អន្តរជាតិ

រឿងសំខាន់ៗដែលត្រូវដឹងពីការបញ្ចេញមតិរបស់លោកដូណាល់ ត្រាំ នៅក្រសួងយុត្តិធម៌អាមេរិក

ប្រែសម្រួលៈ ស-សម្បត្តិ

ប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងទៅលើព្រះរាជអាជ្ញានៃក្រសួងយុត្តិធម៌ដែលបានស៊ើបអង្កេតលើរូបលោក ហើយបានសន្យាថានឹងប្រើប្រាស់ក្រសួងនេះដើម្បីកំណត់គោលដៅទៅលើសត្រូវរបស់លោក ក្នុងសុន្ទរកថាមួយដែលមានលក្ខណៈដូចយុទ្ធនាការបោះឆ្នោត នៅក្នុងសាលប្រវត្តិសាស្ត្រនៃក្រសួងនេះកាលពីថ្ងៃសុក្រ។

សុន្ទរកថាដែលមានរយៈពេលមួយម៉ោងនេះ បម្រើជាទាំងការអបអរជ័យជម្នះលើសំណុំរឿងព្រហ្មទណ្ឌសហព័ន្ធពីរដែលរដ្ឋបាលបៃដិនបានប្ដឹងប្រឆាំងនឹងលោក និងជាការថ្កោលទោសចំពោះមន្ត្រីណាដែលបានពាក់ព័ន្ធនឹងករណីទាំងនោះ ដែលមួយចំនួនត្រូវបានបណ្ដេញចេញពីក្រសួងយុត្តិធម៌។

លោកត្រាំគឺខុសពីរបៀបដែលប្រធានាធិបតីមុនៗបានទាក់ទងជាមួយក្រសួងយុត្តិធម៌។ សេតវិមានកាលពីពេលមុន ជាទូទៅបានកំណត់ការទំនាក់ទំនងជាមួយក្រសួង ដើម្បីកុំឱ្យការងាររបស់ក្រសួងបង្ហាញថាមានលក្ខណៈនយោបាយ។ ទោះយ៉ាងណាក៏ដោយ លោកត្រាំ កាលពីថ្ងៃសុក្រ បានប្រកាសខ្លួនឯងថាជា “មន្ត្រីអនុវត្តច្បាប់កំពូលនៅក្នុងប្រទេសរបស់យើង” ជាពាក្យដែលជាទូទៅត្រូវបានប្រើដើម្បីសំដៅទៅលើអគ្គព្រះរាជអាជ្ញា។

ខណៈពេលដែលប្រធានាធិបតីមុនៗធ្លាប់ថ្លែងសុន្ទរកថាស្ដីពីកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ និងគោលនយោបាយពាក់ព័ន្ធនៅក្រសួងយុត្តិធម៌ ការបញ្ចេញមតិជាសាធារណៈរបស់លោកត្រាំគឺមិនធ្លាប់មានពីមុនមកទេ។ លោកបានឆ្លៀតឱកាសរិះគន់តុលាការ លើកឡើងប្រឆាំងទាំងសត្រូវនយោបាយរបស់លោក និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងគំរាមថានឹងសងសឹក។

មុនពេលចាកចេញពីវេទិកា លោកត្រាំបាននិយាយថា លោកមានចម្ងល់អំពីការបង្ហាញខ្លួននៅក្រសួងយុត្តិធម៌។ “ខ្ញុំបាននិយាយថា តើវាសមរម្យទេដែលខ្ញុំធ្វើវា?” ប្រធានាធិបតីបានរៀបរាប់ “ហើយបន្ទាប់មកខ្ញុំបានដឹងថាវាមិនត្រឹមតែសមរម្យប៉ុណ្ណោះទេ ខ្ញុំគិតថាវាពិតជាសំខាន់ណាស់ ហើយខ្ញុំប្រហែលជាមិនធ្វើវាម្តងទៀតទេ។” នេះគឺជាចំណុចសំខាន់ៗពីសុន្ទរកថារបស់លោកត្រាំ៖

  • ការរិះគន់យ៉ាងខ្លាំងទៅលើសត្រូវនិងប្រព័ន្ធផ្សព្វផ្សាយ

នៅពេលលោកត្រាំឡើងទៅកាន់វេទិកាភ្លាម លោកបានចាប់ផ្តើមវាយប្រហារទៅលើមន្ត្រីសម័យបៃដិន ដោយសារតែពួកគេបានប្រព្រឹត្ត តាមទស្សនៈរបស់លោក ក្នុងលក្ខណៈផ្អែកលើគណបក្សនិងពុករលួយ ហើយបានសន្យាថានឹងបណ្តេញ “តួអង្គចោរនិងកម្លាំងពុករលួយ” ចេញពីរដ្ឋាភិបាល។

