សន្ដិសុខសង្គម

ប្រទះឃើញសពស្ត្រីម្នាក់ត្រូវគេវាយសម្លាប់នៅក្នុងដីឡូត៍មួយកន្លែងនៅសង្កាត់ស្វាយប៉ាក

ភ្នំពេញៈសពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងដីឡូត៍មួយកន្លែងគេសង្ស័យថាអាចជាករណីឃាតកម្មដែលត្រូវបានឃាតកវាយសម្លាប់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅដីឡូត៍ទុកចោលមួយកន្លែង ផ្លូវឧកញ៉ាឌីប៊ូ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះនោះគេពុំទាន់ស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជា ៣០ឆ្នាំ ហើយតាមសម្លៀកបំពាក់គេសង្ស័យថានារីរូបនោះជាមេការនៅភោជនីយដ្ឋានណាមួយ នៅលើខ្លួនមានស្នាមចាក់សាក់រូបស្លាប និងអក្សរ Oun leak នៅកំភួនដៃខាងស្ដាំ, មានស្នាមចាក់សាក់រូបផ្កានៅថ្លើមដៃខាងឆ្វេង, មានស្នាមចាក់សាក់រូបក្បាច់់នៅម្រាមកណ្តាលដៃខាងឆ្វេង។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាព្រឹកមានអ្នកដើរហាត់ប្រាណក៏ប្រទះឃើញស្ត្រីរូបនោះស្លាប់នៅក្នុងដីឡូត៍ទុកចោលមួយកន្លែងខាងលើ រួចក៏ប្រាប់ដល់អ្នកដំណើរនិងរាយការណ៍ទៅដល់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

តាមសាក្សីខ្លះបានឲ្យដឹងថា នៅវេលាទៀបភ្លឺគេឃើញមានម៉ូតូកង់បីមួយគ្រឿងជិះចូលទៅក្នុងបរិវេណខាងលើនិងមានការប្រតាយប្រតប់វាយទៅលើស្ត្រីរងគ្រោះ ក្រោយមកក៏គេចបាត់ទៅ តែពុំមាននរណាចាប់អារម្មណ៍ឡើយ។លុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើលប្រទះឃើញស្ត្រីរងគ្រោះស្លាប់នៅក្នុងដីឡូត៍នោះតែម្ដង។

បន្ទាប់ពីមានការភ្ញាក់ផ្អើល នគរបាលមូលដ្ឋានបានចុះទៅហ៊ុមព័ទ្ធកន្លែងកើតហេតុនិងទាក់ទងទៅមន្ត្រីនគរបាលជំនាញដើម្បីចុះមកត្រួតពិនិត្យ។

ការពិនិត្យសាកសព នៅក្នុងហោប៉ៅសំពត់មានក្រវិលកំប៉ុងស្រាបៀរចំនួន៥, កូនសោម៉ូតូ១ កូនសោដែក២, លុយខ្មែរចំនួន៤៣៥០០រៀល។សាកសពមានស្នាមជាំភ្នែកទាំងសងខាង,ស្នាមជាំនៅលើផ្ទៃមុខទាំងសខាង។

តាមការត្រួតពនិត្យសាកសព លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសលវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា នារីរងគ្រោះបានស្លាប់ដោយវាយក្បាល និងខ្ទប់ដង្ហើម ដែលជាករណីឃាតកម្ម។ជុំវិញករណីឃាតកម្មនេះគេពុំដឹងថាស្ត្រីរងគ្រោះត្រូវបានឃាតកសម្លាប់ព្រោះរឿងគំនុំអ្វីឡើយ។

គេមានការសង្ស័យថាជនរងគ្រោះអាចមានទំនាក់ទំនងជាមួយនឹងឃាតករ ហើយត្រូវឃាតកវាយសម្លាប់រួចអូសយកទៅទម្លាក់ចោលនៅក្នុងដីឡូត៍ខាងលើ។

សាកសពត្រូវបាននគរបាលបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យដើម្បីស្រាវជ្រាវរកបងប្អូន៕

ដោយ៖ សហការី