ប្រែសម្រួល៖ ស-សម្បត្តិ

ទីក្រុងឡាអេ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានឲ្យដឹងថា ការបង្ហាញខ្លួនលើកដំបូងរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបានកំណត់នៅថ្ងៃសុក្រ (ថ្ងៃទី១៤ ខែមីនា) ខណៈដែលអតីតប្រធានាធិបតីហ្វីលីពីនប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏ឃោរឃៅរបស់លោក។
“តុលាការយល់ឃើញថាសមរម្យសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់លោក ឌូតឺតេ ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅម៉ោង ២ រសៀល (ម៉ោង ៩ យប់ ម៉ោងសិង្ហបុរី)” តុលាការបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃព្រហស្បតិ៍។
អតីតប្រធានាធិបតីវ័យ ៧៩ ឆ្នាំរូបនេះនឹងបង្ហាញខ្លួននៅចំពោះមុខចៅក្រមសម្រាប់សវនាការដែលគាត់នឹងត្រូវបានជម្រាបជូនអំពីបទឧក្រិដ្ឋដែលគាត់ត្រូវបានចោទប្រកាន់ ក៏ដូចជាសិទ្ធិរបស់គាត់ក្នុងនាមជាជនជាប់ចោទ។
លោក ឌូតឺតេ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃការឃាតកម្ម ចំពោះយុទ្ធនាការប្រឆាំងអ្នកប្រើប្រាស់និងអ្នកជួញដូរគ្រឿងញៀនរយៈពេលច្រើនឆ្នាំ ដែលក្រុមសិទ្ធិមនុស្សបាននិយាយថាបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
នៅពេលចុះចតនៅទីក្រុងឡាអេ អតីតមេដឹកនាំទំនងជាទទួលយកការទទួលខុសត្រូវចំពោះសកម្មភាពរបស់គាត់ ដោយបាននិយាយក្នុងវីដេអូហ្វេសប៊ុកថា៖ “ខ្ញុំបាននិយាយទៅកាន់ប៉ូលិស យោធា ថាវាជាការងាររបស់ខ្ញុំ ហើយខ្ញុំទទួលខុសត្រូវ”។
ការចាប់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ឌូតឺតេ នៅក្នុងទីក្រុងម៉ានីល បានកើតឡើងក្នុងបរិបទនៃការធ្លាក់ចុះយ៉ាងខ្លាំងនៃទំនាក់ទំនងរវាងគ្រួសាររបស់គាត់និងគ្រួសារម៉ាកូស ដែលពីមុនបានរួមកម្លាំងគ្នាដើម្បីដឹកនាំប្រទេសហ្វីលីពីន។
ប្រធានាធិបតីបច្ចុប្បន្ន ហ្វឺឌីណាន់ ម៉ាកូស និងអនុប្រធានាធិបតី សារ៉ា ឌូតឺតេ – ដែលជាកូនស្រីរបស់លោក រ៉ូឌ្រីហ្គោ – កំពុងមានជម្លោះគ្នា ដោយសារ៉ាកំពុងប្រឈមនឹងការកាត់ទោសក្នុងបទដកហូតសិទ្ធិ ចំពោះការចោទប្រកាន់ជាច្រើន រួមទាំងការរៀបចំផែនការឃាតកម្មប្រឆាំងលោក ម៉ាកូស ផងដែរ។
សារ៉ា ឌូតឺតេ កំពុងស្ថិតនៅក្នុងប្រទេសហូឡង់ដើម្បីគាំទ្រឪពុករបស់នាង បន្ទាប់ពីបានហៅការចាប់ខ្លួនគាត់ថាជា “ការគាបសង្កត់និងការធ្វើទុក្ខបុកម្នេញ” ខណៈដែលគ្រួសារឌូតឺតេបានស្វែងរកដីកាបង្គាប់បន្ទាន់ពីតុលាការកំពូលដើម្បីបញ្ឈប់ការផ្ទេរគាត់។
ប៉ុន្តែ ជនរងគ្រោះនៃ “សង្គ្រាមប្រឆាំងគ្រឿងញៀន” សង្ឃឹមថាលោក ឌូតឺតេ នឹងទទួលបានយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់របស់គាត់។
លោក ហ្គីលបឺត អង់ដ្រេស មេធាវីតំណាងជនរងគ្រោះនៃសង្គ្រាមប្រឆាំងគ្រឿងញៀន បានប្រាប់ AFP ថា៖ “អតិថិជនរបស់ខ្ញុំសូមអរគុណព្រះយ៉ាងខ្លាំង ព្រោះការអធិស្ឋានរបស់ពួកគេត្រូវបានឆ្លើយតប”។
