ប្រែសម្រួល៖ស-សម្បត្តិ

រដ្ឋបាលត្រាំបានប្រកាសកាលពីថ្ងៃអាទិត្យថា មនុស្សរាប់រយនាក់ត្រូវបានបញ្ជូនចេញពីប្រទេសបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើប្រាស់អាជ្ញាធរសង្គ្រាមដ៏ទូលំទូលាយ ដើម្បីពន្លឿនការបញ្ជូនចេញនូវជនអន្តោប្រវេសន៍ដែលត្រូវបានចោទថាមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនវ៉េណេស៊ុយអេឡា Tren de Aragua។
ការប្រកាសនេះកើតឡើងបន្ទាប់ពីចៅក្រមសហព័ន្ធបានហាមឃាត់ជាបណ្តោះអាសន្ននូវសមត្ថភាពរបស់រដ្ឋបាលត្រាំក្នុងការប្រើប្រាស់ច្បាប់សត្រូវបរទេស (Alien Enemies Act) ដែលមានអាយុកាលរាប់សតវត្សកាលពីល្ងាចថ្ងៃសៅរ៍ ហើយបានបញ្ជាដោយផ្ទាល់មាត់ឲ្យយន្តហោះដែលកំពុងហោះហើរដឹកជនអន្តោប្រវេសន៍ទាំងនោះត្រឡប់មកសហរដ្ឋអាមេរិកវិញ។
ចៅក្រមសហព័ន្ធ ចេមស៍ បូស្បឺក បាននិយាយថា ដីកាបង្គាប់ឲ្យផ្អាកជាបណ្តោះអាសន្ននឹងនៅជាធរមានរយៈពេល១៤ថ្ងៃ “ឬរហូតដល់មានបញ្ជាបន្ថែមពីតុលាការ”។ អ្នកដែលស្គាល់បញ្ហានេះម្នាក់បាននិយាយថា យន្តហោះបានហោះហើររួចទៅហើយនៅពេលដែលចៅក្រមចេញសាលក្រមនេះ។
“ជាពិសេសដោយផ្អែកលើព័ត៌មានរបស់ដើមបណ្តឹង ដែលមិនត្រូវបានប្រឆាំងដោយរដ្ឋាភិបាល ថាយន្តហោះកំពុងចាកចេញយ៉ាងសកម្ម និងគ្រោងនឹងចាកចេញ ខ្ញុំមិនជឿថាខ្ញុំអាចរង់ចាំយូរទៀតទេ” ចៅក្រមសហព័ន្ធ ចេមស៍ បូស្បឺក បាននិយាយក្នុងអំឡុងពេលនៃសវនាការ។ “យន្តហោះណាដែលផ្ទុកមនុស្សទាំងនេះដែលនឹងហោះឡើង ឬកំពុងហោះហើរនៅលើអាកាស ត្រូវតែត្រឡប់មកសហរដ្ឋអាមេរិកវិញ”។
អ្នកនាំពាក្យសេតវិមាន ការ៉ូលីន លីវីត បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋបាលត្រាំមិនបានរំលោភលើបញ្ជារបស់ចៅក្រមទេ ព្រោះបញ្ជានេះត្រូវបានចេញបន្ទាប់ពីជនអន្តោប្រវេសន៍ដែលពាក់ព័ន្ធបានចាកចេញពីសហរដ្ឋអាមេរិករួចហើយ។
“រដ្ឋបាលមិនបាន ‘បដិសេធមិនគោរពតាម’ ដីកាតុលាការទេ។ ដីកានេះ ដែលគ្មានមូលដ្ឋានច្បាប់ ត្រូវបានចេញបន្ទាប់ពីជនភេរវករ (Tren de Aragua) ជាជនបរទេស ត្រូវបានបញ្ជូនចេញពីដែនដីសហរដ្ឋអាមេរិករួចទៅហើយ” លីវីត បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថាគ្មានភាពផ្ទុយគ្នារវាងសកម្មភាពរបស់រដ្ឋបាល និងដីការដែលសរសេរជាលាយលក្ខណ៍អក្សរនោះទេ។
“ចៅក្រមតែម្នាក់នៅក្នុងទីក្រុងតែមួយមិនអាចដឹកនាំចលនានៃនាវាចម្បាំងអាកាសយានដែលពេញទៅដោយជនភេរវករបរទេសដែលត្រូវបានបណ្តេញចេញពីដីសហរដ្ឋអាមេរិកបានទេ” នាងបានបន្ថែម។
