ដោយ៖ ស-សម្បត្តិ

ភ្នំពេញ៖ រថយន្តម៉ាកTOYOTA PRIUS មួយគ្រឿងបានបើកបុកម៉ូតូម៉ាក PCX បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុងថ្មី ស្ថិតនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ប៊ុន សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនធនាគារ រស់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកឈូកខេត្តកំពត ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1HB-7162 បើកតាមបណ្តោយផ្លូវបេតុងថ្មី ក្នុងទិដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។លុះបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែគេឃើញរថយន្ដម៉ាកTOYOTA PRIUS ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2BW-7121 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវបេតុងចេញពីបុរី ក្នុងទិសដៅពីជើងទៅត្បូងឆ្លងផ្លូវហើយក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យជនរងគ្រោះផ្លោងបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗ ត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់អ្នកបើកបរបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍យកទៅសួរនាំផងដែរ។ បន្ទាប់មកប្រជាពលរដ្ឋបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះដើម្បីមកកន្លែងកើតហេតុភ្លាមៗផងដែរ ហើយក្រុមគ្រួសារជនរងគ្រោះបាននិយាយប្រាប់ថាជនរងគ្រោះគាត់ទើបមកពីកម្មវិធីនៅម្តុំចោមចៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងនិងយករថយន្ត ព្រមទាំងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំការដោះស្រាយថ្ងៃក្រោយ ចំណែកសពត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
