ដោយ : បន្ទាយ

បន្ទាយមានជ័យ: នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោកវរសេនីយទោ អ៊ុយ អ៊ូ ស្នងការរង លោកវរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរការពារព្រំដែនគោក៨៩១ លោក សឿម សាអ៊ីម ព្រមទាំងក្រុមការងារគណៈទ្រទ្រង់វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់សម្រាប់ប្រើប្រាស់ និងហូប ចំនួន ៥៨ នាក់ ។
អំណោយ រួមមាន៖
១-ថវិកា ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)
២-ទឹកក្រូច ចំនួន ១៤ យួរ
៣-មីកំប៉ុងចំនួន ៦កេសធំ
៤-នំកញ្ចប់ ១១០កញ្ចប់
៥-នុំប័ង ចំនួន ៩០ដើម ទៅប្រគល់ជូនគណៈគ្រប់គ្រងមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ដែលមើលថែទាំកុមារ នៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីលោកអភិសន្តិបណ្ឌិត និងលោកជំទាវ ដោយក្តីនឹករលឹកជូនចំពោះ កុមារតូចៗ រួមទាំងគណៈគ្រប់គ្រងនិងសូមក្មួយៗថែសុខភាព និងរស់នៅស្អាត អនាម័យល្អ ហូបស្អាត និងត្រូវខិតខំរៀនសូត្រស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាមិត្តល្អ កូនល្អ សិស្សល្អ ពលរដ្ឋល្អ និងក្លាយជាសសរទ្រូងសម្រាប់សង្គមជាតិទាំងមូល ហើយគោលបំណងរបស់ម្ចាស់អំណោយគឺការផ្តល់នូវក្តីស្រឡាញ់ ភាពកក់ក្តៅ ផ្តល់នូវការយកចិត្តទុកដាក់ ការអាណិតអាសូរ ដល់កូនៗ ក្មួយៗដែលជាកុមារកំព្រាឲ្យមានទីពឹងនិងក្តីសង្ឃឹមក្នុងជីវិតឡើងវិញ ៕