លីវីត បាននិយាយកាលពីថ្ងៃអាទិត្យថា តាមការណែនាំរបស់ប្រធានាធិបតី ក្រសួងសន្តិសុខមាតុភូមិបានឃាត់ខ្លួនសមាជិកក្រុម Tren de Aragua ជិត ៣០០ នាក់កាលពីចុងសប្តាហ៍។ រដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ី ក៏បាននិយាយផងដែរថា “ឧក្រិដ្ឋជនហិង្សារាប់រយនាក់ត្រូវបានបញ្ជូនចេញពីប្រទេសរបស់យើង” ហើយបានថ្លែងអំណរគុណដល់ប្រធានាធិបតីអែលសាល់វ៉ាឌ័រ ណាយីប ប៊ូកេល សម្រាប់ការផ្តល់ជូនដាក់ពន្ធនាគារដល់ជនដែលត្រូវបានបញ្ជូនត្រឡប់ទាំងនេះ។
លោកបានបន្ថែមថា ប៊ូកេល បានស្នើសុំថា មេដឹកនាំពីរនាក់នៃក្រុម MS-13 ក៏ដូចជាជនជាតិអែលសាល់វ៉ាឌ័រ ២១ នាក់ផ្សេងទៀតដែលកំពុងត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនត្រឡប់ទៅ “ប្រឈមនឹងយុត្តិធម៌នៅមាតុភូមិរបស់ពួកគេ”។
ប៊ូកេល បានប្រកាសនៅលើបណ្តាញ X នាព្រឹកថ្ងៃអាទិត្យថា សមាជិកក្រុម Tren de Aragua ដែលត្រូវបានចោទប្រកាន់ បានមកដល់ប្រទេសអែលសាល់វ៉ាឌ័រហើយ ហើយត្រូវបានផ្ទេរទៅមជ្ឈមណ្ឌលឃុំខ្លួនភេរវកម្ម ឬ CECOT “សម្រាប់រយៈពេលមួយឆ្នាំ”។ ការប្រកាសរបស់លោករួមមានវីដេអូនៃបុរសៗដែលត្រូវបានដឹកនាំចេញពីរថយន្តក្រុងដោយមានដាក់ខ្នោះដៃ និងការកោរសក់របស់ពួកគេ។
ត្រាំ បានថ្លែងអំណរគុណដល់មេដឹកនាំអែលសាល់វ៉ាឌ័រ សម្រាប់ការទទួលយកអ្នកដែលត្រូវបានបញ្ជូនត្រឡប់ នៅលើបណ្តាញ Truth Social បន្ទាប់ពីនោះប៉ុន្មានម៉ោង។
កិច្ចសហប្រតិបត្តិការរវាងមេដឹកនាំទាំងពីរ គឺជាលទ្ធភាពមួយអស់រយៈពេលមួយរយៈមកហើយ។ ស៊ីអិនអិន បានរាយការណ៍ពីមុនថា អេរីក ព្រីនស៍ ដែលជាសម្ព័ន្ធមិត្តរបស់ត្រាំ បានទាក់ទងជាមួយ ប៊ូកេល តាំងពីឆ្នាំមុនមកម្ល៉េះអំពីការទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ពីសហរដ្ឋអាមេរិក ប្រសិនបើត្រាំត្រូវបានជ្រើសតាំង។
សហរដ្ឋអាមេរិកនឹងបង់ប្រាក់ ៦ លានដុល្លារទៅអែលសាល់វ៉ាឌ័រដើម្បីដាក់ជនដែលត្រូវបានបញ្ជូនត្រឡប់។ ប្រាក់នេះ យោងតាម ប៊ូកេល នឹងជួយទ្រទ្រង់ប្រព័ន្ធពន្ធនាគារ ដែលបច្ចុប្បន្នចំណាយ ២០០ លានដុល្លារប្រចាំឆ្នាំ។ លោកបានបន្ថែមថា សកម្មភាពនេះនឹងជួយដល់អ្នកអនុវត្តច្បាប់ក្នុងការប្រមូលព័ត៌មានសម្ងាត់ និងចាប់ខ្លួនសមាជិកបន្ថែមទៀតនៃក្រុម MS-13។
ប៊ូកេល ក៏ហាក់ដូចជាមើលស្រាលហេតុការណ៍នេះកាលពីព្រឹកថ្ងៃអាទិត្យ។ ដោយចែករំលែករូបថតអេក្រង់នៃអត្ថបទមួយអំពីសាលក្រមនៅថ្ងៃសៅរ៍ លោកបានសរសេរនៅលើបណ្តាញ X ថា “ម៉ោសៗ…យឺតពេលហើយ”។ រូប៊ី បានចែករំលែកការប្រកាសរបស់ ប៊ូកេល នៅលើទំព័ររបស់គាត់ផ្ទាល់ក្នុងពេលក្រោយមក។