“យើងនឹងបង្ហាញ និងបង្ហាញឱ្យខ្លាំង នូវឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងការប្រព្រឹត្តដ៏អាក្រក់របស់ពួកគេ ដែលមានកម្រិតមួយដែលអ្នកមិនដែលឃើញអ្វីដូចនេះទេ” លោកត្រាំបាននិយាយ។

ប្រធានាធិបតីបានសន្យា “ការទទួលខុសត្រូវទាំងស្រុង” ចំពោះ “កំហុស និងការរំលោភបំពាន” រួមទាំងការស៊ើបអង្កេតពីរករណីដោយមេធាវីពិសេសប្រឆាំងនឹងលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើការងាររបស់យុទ្ធនាការរបស់លោកជាមួយរុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ និងការព្យាយាមជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ ២០២០ និងការគ្រប់គ្រងឯកសារសម្ងាត់ដោយខុសច្បាប់។

លោកបានបន្ថែមជាពិសេសថា លោកជឿថាក្រសួងយុត្តិធម៌ “បានបៀតបៀនគ្រួសាររបស់ខ្ញុំ បុគ្គលិក និងអ្នកគាំទ្រ ឆ្មក់ចូលផ្ទះរបស់ខ្ញុំ គឺ Mar-a-Lago។” (ការឆែកឆេរនៅដំណាក់ក្នុងរដ្ឋហ្វ្លូរីដារបស់លោកត្រាំត្រូវបានធ្វើឡើងដោយយោងតាមដីកាឆែកឆេរ។)

ប្រធានាធិបតីមិនបានកំណត់កំហឹងរបស់លោកត្រឹមតែទៅលើមន្ត្រីពីរដ្ឋបាលមុនប៉ុណ្ណោះទេ លោកក៏បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយផងដែរ ដោយទោះបីចង្អុលទៅអ្នកកាសែតដែលអង្គុយក្នុងបន្ទប់។ លោកត្រាំបានលើកឡើងថារបៀបដែលប្រព័ន្ធផ្សព្វផ្សាយពណ៌នាអំពីការបោះឆ្នោតអាចជា “ខុសច្បាប់”។

  • ការសរសើរយ៉ាងខ្លាំងចំពោះមេធាវីនិងសម្ព័ន្ធមិត្តនយោបាយរបស់លោក

លោកត្រាំក៏បានប្រើពេលវេលារបស់លោកដើម្បីអបអរសម្ព័ន្ធមិត្តរបស់លោកដែលបានជាប់ពាក់ព័ន្ធក្នុងបញ្ហាផ្លូវច្បាប់ផ្សេងៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងអ្នកបង្កចលាចលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ នៅវិមានសភាសហរដ្ឋអាមេរិក។

មានបុគ្គលិកអាជីពចំនួនតិចតួចនៅក្នុងចំណោមអ្នកចូលរួម ដែលភាគច្រើនមកពីអ្នកគាំទ្រនយោបាយ រួមទាំងអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក Mike Flynn ដែលត្រូវបានចោទប្រកាន់ដោយក្រសួងយុត្តិធម៌ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក និងអគ្គព្រះរាជអាជ្ញារដ្ឋតិចសាស ​​លោក Ken Paxton ដែលក៏ត្រូវបានស៊ើបអង្កេតដោយក្រសួងយុត្តិធម៌ដែរ ប៉ុន្តែមិនដែលត្រូវបានចោទប្រកាន់ទេ។

“មានបុរសម្នាក់ដែលបានឆ្លងកាត់ស្ថាននរក ដោយរបៀបណាមួយ ហើយគាត់មិនគួរទេ។ វាគឺថា គាត់ជាជនជាតិស្នេហាជាតិ។ គាត់បានឆ្លងកាត់ស្ថានុនរក” លោកត្រាំនិយាយអំពីលោក Flynn។

ប្រធានាធិបតីក៏បានផ្តល់ការសរសើរយ៉ាងខ្លាំងដល់លោក Todd Blanche និងលោក Emil Bove ដែលជាមេធាវីពីររូបដែលតំណាងឱ្យលោកក្នុងករណីព្រហ្មទណ្ឌមួយចំនួនរបស់លោក រួមទាំងបញ្ហាឯកសារសម្ងាត់ និងត្រូវបានផ្តល់រង្វាន់ជាមួយតំណែងកំពូលនៅក្រសួងយុត្តិធម៌។

