ប្រែសម្រួលៈ ស-សម្បត្តិ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែនកាលពីថ្ងៃអង្គារ (ថ្ងៃទី១៨ ខែមីនា) ក្នុងការសន្ទនាតាមទូរសព្ទដែលវ៉ាស៊ីនតោនសង្ឃឹមថានឹងបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូឱ្យទទួលយកសំណើបង្កកការប្រយុទ្ធរយៈពេល៣០ថ្ងៃរបស់សហរដ្ឋអាមេរិក និងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។

ភាគីទាំងសងខាងបានឱ្យដឹងថា ការពិ¾ក្សាដែលចាប់ផ្តើមនៅម៉ោង១០ព្រឹកម៉ោងក្នុងស្រុក បានបញ្ចប់នៅពេលក្រោយមក។
លោក ដេន ស្កាវីណូ ប្រធានបុគ្គលិកសេតវិមានបាននិយាយកាលពីពេលមុនថា ការសន្ទនាតាមទូរសព្ទកំពុង “ដំណើរការល្អ”។ លោក គីរីល ឌីមីទ្រៀវ ជាតំណាងរបស់លោកពូទីន បាននិយាយថា ក្រោមការដឹកនាំរបស់លោកត្រាំ និងលោកពូទីន ពិភពលោកបានក្លាយជាកន្លែងដែលមានសុវត្ថិភាពជាងមុនច្រើន។
អ៊ុយក្រែនបានយល់ព្រមរួចហើយចំពោះសំណើបង្កកការប្រយុទ្ធរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលមនុស្សរាប់សែននាក់ត្រូវបានសម្លាប់ឬរបួស មនុស្សរាប់លាននាក់បានភៀសខ្លួន និងទីក្រុងជាច្រើនត្រូវបានបំផ្លាញទៅជាកម្ទេចកម្ទី។
លោកពូទីន ដែលកងកម្លាំងរបស់លោកបានឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយកាលពីសប្តាហ៍មុនថា លោកគាំទ្រសំណើសម្រាប់ការផ្អាកការប្រយុទ្ធរបស់វ៉ាស៊ីនតោនជាគោលការណ៍ ប៉ុន្តែកងកម្លាំងរបស់លោកនឹងប្រយុទ្ធបន្តរហូតដល់លក្ខខណ្ឌសំខាន់ៗមួយចំនួនត្រូវបានដោះស្រាយ។
លោកត្រាំក៏សង្ឃឹមថានឹងទទួលបានវឌ្ឍនភាពឆ្ពោះទៅរកផែនការសន្តិភាពរយៈពេលវែងជាងនេះផងដែរ ដែលលោកបានបង្ហាញថាអាចរួមបញ្ចូលការសម្របសម្រួលផ្ទៃដីដោយទីក្រុងគីវ និងការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្សា របស់អ៊ុយក្រែន។
លោក ឌីមីទ្រី ភេសកូវ អ្នកនាំពាក្យក្រឹមឡាំង បាននិយាយមុនពេលការសន្ទនាថា លោកត្រាំ និងលោកពូទីន នឹងពិភាក្សាអំពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន និងការធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកធម្មតាឡើងវិញ ហើយពួកគេនឹងនិយាយគ្នា “រយៈពេលយូរតាមតែពួកគេយល់ថាចាំបាច់”។
លោកភេសកូវបាននិយាយថា មាន “ការយល់ដឹងជាក់លាក់” រវាងមេដឹកនាំទាំងពីរ ដោយផ្អែកលើការសន្ទនាតាមទូរស័ព្ទដែលពួកគេបានធ្វើនៅថ្ងៃទី១២ ខែកុម្ភៈ និងលើទំនាក់ទំនងកម្រិតខ្ពស់បន្តបន្ទាប់រវាងប្រទេសទាំងពីរ។
លោកហ្សេឡេនស្គីនិយាយថា អធិបតេយ្យភាពមិនអាចចរចាបានទេ ការផ្លាស់ប្តូរគោលនយោបាយ របស់សហរដ្ឋអាមេរិក និងការបង្ហាញទឹកចិត្តរបស់លោកត្រាំចំពោះលោកពូទីន ចាប់តាំងពីត្រឡប់មកកាន់សេតវិមានវិញនៅខែមករា បានធ្វើឱ្យសម្ព័ន្ធមិត្តប្រពៃណីរបស់សហរដ្ឋអាមេរិកមានការប្រុងប្រយ័ត្ន។
អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចបានពិពណ៌នាយូរមកហើយអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនថាជាការដណ្តើមយកដីដែលមានលក្ខណៈអាណានិគមនិយម ហើយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានចោទប្រកាន់លោកពូទីនថាមានចេតនាបន្តសង្គ្រាម។
លោកហ្សេឡេនស្គី ដែលបានទៅដល់ហ្វាំងឡង់នៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីការគាំទ្ររបស់រដ្ឋសមាជិកណាតូចំពោះអ៊ុយក្រែន និយាយថា អធិបតេយ្យភាពរបស់អ៊ុយក្រែនមិនអាចចរចាបានទេ ហើយរុស្ស៊ីត្រូវតែចុះចូលចំពោះទឹកដីដែលខ្លួនបានដណ្តើមយក។ លោកនិយាយថា មហិច្ឆតារបស់ទីក្រុងម៉ូស្គូនឹងមិនបញ្ឈប់នៅអ៊ុយក្រែនទេប្រសិនបើអនុញ្ញាតឱ្យរក្សាទឹកដីដែលបានដណ្តើមយក។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺ ឡាយអិន បានព្រមានកាលពីថ្ងៃអង្គារថា រុស្ស៊ីបានពង្រីកសមត្ថភាពផលិតឧស្សាហកម្មយោធារបស់ខ្លួនយ៉ាងខ្លាំង ក្នុងការត្រៀមខ្លួនសម្រាប់ “ការប៉ះទង្គិចនាពេលអនាគតជាមួយរបបប្រជាធិបតេយ្យអឺរ៉ុប”។
នៅក្នុងការនិយាយទៅកាន់លោកត្រាំកាលពីយប់ថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអង់គ្លេស លោក គៀរ ស្តាមៀរ “បានបញ្ជាក់ឡើងវិញថា ទាំងអស់គ្នាត្រូវធ្វើការរួមគ្នាដើម្បីដាក់អ៊ុយក្រែននៅក្នុងស្ថានភាពរឹងមាំបំផុតដែលអាចធ្វើទៅបាន ដើម្បីធានាបាននូវសន្តិភាពដ៏យុត្តិធម៌និងយូរអង្វែង” អ្នកនាំពាក្យមេដឹកនាំអង់គ្លេសបាននិយាយ។
រុស្ស៊ីបានដណ្តើមយកឧបទ្វីបគ្រីមៀពីអ៊ុយក្រែននៅឆ្នាំ២០១៤ និងគ្រប់គ្រងភាគច្រើននៃតំបន់ភាគខាងកើតអ៊ុយក្រែនចំនួនបួន បន្ទាប់ពីការឈ្លានពានរបស់ខ្លួននៅខែកុម្ភៈ ឆ្នាំ២០២២។ វាគ្រប់គ្រងប្រមាណមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។
លោកពូទីនបាននិយាយថា លោកបានបញ្ជូនកងទ័ពទៅអ៊ុយក្រែនព្រោះការពង្រីកយឺតៗរបស់ណាតូបានគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី។ លោកបានទាមទារថាអ៊ុយក្រែនត្រូវបោះបង់ចោលមហិច្ឆតាក្នុងការចូលរួមសម្ព័ន្ធយោធាលោកខាងលិច។
លោកពូទីនក៏បាននិយាយផងដែរថា រុស្ស៊ីត្រូវតែរក្សាការគ្រប់គ្រងលើទឹកដីអ៊ុយក្រែនដែលខ្លួនបានដណ្តើមយក ទណ្ឌកម្មរបស់លោកខាងលិចគួរត្រូវបានបន្ធូរបន្ថយ ហើយទីក្រុងគីវត្រូវតែរៀបចំការបោះឆ្នោតប្រធានាធិបតី។ លោកហ្សេឡេនស្គី ដែលត្រូវបានជ្រើសតាំងក្នុងឆ្នាំ២០១៩ គ្រប់គ្រងក្រោមច្បាប់អាជ្ញាសឹកដែលលោកបានដាក់ចេញដោយសារតែសង្គ្រាម៕
ប្រភព៖ រ៉យទ័រ
