ដោយ : បន្ទាយ

ថៃ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ា បានរាយការណ៍ថា ចំនួនអ្នកស្លាប់បន្តកើនឡើងដល់១០០២នាក់ហើយ ព្រមទាំងរបួស២៣៧៦នាក់ នៅក្នុងក្នុងគ្រោះរញ្ជួយដីកម្លាំង៧.៧ រិច្ឆទ័រកាលពីថ្ងៃសុក្រទី២៨ ម្សិលមិញ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋចិន CGTN នៅរសៀលនេះ ។
សារព័ត៌មាននេះបន្តថា : ទិន្នន័យបឋមនេះឃើញថា ប្រទេសមីយ៉ាន់ម៉ារងគ្រោះធ្ងន់ធ្ងរជាងគេទាំងការខូចខាតអគារ ហេដ្ឋរចនាសម្ព័ន្ធនិងចំនួនមនុស្សរងគ្រោះ ។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីកម្លាំង៧.៧ រិច្ឆទ័រ នេះ មានផ្ចិតនៅត្រង់ទីក្រុងបុរាណម៉ាន់ដាឡេ របស់ភូមាចហើយរុញរញ្ជួយ រំញ័រទៅដល់ប្រទេសថៃ និងស្រាលដល់ចិន វៀតណាម បង់ក្លាដេស ឥណ្ឌា ។ក្នុងនោះ នៅរាជធានីបាងកក ប្រទេសថៃ ក្រុមអ្នកជួយសង្គ្រោះថា មានសាកសព១០នាក់ និងរបួសរាប់សិបនាក់ត្រូវបានរកឃើញបន្តបន្ទាប់។
តួលេខជនរងគ្រោះនេះដែរ ត្រូវបានធ្វើបច្ចុប្បន្នភាពដោយបណ្តាញទូរទស្សន៍អន្តរជាតិអាមេរិកស៊ីអិនអិន(CNN) និងទូរទស្សន៍អន្តរជាតិអាល់ហ្សាហ្សេរ៉ា របស់រដ្ឋកាតា(ប្រទេស) នារសៀលនេះដែរថាមានចំនួនប្រដំប្រសងគ្នានេះ។
សារព័ត៌មានខាងលើថា ចំនួនជងគ្រោះស្លាប់នៅប្រទេសភូមានិងប្រទេសថៃ អាចកើនឡើងដល់១០.០០០នាក់ ។
ទាក់ទិនករណីនេះដែរលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: កម្ពុជា ប្រាប់សារព័ត៌មានក្នុងស្រុកថា : ភាគីថៃមិនទាន់បញ្ជាក់ផ្លូវការពីការស្លាប់ពលរដ្ឋកម្ពុជា ក្នុងហេតុការណ៍រលំអគារបង្កដោយគ្រោះរញ្ជួយដីនេះនៅឡើយ ។
នេះជាការឆ្លើយតបនឹងការបង្ហោះតាមបណ្តាញសង្គមនានាដែលថា ពួកគែបានបាត់បងប្អូន ញាតិមិត្តដែលជាពលករធ្វើការងារស៊ីឈ្នួលនៅការដ្ឋានអគារខ្ពស់ដែលដួលរលំបាក់ខ្ទេចទាំងស្រុងនោះ។
ហ្វេសប៊ុក មានគណនីឈ្មោះ”ពេលណាទើបស្នេហ៍យើងស្មោះ”បានផុសថា: នាងខ្ញុំឈ្មោះ សាន់ ដែន រស់នៅភូមិ/សង្កាត់ម្កាក់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានសរសេរថា នាងជាប្អូនស្រីបង្កើតពលករខ្មែរចំនួន ២រូប បាត់ខ្លួន ដែលសង្ស័យថាជាប់នៅក្នុងអគារដួលរលំនោះ តែមិនទាន់ដឹងស្លាប់ ឬរស់នៅឡើយ។
បច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចថៃ ស្ថានទូតខ្មែរ និងអនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃកំពុងស្វែងរកអ្នកទាំង២នាក់[ដូចមានឈ្មោះក្នុងលិខិតឆ្លងដែន ភ្ជាប់មកជាមួយ ] ។
ក្រសួងការងារបន្តថា «ចំពោះករណីនេះលោកមិនទាន់អាចសន្និដ្ឋានបាន ដោយសារភាគីថៃមិនទាន់បញ្ជាក់ផ្លូវការនៅឡើយ » ។
ចំណែកក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាវិញបានចេញសេចក្តីជូនព័ត៌មានថា : ពាក់ព័ន្ធនឹងហេតុការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា កាលពីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ាដើម្បីប្រមូលព័ត៌មានអំពីសុវត្ថិភាពរបស់ពលរដ្ឋនិងពលករខ្មែរ ដែលកំពុងស្ថិតក្នុងប្រទេសទាំងពីរ ដោយទទួលបានព័ត៌មានបឋមពីស្ថានទូត ដូចខាងក្រោម៖
១. មានករណីរញ្ជួយដីកម្រិតខ្លាំងនៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែល បណ្តាលឱ្យមានការបាក់អគារ និងបង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។
២. ស្ថានទូត មិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះ ដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ។
៣. ស្ថានទូត បានចាត់វិធានការភ្លាមៗ និងបានណែនាំដល់មន្ត្រីស្ថានទូតធ្វើការទាក់ទងប្រមូល ព័ត៌មានពីអាជ្ញាធរនៃប្រទេសតាំងនៅ និងក្រុមការងារគ្រប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅ និងធ្វើការ អំពីសុវត្ថិភាពរបស់ពួកគាត់ ហើយនិងត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធនៃប្រទេសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយឱ្យអស់ពីលទ្ធភាព។
៤. ជាមួយគ្នានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសទាំងពីរខាងលើ ពិសេសតំបន់ដែលរងគ្រោះដោយ ករណីរញ្ជួយដីទាំងនេះ សូមទាក់ទងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកដើម្បីឱ្យពួកគេ ដឹងថាអ្នកមានសុវត្ថិភាព រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់ទាំងឡាយ សម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន និងគោរពតាមការណែនាំ ឬវិធានការសុវត្ថិភាពរបស់អាជ្ញាធរមូលដ្ឋាន។ ក្នុងករណីត្រូវការជំនួយនានា ឬជំនួយកុងស៊ុល សូមមេត្តាទាក់ទង៖
– ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
លេខទំនាក់ទំនង៖ Tel : (02) 957-5851-2
– ស្ថានទូតកម្ពុជាប្រចាំនៅមីយ៉ាន់ម៉ា
លេខទំនាក់ទំនង៖ Tel : (951) 54 96 09, 54 09 64 ៕