“អ្នកទាំងនេះមិនដែលរញ៉េរញ៉ៃទេ” លោកបាននិយាយ។ “ពួកគេមិនខ្មាសអៀនទេ។ ពួកគេបានតស៊ូ។ ពួកគេមិនខ្លាចទេ។ ហើយពួកគេឆ្លាត — អនុប្រធានរដ្ឋអាជ្ញា Todd Blanche និងសហការីរដ្ឋអាជ្ញា (ទូទៅ) Emil Bove។” “សូមអរគុណទាំងពីរនាក់” លោកត្រាំបាននិយាយ។ “ពួកគេជាមនុស្សល្អ។”

ប៉ុន្តែសាររបស់លោកគឺច្បាស់ជាទូទៅ៖ “មានមោទនភាពចំពោះមនុស្សនៅក្នុងបន្ទប់នេះ ប៉ុន្តែដំបូង យើងត្រូវតែស្មោះត្រង់អំពីការកុហក និងការរំលោភបំពានដែលបានកើតឡើងនៅក្នុងជញ្ជាំងទាំងនេះ” លោកត្រាំអះអាង។ “គួរឱ្យសោកស្ដាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមក្តាប់យកអំណាចដ៏ពុករលួយមួយក្រុមនិងពួកជ្រុលនិយមនៅក្នុងជួររដ្ឋាភិបាលអាមេរិកបានបំផ្លាញការជឿទុកចិត្ត និងឆន្ទៈល្អដែលបានបង្កើតឡើងអស់រយៈពេលច្រើនជំនាន់។”

  • ការសរសើរដល់ចៅក្រម Aileen Cannon

ពេលដែលលោកកំពុងតែប្រឆាំងនឹងក្រសួងយុត្តិធម៌សម័យបៃដិន លោកត្រាំបានចំណាយពេលយ៉ាងច្រើនក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោក ដើម្បីសរសើរយ៉ាងខ្លាំងចំពោះចៅក្រមសហព័ន្ធនៅរដ្ឋហ្វ្លូរីដាដែលបានទម្លាក់ចោលករណីឯកសារសម្ងាត់នាពេលរដូវក្ដៅកន្លងទៅ ក៏ដូចជាមេធាវីដែលតំណាងឱ្យលោកក្នុងករណីផ្សេងៗដែលលោកជាចុងចោទ។

“យើងមានចៅក្រមអស្ចារ្យម្នាក់នៅរដ្ឋហ្វ្លូរីដា ហើយឈ្មោះរបស់គាត់គឺ Aileen Cannon” លោកត្រាំបាននិយាយ។ លោកបានបន្តអះអាងថា លោកមិនស្គាល់គាត់ និងមិនដែលនិយាយជាមួយគាត់ទេ។ (Cannon បាននិយាយដូចគ្នាដែរ។)

“ខ្ញុំបានតែងតាំងគាត់” លោកត្រាំបាននិយាយ។ លោកបានជំទាស់ចំពោះ “មេធាវីទំនាក់ទំនងសាធារណៈ” ដែលមិនបានបញ្ចេញឈ្មោះ ដែលបានរិះគន់ការដោះស្រាយករណីប្រវត្តិសាស្ត្ររបស់ Cannon។ “ពួកគេបាននិយាយថាគាត់យឺត គាត់មិនឆ្លាត គាត់មានភាពលំអៀងទាំងស្រុង គាត់ស្រលាញ់ត្រាំ។”

Cannon ដែលលោកត្រាំបានតែងតាំងនៅតំបន់ខាងត្បូងនៃរដ្ឋហ្វ្លូរីដាក្នុងឆ្នាំ ២០២០ បានទម្លាក់ចោលសំណុំរឿងឯកសារសម្ងាត់កាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីសន្និដ្ឋានថាការតែងតាំងមេធាវីពិសេស Jack Smith បានរំលោភលើរដ្ឋធម្មនុញ្ញ ជាសេចក្តីសម្រេចមួយដែលប្រឆាំងនឹងចៅក្រមសហព័ន្ធផ្សេងទៀត។ គាត់មិនបានសម្រេចថាតើការច្ចើរឯកសារសម្ងាត់ដែលត្រូវបានចោទប្រកាន់របស់លោកត្រាំត្រឹមត្រូវឬអត់ទេ។

“ករណីប្រឆាំងនឹងខ្ញុំគឺជារឿងសំបកចេក ហើយគាត់បានទម្លាក់ចោលត្រឹមត្រូវ” លោកត្រាំបាននិយាយកាលពីថ្ងៃសុក្រ សរសើរក្នុងសាលធំ បន្ថែមទៀតថា លោកជឿថាការរិះគន់តុលាការគួរតែជាឧក្រិដ្ឋកម្ម។ “វាត្រូវតែបញ្ឈប់ វាត្រូវតែជាអំពើខុសច្បាប់ ការជះឥទ្ធិពលលើចៅក្រម។”