- ជើងហោះហើរបញ្ជូនចេញមិនបានហោះហើរយូរទេមុនពេលដីការបស់ចៅក្រម
បូស្បឺក ដំបូងបានរារាំងរដ្ឋបាលមិនឲ្យបញ្ជូនបុគ្គលប្រាំនាក់ចេញទៅក្រៅប្រទេស ដែលបានប្រឆាំងនឹងការប្រើប្រាស់ច្បាប់នេះដោយត្រាំ។ បន្ទាប់ពីសវនាការដែលបានកំណត់ពេលយ៉ាងរហ័សប៉ុន្មានម៉ោងក្រោយមក បូស្បឺក បានពង្រីកការរារាំងបណ្តោះអាសន្ននោះ ដោយយល់ព្រមតាមសំណើរបស់មេធាវីដើមបណ្តឹងដើម្បីគ្របដណ្តប់លើជនបរទេសទាំងអស់ក្នុងការឃុំឃាំងរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវស្ថិតក្រោមសេចក្តីប្រកាសរបស់ត្រាំ។
មន្ត្រីជាន់ខ្ពស់នៃសេតវិមានបានជួបប្រជុំកាលពីយប់ថ្ងៃសៅរ៍ជាមួយមន្ត្រីរដ្ឋបាលផ្សេងទៀត ដើម្បីពិភាក្សាអំពីរបៀបដំណើរការបន្ទាប់ពី បូស្បឺក បានសម្រេចថាការបញ្ជូនចេញក្រោមច្បាប់សត្រូវបរទេសមិនអាចដំណើរការទៅមុខបានទេ ហើយទីបំផុតបានសម្រេចមិនបញ្ជាឲ្យយន្តហោះបញ្ជូនចេញត្រឡប់មកវិញ យោងតាមបុគ្គលម្នាក់ដែលស្គាល់បញ្ហានេះច្បាស់។
យន្តហោះមិនទាន់បានហោះហើរយូរនៅឡើយទេនៅពេលដែលចៅក្រមចេញសាលក្រមរបស់លោក ជនរូបនោះបាននិយាយ។
ការអះអាងរបស់ លីវីត ថាគ្មានភាពផ្ទុយគ្នារវាងសកម្មភាពរបស់រដ្ឋបាល និង “ដីកាជាលាយលក្ខណ៍អក្សរ” របស់ចៅក្រម ហាក់ដូចជាត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នដើម្បីដកចេញនូវការណែនាំរបស់ចៅក្រមឲ្យយន្តហោះត្រឡប់មកវិញ ដែលលោកបានចេញដោយផ្ទាល់មាត់ពីបល្ល័ង្ក។
ដីកាដែលចេញដោយផ្ទាល់មាត់ មានទម្ងន់ផ្លូវច្បាប់ដូចគ្នានឹងការណែនាំជាលាយលក្ខណ៍អក្សរដែរ អ្នកវិភាគច្បាប់ជាន់ខ្ពស់របស់ស៊ីអិនអិន អេលី ហោនី បានប្រាប់ ចេស៊ីកា ឌីន នៅក្នុងកម្មវិធី “ស៊ីអិនអិន Newsroom” កាលពីថ្ងៃអាទិត្យ។ សំណួរសំខាន់ ហោនី បានពន្យល់ គឺតើយន្តហោះនៅទីណានៅពេលដែលដីកានោះត្រូវបានចេញ។
“តើចៅក្រមអាចបញ្ជាឲ្យពួកគេត្រឡប់មកវិញនៅពាក់កណ្តាលជើងហោះហើរ ខណៈពេលដែលពួកគេបានចាកចេញពីទឹកដីសហរដ្ឋអាមេរិករួចហើយឬ? មានភាពប្រផេះខ្លះនៅទីនោះ។ យ៉ាងហោចណាស់ក៏មានស្លឹកឈើលាក់មុខសម្រាប់រដ្ឋបាលប្រើប្រាស់ដែរ” លោកបានបន្ថែម។
អគ្គព្រះរាជអាជ្ញា ផាំ បនឌី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃក្រសួងយុត្តិធម៌ បានតវ៉ាក្នុងឯកសារដាក់តុលាការកាលពីរសៀលថ្ងៃអាទិត្យថា “សមាជិកក្រុមឧក្រិដ្ឋជនមួយចំនួន” ត្រូវបានបញ្ជូនចេញរវាងដីកាទាំងពីររបស់ បូស្បឺក កាលពីថ្ងៃសៅរ៍បន្ទាប់ពីសេចក្តីប្រកាសច្បាប់សត្រូវបរទេសរបស់លោក។ ពួកគេបានបន្ថែមថា ដើមបណ្តឹងទាំងប្រាំនាក់ពីដីកាដំបូងមិនទាន់ត្រូវបានដកចេញទេ។
