អន្តរជាតិ

កុំឲ្យពូទីន «លេងល្បែង» លើសំណើឈប់បាញ់អ៊ុយក្រែន នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Starmer ថ្លែងមុនកិច្ចប្រជុំកំពូលសំខាន់

ប្រែសម្រួល៖ ស-សម្បត្តិ

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មិនអាចត្រូវបានអនុញ្ញាតឱ្យ «លេងល្បែង» លើសំណើឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer មុនកិច្ចប្រជុំកំពូលសំខាន់របស់មេដឹកនាំអឺរ៉ុប។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោកKeir Starmer

លោក Starmer ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៅថ្ងៃសៅរ៍នៃ «សម្ព័ន្ធមិត្តអ្នកស្ម័គ្រចិត្ត» ដែលជាក្រុមប្រទេសលោកខាងលិចដែលបានប្តេជ្ញាជួយការពារអ៊ុយក្រែនពីការឈ្លានពានរបស់រុស្ស៊ី ខណៈការគាំទ្រពីវ៉ាស៊ីនតោនកំពុងថយចុះនិងមិនប្រាកដប្រជា។

លោក Marco Rubio៖ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មីរបស់លោក ត្រាំ(រាប់ពីឆ្វេង)

បន្ទាប់ពីក្រុងគីវបានទទួលយកលក្ខខណ្ឌនៃសំណើឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅអ៊ុយក្រែន ដែលគាំទ្រដោយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នាសប្តាហ៍នេះ ការឆ្លើយតបរបស់ក្រុងម៉ូស្គូមានលក្ខណៈស្រពិចស្រពិល ដោយលោក ពូទីន បាននិយាយថា «យើងយល់ព្រមជាមួយសំណើនេះ» ប៉ុន្តែក៏និយាយដែរថា កិច្ចព្រមព្រៀងនេះ «មិនទាន់ពេញលេញ»។

មុនកិច្ចប្រជុំកំពូលតាមអ៊ីនធើណិតនៅថ្ងៃសៅរ៍ លោក Starmer បានចោទប្រកាន់លោក ពូទីន ថា «កំពុងព្យាយាមពន្យារពេល» កិច្ចព្រមព្រៀងឈប់បាញ់ ដោយបាននិយាយថា «ពិភពលោកត្រូវការឃើញសកម្មភាព មិនមែនការសិក្សា ឬពាក្យទទេ និងលក្ខខណ្ឌឥតប្រយោជន៍ឡើយ។»

«យើងមិនអាចអនុញ្ញាតឱ្យប្រធានាធិបតី ពូទីន លេងល្បែងជាមួយកិច្ចព្រមព្រៀងរបស់ប្រធានាធិបតី ត្រាំ បានទេ។ ការមិនគោរពទាំងស្រុងរបស់ក្រឹមឡាំងចំពោះសំណើឈប់បាញ់របស់ប្រធានាធិបតី ត្រាំ បង្ហាញ តែថាពូទីន មិនពិតប្រាកដក្នុងការចង់បានសន្តិភាពទេ» លោកបាននិយាយ។

លោក Starmer រំពឹងថានឹងជំរុញសម្ព័ន្ធមិត្តអឺរ៉ុបនិងណាតូក្នុងអំឡុងកិច្ចពិភាក្សានៅថ្ងៃសៅរ៍ ឱ្យ «បង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី» និង «បង្ខំ» លោក ពូទីន ឱ្យចូលក្នុងការចរចា នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស។

ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី ត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំនៃ «សម្ព័ន្ធមិត្តអ្នកស្ម័គ្រចិត្ត» ដែលជាពាក្យទូទៅដែលលោក Starmer បានប្រើសម្រាប់ប្រទេសនានាដែលចង់ការពារកិច្ចព្រមព្រៀងនៅក្នុងអ៊ុយក្រែន និងធានាសន្តិភាពបន្ទាប់ពីសង្គ្រាមរយៈពេលបីឆ្នាំ។
សម្ព័ន្ធមិត្តនេះមានប្រទេសចំនួន ២៥ រួមមានប្រទេសនានាក្នុងអឺរ៉ុប គណៈកម្មការសហភាពអឺរ៉ុប អង្គការណាតូ កាណាដា អ៊ុយក្រែន អូស្ត្រាលី និងនូវែលហ្សេឡង់។

លោក Starmer នឹងអំពាវនាវសម្ព័ន្ធមិត្តឱ្យ «ត្រៀមខ្លួនគាំទ្រសន្តិភាពដ៏យុត្តិធម៌និងឋិតថេរនៅអ៊ុយក្រែនក្នុងរយៈពេលយូរអង្វែង និងបន្តបង្កើនការគាំទ្រយោធារបស់យើងដល់អ៊ុយក្រែនដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីដែលកើនឡើង» នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស។

