អន្តរជាតិ

មនុស្ស ៥១ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសដោយឆេះក្លិបរាត្រីនៅប្រទេសម៉ាសេដូនខាងជើង

ប្រែសម្រួល៖ ស-សម្បត្តិ

យ៉ាងហោចណាស់មនុស្ស ៥១ នាក់បានស្លាប់ និងជាង ១០០ នាក់បានរងរបួសក្នុងអគ្គិភ័យក្លិបរាត្រីនៅក្នុងទីក្រុងកូចានី ប្រទេសម៉ាសេដូនខាងជើង យោងតាមប្រភពព័ត៌មានរដ្ឋ។

លោក ប៉ាន់ចេ តូស្កូវស្គី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសម៉ាសេដូនខាងជើង បានប្រកាសចំនួនអ្នកស្លាប់និងរបួសនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃអាទិត្យ តាមការរាយការណ៍របស់ភ្នាក់ងារព័ត៌មានរដ្ឋ MIA។

អ្នករងរបួសជាង ៨០ នាក់ក្នុងសោកនាដកម្មនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនិងគ្លីនិកនានានៅក្នុងទីក្រុងស្កុបជេ រាជធានីប្រទេសនេះ តាមការរាយការណ៍របស់ MIA ខណៈដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អ៊ីហ្គ័រ ហ្វីល់កូវ បានថ្លែងថា អ្នកពាក់ព័ន្ធទាំងអស់នឹងសោកនាដកម្មនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

អគ្គិភ័យបានផ្ទុះឡើងនៅក្លិបរាត្រី ‘Pulse’ នៅទីក្រុងកូចានី តាមការរាយការណ៍របស់ប្រភពព័ត៌មានក្នុងស្រុក។

ក្រុមចម្រៀងប៉ុប DNA មកពីប្រទេសម៉ាសេដូន កំពុងសម្តែងនៅក្នុងក្លិបនោះនៅយប់ថ្ងៃសៅរ៍ យោងតាមគណនី Instagram របស់ក្លិប។

នេះជាព័ត៌មានកំពុងបន្តនិងនឹងមានការធ្វើបច្ចុប្បន្នភាព៕

ប្រភព៖ CNN