“ការចាប់ខ្លួនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ គឺជាសញ្ញាដ៏អស្ចារ្យសម្រាប់យុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។ វាមានន័យថាគ្មាននរណាម្នាក់នៅលើច្បាប់នោះទេ” លោក អង់ដ្រេស បានបន្ថែម។
ក្រុមសមាជិកគ្រួសារ មេធាវី និងសកម្មជនសិទ្ធិមនុស្ស នឹងជួបជុំគ្នានៅទីក្រុងម៉ានីលនៅយប់ថ្ងៃសុក្រដើម្បីមើលការផ្សាយផ្ទាល់នៃសវនាការ ICC តាមរយៈអ្នករៀបចំគឺអង្គការ Rise Up និងបណ្តាញយុទ្ធនាការទាមទារការទទួលខុសត្រូវពីលោក ឌូតឺតេ។
- “សន្មតជាមុនថាគ្មានទោស”
សំណុំរឿងដ៏លេចធ្លោរបស់លោក ឌូតឺតេ បានកើតឡើងនៅពេលដ៏សំខាន់សម្រាប់តុលាការ ICC ខណៈពេលដែលតុលាការកំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំងពីគ្រប់ភាគី រួមទាំងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរ។
កាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើតុលាការនេះ ពាក់ព័ន្ធនឹងអ្វីដែលលោកហៅថា “សកម្មភាពខុសច្បាប់និងគ្មានមូលដ្ឋានដែលកំណត់គោលដៅអាមេរិកនិងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់យើង គឺអ៊ីស្រាអែល”។
តុលាការ ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិ យ៉ូអាវ ហ្គាឡង់ ពីបទចោទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំឡុងសង្គ្រាមនៅហ្គាហ្សា។
អគ្គព្រះរាជអាជ្ញា ការីម ខាន បានស្វាគមន៍ការចាប់ខ្លួនលោក ឌូតឺតេ ថាជាពេលវេលាសំខាន់មួយសម្រាប់ជនរងគ្រោះនិងយុត្តិធម៌អន្តរជាតិទាំងមូល។
“មនុស្សជាច្រើននិយាយថា ច្បាប់អន្តរជាតិមិនរឹងមាំដូចអ្វីដែលយើងចង់បានទេ ហើយខ្ញុំយល់ស្របនឹងរឿងនោះ។ ប៉ុន្តែដូចខ្ញុំបានសង្កត់ធ្ងន់ជាបន្តបន្ទាប់ ច្បាប់អន្តរជាតិក៏មិនខ្សោយដូចអ្វីដែលអ្នកខ្លះគិតដែរ” លោក ខាន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីលោក ឌូតឺតេ បានមកដល់ក្រោមការឃុំខ្លួនរបស់ ICC។
“នៅពេលយើងរួបរួមគ្នា […] នៅពេលយើងកសាងភាពជាដៃគូ នីតិរដ្ឋអាចមានជ័យជម្នះ។ ដីកាអាចត្រូវបានអនុវត្ត” លោកបានបន្ថែម។
នៅក្នុងសវនាការដំបូង ជនសង្ស័យអាចស្នើសុំការដោះលែងបណ្តោះអាសន្នរង់ចាំការជំនុំជម្រះ យោងតាមវិធានរបស់ ICC។
បន្ទាប់ពីសវនាការដំបូងនោះ ដំណាក់កាលបន្ទាប់គឺជាសម័យប្រជុំដើម្បីបញ្ជាក់ការចោទប្រកាន់ ដែលនៅចំណុចនោះជនសង្ស័យអាចប្រឆាំងនឹងភស្តុតាងរបស់ព្រះរាជអាជ្ញា។
លុះត្រាតែបន្ទាប់ពីសវនាការនោះ ទើបតុលាការនឹងសម្រេចថាតើត្រូវដំណើរការការជំនុំជម្រះឬអត់ ដែលជាដំណើរការដែលអាចចំណាយពេលរាប់ខែឬសូម្បីតែរាប់ឆ្នាំ។
“វាជាការសំខាន់ដែលត្រូវសង្កត់ធ្ងន់ ខណៈពេលដែលយើងចាប់ផ្តើមដំណាក់កាលថ្មីនៃដំណើរការនីតិវិធី ថាលោក ឌូតឺតេ ត្រូវបានសន្មតជាមុនថាគ្មានទោស” លោក ខាន បាននិយាយ៕
ប្រភព៖ AFP