ដើម្បីសម្រេចបាននូវគោលបំណងនេះ ប្រទេសអឺរ៉ុបត្រូវតែ «រួចរាល់ក្នុងការត្រួតពិនិត្យការឈប់បាញ់ដើម្បីធានា» ថាសន្តិភាពនៅតែមាន នេះបើតាមលោក Starmer។

ទោះបីជាអឺរ៉ុបបានបង្ហាញសាមគ្គីភាពគួរឱ្យកត់សម្គាល់ក្នុងចំណោមការប៉ះទង្គិចនានាដែលរដ្ឋបាលលោក ត្រាំ បានធ្វើចំពោះសម្ព័ន្ធមិត្តឆ្លងកាត់អាត្លង់ទិកក៏ដោយ ក៏នៅតែមានការបែងចែកដ៏សំខាន់ លើថាតើប្រទេសអឺរ៉ុបនីមួយៗមានឆន្ទៈដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែនដើម្បីរក្សាសន្តិភាពឬអត់។

លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកទទួលបាន «ដំណឹងល្អគួរសម» អំពីសក្តានុពលនៃការឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន ដោយមិនបានពន្យល់បន្ថែម ហើយថារដ្ឋបាលរបស់លោកមាន «ការហៅទូរសព្ទយ៉ាងល្អ» ជាមួយប្រទេសទាំងពីរកាលពីព្រឹកនោះ។

ក្នុងការប្រកាសដាច់ដោយឡែកមួយនៅលើបណ្តាញ Truth Social លោក ត្រាំ បានថ្លែងថា «មានឱកាសល្អណាស់ដែលសង្គ្រាមគ្រោះថ្នាក់និងឈាមជូរចត់នេះអាចបញ្ចប់បានជាចុងក្រោយ។»

លោកបាននិយាយក្នុងបទសម្ភាសន៍ដែលបានថតកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលរបស់លោកនឹងដឹង «បន្តិចបន្តួចបន្ថែមទៀតនៅថ្ងៃចន្ទ» អំពីសំណើរឈប់បាញ់បណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក។

លោក ពូទីន បានជួបជាមួយអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិក Steve Witkoff កាលពីថ្ងៃព្រហស្បតិ៍នៅក្រុងម៉ូស្គូ ដែលជាទស្សនកិច្ចមួយដែលរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Marco Rubio បាននិយាយថាផ្តល់ «ហេតុផលដើម្បីមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន»។

ដោយក្រុងគីវកំពុងបាត់បង់ការគ្រប់គ្រងតំបន់ Kursk ប្រទេសរុស្ស៊ីខាងលិច ដែលជាប្រអប់ចរចាទឹកដីតែមួយគត់របស់ពួកគេ មនុស្សជាច្រើនជឿថា លោក ពូទីន អាចនឹងពន្យារពេលការពិភាក្សាលើសំណើឈប់បាញ់រហូតដល់តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីយ៉ាងរឹងមាំឡើងវិញ។
ក្នុងពេលដំណាលគ្នានោះ ការវាយប្រហារតាមអាកាសនៅតែបន្ត។

រុស្ស៊ីបានបាញ់ដ្រូន ១៧៨ គ្រឿង និងមីស៊ីលបាលីស្ទិក ២ គ្រឿងទៅកាន់អ៊ុយក្រែននៅពេលយប់ ដែលសម្លាប់មនុស្សយ៉ាងតិច ២ នាក់ និងរបួស ៤៤ នាក់ នេះបើតាមការអះអាងរបស់មន្ត្រីអ៊ុយក្រែន។ អ្នកទាំងពីរត្រូវបានសម្លាប់នៅតំបន់ Kherson នេះបើតាមប្រធានរដ្ឋបាលយោធារបស់តំបន់នោះថ្លែង បន្ទាប់ពីរុស្ស៊ីបានគប់គោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងអគារលំនៅដ្ឋាន ដែលបណ្តាលឱ្យអគារខ្ពស់ៗចំនួន ៧ និងផ្ទះចំនួន ២៧ ខ្ទេចខ្ទាំ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការការពារតាមអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន ១២៦ នៅពេលយប់ ដោយមិនបាននិយាយថាមានដ្រូនប៉ុន្មានគ្រឿងដែលបានគេចផុតពីការការពាររបស់ខ្លួនឡើយ៕
ប្រភព៖ CNN