ការប្តឹងសារទុក្ខរបស់ Smith ពីសេចក្តីសម្រេចរបស់ Cannon កំពុងរង់ចាំនៅពេលដែលលោកត្រាំត្រូវបានជាប់ឆ្នោតឡើងវិញ ហើយមេធាវីពិសេសនេះក្រោយមកបានស្នើសុំទម្លាក់ចោលបណ្តឹងឧទ្ធរណ៍ដែលទាក់ទងនឹងលោកត្រាំ បន្ទាប់ពីជ័យជម្នះរបស់លោកនៅខែវិច្ឆិកា។

  • ការផ្តោតលើការអនុវត្តគ្រឿងញៀន

ជាប់នឹងលោកត្រាំនៅក្នុងសាលធំរបស់ក្រសួងយុត្តិធម៌ មានសម្ភារបង្ហាញដែលមានរាយបញ្ជីថាជាគ្រឿងញៀនក្លែងក្លាយ fentanyl ១៨០ គីឡូក្រាម ស្ថិតនៅក្រោមប្រអប់មួយដែលបានសរសេរជាអក្សរធំៗថា “ភស្តុតាង DEA”។

ប្រធានាធិបតីបានដោះស្រាយអាទិភាពមួយរបស់អគ្គព្រះរាជអាជ្ញា Pam Bondi — ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ជាពិសេសគ្រឿងញៀន fentanyl។

“ក្រសួងនេះនឹងមិនសម្រាកទេរហូតដល់យើងបានបញ្ចប់ការរាតត្បាតនៃគ្រឿងញៀន fentanyl នៅក្នុងប្រទេសអាមេរិកម្តងជាស្ថាពរ” លោកត្រាំបាននិយាយ។ “រយៈពេលតិចជាងពីរខែចាប់តាំងពីខ្ញុំចូលកាន់តំណែង DEA និង FBI បានរឹបអូសគ្រឿងញៀន fentanyl ដែលអាចបណ្តាលឱ្យស្លាប់ជាង ១ លាន ហើយនោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។”

Fentanyl បានក្លាយជាគ្រឿងញៀនទូទៅបំផុតដែលពាក់ព័ន្ធនឹងការស្លាប់ដោយលើសកម្រិតនៅសហរដ្ឋអាមេរិក ជំរុញអ្វីដែលមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានកំណត់ថាជា “រលកទឹកជំនន់ទីបី” នៃការរាតត្បាតនៃការលើសកម្រិតគ្រឿងញៀន opioid។

លោកត្រាំក៏បានគំរាមថានឹងសងសឹកប្រទេសមិកស៊ិកូ ប្រសិនបើប្រទេសនេះមិនកាត់បន្ថយការជួញដូរគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាមេរិកទេ។

គ្រឿងញៀននេះជាញឹកញាប់សម្លាប់មនុស្សដែលមិនដឹងថាគ្រឿងញៀនដែលពួកគេកំពុងលេបមានលាយជាមួយវា។ ដើម្បីបង្ហាញពីចំណុចនោះ លោកត្រាំបាននាំម្តាយម្នាក់ឡើងទៅលើវេទិកាដែលកូនប្រុសរបស់នាងបានស្លាប់ដោយការលើសកម្រិតដោយគ្រោះថ្នាក់នៅឆ្នាំ ២០២២។

“ខ្ញុំចង់ឱ្យអ្នកដឹងថា យើងកំពុងធ្វើការជារៀងរាល់ថ្ងៃដើម្បីបណ្តេញពួកសាហាវទាំងនេះចេញពីប្រទេសរបស់យើង និងធានាថាអ្វីដែលបានកើតឡើងចំពោះសាច់ញាតិរបស់អ្នកនឹងមិនកើតឡើងម្តងទៀតទេ ដូច្នេះកេរដំណែលរបស់ពួកគេនឹងក្លាយជាកេរដំណែលដ៏អស្ចារ្យមួយ” លោកត្រាំបាននិយាយ។

ដើម្បីបញ្ជាក់ពីលក្ខណៈដូចយុទ្ធនាការបោះឆ្នោតនៃព្រឹត្តិការណ៍នេះ នៅពេលសុន្ទរកថាមួយម៉ោងបានបញ្ចប់ ចម្រៀង “YMCA” ដែលជាធម្មតាត្រូវបានលេងនៅចុងបញ្ចប់នៃការប្រមូលផ្តុំគាំទ្រលោកត្រាំ បានលាន់ឮចេញពីឧបករណ៍បំពងសំឡេងរបស់ក្រសួងយុត្តិធម៌៕

ប្រភព៖ CNN