ភ្នំពេញ: ស្រី្តម្នាក់បានរងរបួសធ្ងន់ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះបន្ទាន់ភ្លាមៗពេលដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនទៅបុកពេញទំហឹងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញស្រី្តជាអ្នករើសអេតចាយដើរឆ្លងផ្លូវពីត្បូងមកជើងបានពាក់កណ្ដាលផ្លូវខណៈពេលនោះគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1HQ-6737ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនរួចវាក់អឺគេចមិនផុតជ្រុលទៅបុកស្រី្តខាងលើពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងផ្លូវសន្លប់ ចំណែកម៉ូតូដួល និងអ្នកបើកបររងរបួសស្រាល។
ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវបានពលរដ្ឋនាំគ្នាជួយសង្រ្គោះបឋមលើកដាក់ម៉ូតូដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនមួយជិតកន្លែងកើតហេតុ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកខាងមន្ទីរពេទ្យមិនហ៊ានទទួលមើល ខាងសាច់ញាតិបានហៅម៉ូតូកង់បីដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីវិញ។
ក្រោយកើតហេតុគេឃើញខាងសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុធ្វើការបាញ់ថ្នាំ និងយកម៉ូតូបង្កខាងលើទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នរង់ចាំផ្នែកចរាចរណ៍ធ្វើការវាស់វែងដោះស្រាយតាមផ្លូវច្បាប់ថ្ងៃក្រោយ៕
ដោយ៖ សហការី
