បច្ចេកវិទ្យា

បេសកកម្មកងអវកាស Crew-10 របស់ SpaceX បានហោះហើរ ដោយបើកផ្លូវឱ្យអវកាសយានិក Wilmore និង Williams របស់ NASA អាចបានវិលត្រឡប់ចុះមកផែនដីវិញ

ប្រែសម្រួល៖ សហការី

SpaceX បានបញ្ជូនក្រុមអវកាសយានិកមួយក្រុមដែលនឹងទទួលភារកិច្ចនៅស្ថានីយអវកាសអន្តរជាតិពីអវកាសយានិក Suni Williams និង Butch Wilmore របស់ NASA ដែលអនុញ្ញាតឱ្យពួកគេអាចត្រឡប់មកផែនដីវិញបន្ទាប់ពីការធ្វើដំណើររយៈពេលតែប៉ុន្មានថ្ងៃសោះបានក្លាយជាការស្នាក់នៅរយៈពេល៩ខែដែលពោរពេញដោយបញ្ហានយោបាយ។

បេសកកម្ម Crew-10 ដែលជាផ្នែកមួយនៃការប្តូរវេនបុគ្គលិកជាទៀងទាត់ដែលដំណើរការរួមគ្នាដោយ NASA និង SpaceX បានចាប់ផ្តើមនៅម៉ោង ៧:០៣ ល្ងាចថ្ងៃសុក្រ ពីមជ្ឈមណ្ឌលអវកាស Kennedy រដ្ឋ Florida។

យានអវកាស Dragon របស់ SpaceX ដែលជិះនៅលើកំពូលរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុននេះ បានដឹកជញ្ជូនអវកាសយានិក Crew-10 ទាំងបួននាក់ គឺ Anne McClain និង Nichole Ayers របស់ NASA, Takuya Onishi របស់ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន និងអវកាសយានិក Kirill Peskov របស់ Roscosmos ទៅកាន់គន្លងអវកាស។

សមាជិកក្រុមអវកាសយានិកទាំងបួននាក់ត្រូវបានរំពឹងថានឹងភ្ជាប់ជាមួយស្ថានីយអវកាសប្រហែលម៉ោង ១១:៣០ យប់ថ្ងៃសៅរ៍។ ពួកគេនឹងចំណាយពេលប៉ុន្មានថ្ងៃក្នុងអំឡុងពេល “ប្រគល់ភារកិច្ច” ជាមួយ Williams, Wilmore និងអវកាសយានិក Crew-9 ផ្សេងទៀត គឺ Nick Hague របស់ NASA និង Aleksandr Gorbunov របស់ Roscosmos។

យានអវកាស Dragon របស់ក្រុម Crew-9 បានចូលចតនៅស្ថានីយអវកាសតាំងពីខែកញ្ញាមក។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ Williams, Wilmore, Hague និង Gorbunov នឹងឡើងជិះយានអវកាស Crew-9 និងធ្វើដំណើរត្រឡប់មកផែនដីវិញនៅថ្ងៃទី១៩ ខែមីនា។

NASA បានគ្រោងឱ្យ Williams, Wilmore និងអវកាសយានិក Crew-9 ផ្សេងទៀតត្រឡប់មកវិញឱ្យបានឆាប់បំផុតនៅថ្ងៃអាទិត្យ។ ទោះយ៉ាងណាក៏ដោយ ការចាកចេញរបស់ពួកគេអាស្រ័យលើការមកដល់ដោយសុវត្ថិភាពនៃក្រុមជំនួស ហើយ SpaceX បានលុបចោលការប៉ុនប៉ងបញ្ជូនបេសកកម្ម Crew-10 កាលពីថ្ងៃពុធ ដោយសារបញ្ហាជាមួយប្រព័ន្ធមូលដ្ឋាននៅទីតាំងបញ្ជូនយានអវកាសរបស់ក្រុមហ៊ុន៕