កាល តូប៊ៀស សាស្ត្រាចារ្យច្បាប់រដ្ឋធម្មនុញ្ញនៃសាលាច្បាប់នៃសាកលវិទ្យាល័យ Richmond បាននិយាយថា លោកជឿថាអាចនឹងមានការរដ្ឋបាលត្រាំបានបំពានលើតុលាការដោយផ្អែកលើសេចក្តីថ្លែងការណ៍របស់ បូស្បឺក កាលពីថ្ងៃសៅរ៍ ទោះបីជាវាមិនទាន់ច្បាស់ថាតើយន្តហោះបានហោះឡើងនៅពេលណាពិតប្រាកដក៏ដោយ។
ប្រសិនបើ បូស្បឺក កំណត់ថាមាន “ការរំលោភយ៉ាងច្បាស់” លើដីការបស់លោក តូប៊ៀស បានពន្យល់ថា ចៅក្រមអាចចេញដីកាកាន់តែតឹងរឹងដែលបញ្ជាក់ពីរបៀបដែលរដ្ឋបាលគួរតែគោរពតាមការណែនាំរបស់លោក។ ប្រសិនបើរដ្ឋបាលបំពានលើដីកានោះ អ្នករំលោភអាចនឹងត្រូវចាត់ទុកថាប្រមាថតុលាការទាំងក្នុងរឿងរដ្ឋប្បវេណីឬព្រហ្មទណ្ឌ តូប៊ៀស បានបន្ថែម។
ខណៈពេលដែលរដ្ឋបាលត្រាំបានគំរាមថានឹងបំពានដីកាតុលាការ តូប៊ៀស បាននិយាយថា ករណីនេះលេចធ្លោដោយសារផលប៉ះពាល់របស់វាចំពោះឋានៈរបស់ប្រទេសនៅលើឆាកអន្តរជាតិ។
“ជំហាននេះ បង្ហាញពីដីការមួយចំនួនតូចដែលពិតជាបង្កើតឡើងនូវសំណួរជាច្រើនអំពីសន្តិសុខជាតិ ដូចដីកាផ្សេងៗទៀតដែរ ប៉ុន្តែក៏អំពីរបៀបដែលសហរដ្ឋអាមេរិកអនុវត្តកិច្ចការរបស់ខ្លួននៅក្នុងពិភពលោកផងដែរ ដូច្នេះខ្ញុំគិតថាវាមានដៃដល់ឆ្ងាយជាងនេះ” តូប៊ៀស បានពន្យល់ ដោយបន្ថែមថា បូស្បឺក បានបង្ហាញថាលោក “មានភាពរសើប” ចំពោះការផ្តល់ដំណើរការត្រឹមត្រូវសម្រាប់ឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់ ដែលត្រូវបានបញ្ជូនចេញ។
សមាជិកព្រឹទ្ធសភាគណបក្សរីផាប្លីគែន មៃក់ រ៉ោនស៍ បាននិយាយនៅក្នុងកម្មវិធី “State of the Union” របស់ស៊ីអិនអិនថា លោករំពឹងថាអំណាចប្រតិបត្តិកំពុងតែអនុវត្តតាមច្បាប់ ដោយប្រាប់ ចេក ធេបពើរ របស់ស៊ីអិនអិនថា “យើងមិនដឹងថាតើវាបានកើតឡើងតាមរបៀបនោះឬអត់ទេ” នៅពេលត្រូវបានសួរថាតើគាត់ព្រួយបារម្ភដែររឺទេថារដ្ឋបាលត្រាំប្រហែលជាបានរំលោភលើដីកាតុលាការ។
“ខ្ញុំគិតថា អាមេរិកភាគច្រើននឹងនិយាយថា ‘ខ្ញុំមិនខ្វល់ថាច្បាប់នោះចាស់ប៉ុណ្ណាទេ ប្រសិនបើអ្នកអាចប្រើវាដើម្បីបណ្តេញពួកគេចេញ និងរក្សាគ្រួសាររបស់ខ្ញុំឲ្យមានសុវត្ថិភាព យើងនឹងធ្វើវា'” សមាជិកគណបក្សរីផាប្លីគែនមកពីរដ្ឋសៅត៍ដាកូតាបានបន្ថែម។
អ្នកដឹកនាំសភាជាភាគតិច ហាគីម ចេហ្វ្រីស បាននិយាយកាលពីថ្ងៃអាទិត្យថា គណបក្សប្រជាធិបតេយ្យ “ប្រកាន់ខ្ជាប់យ៉ាងរឹងមាំក្នុងការគាំទ្រនីតិរដ្ឋ” យោងតាមដីការបស់ចៅក្រម ហើយបានព្រមានប្រឆាំងនឹងផលប៉ះពាល់ដែលអាចកើតមានឡើងនៃយុទ្ធសាស្ត្របញ្ជូនចេញយ៉ាងសកម្មរបស់រដ្ឋបាលត្រាំ៕
