ដោយ៖ គង់ហេង
កំពង់ចាម៖ សំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅសប្តាហ៍ក្រោយនេះ គឺមានសមត្ថភាពផ្ទុកទឹកបានជិត ៥០ម៉ឺនម៉ែត្រត្រីគុណ អាចស្រោចស្រពដំណាំស្រូវប្រាំងជាង ៤០០ ហិកតារបស់ប្រជាពលរដ្ឋចំនួនបួនភូមិ។

នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី ១៣ មីនា ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម ខេង សុម៉េធ អគ្គស្នងការរងនគរបាលជាតិ ចុះពិនិត្យទីតាំងទីតាំងសំណង់ទ្វារទឹកព្រែកតាយី នៅខាងក្រោយសាលាឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ សំណង់ទ្វារទឹកព្រែកតាយីនេះ មានលទ្ធភាពស្តុកទឹក ដើម្បីធ្វើការស្រោចស្រពបន្ថែមលើដំណាំស្រូវរដូវប្រាំង និងដំណាំរួមផ្សំ លើផ្ទៃដីបង្កបង្កើនផលកសិកម្ម ជូនប្រជាពលរដ្ឋ ៤ភូមិ ក្នុងឃុំពាមកោះស្នា មានចំនួន ១.៦៤៥គ្រួសារ ក្នុងនោះ ដំណាំស្រូវប្រាំងចំនួន ៤៣៤ ហិកតា និងដំណាំរួមផ្សំចំនួន ១២ហិកតា ម៉្យាងវិញទៀត ជាមធ្យោបាយ ធ្វើដំណើរ ភ្ជាប់ពីមូលដ្ឋាន មកទីប្រជុំជន និងដឹកជញ្ជូនកសិផលកសិកម្ម យកទៅទីផ្សារបានយ៉ាងប្រសើរទៀតផង ។
ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា៖ បន្ទាប់ពីសាងសង់សំណង់ទ្វារទឹកនេះរួច លទ្ធផលដំបូង ដែលប្រជាពលរដ្ឋទទួលបាន គឺការការពារធនធានធម្មជាតិដែលមានក្នុងមូលដ្ឋាន មានទឹក គ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើការងារបង្កបង្កើនផលកសិកម្មនៅដើមរដូវ និងចុងរដូវបង្កើនរដូវ ដាំដុះដំណាំកសិកម្ម កំណើនទិន្នផលកសិកម្ម បង្កើនការចិញ្ចឹមសត្វ បង្កើនមុខរបរលក់ដូរក្នុងតំបន់ កសិករដែលស្ថិតនៅក្នុងតំបន់អនុវត្តតម្រោងទទួលបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រសើរជាងមុន ហើយក៏ជាកន្លែងសម្រាប់កម្សាន្តផងដែរ ៕
