានប៉ាន់ប្រមាណកាលពីថ្ងៃចន្ទថា ប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសរបស់ខ្លួនបានកើនឡើង ១៣៨ %។

ទោះយ៉ាងណាក៏ដោយ មិនរាប់បញ្ចូលការកាត់បន្ថយពន្ធក្រោមច្បាប់កាត់បន្ថយអតិផរណានៅសហរដ្ឋអាមេរិក LG Energy Solution បាននិយាយថា ខ្លួនបានជួបប្រទះការខាតបង់ប្រតិបត្តិការចំនួន ៨៣ ពាន់លានវ៉ុន (៥៦,៥២ លានដុល្លារ) នៅត្រីមាសទីមួយ ដោយសារវិស័យនេះកំពុងទទួលរងផលប៉ះពាល់ពីការធ្លាក់ចុះតម្រូវការសម្រាប់រថយន្តអគ្គិសនី។

ក្រុមហ៊ុនកូរ៉េខាងត្បូងនេះបាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនទំនងជាមានចំនួន ៣៧៤,៧ ពាន់លានវ៉ុនសម្រាប់រយៈពេលពីខែមករាដល់ខែមីនា បើប្រៀបធៀបទៅនឹងប្រាក់ចំណេញ ១៥៧,៣ ពាន់លានវ៉ុនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងការព្យាករណ៍ជាមធ្យមចំនួន ២៩ ពាន់លានវ៉ុនដោយ LSEG SmartEstimate ដែលផ្តល់ទម្ងន់ទៅលើអ្នកវិភាគដែលមានភាពត្រឹមត្រូវជាប់លាប់ជាងគេ៕

ប្រភព៖ Reuters