សន្ដិសុខសង្គម

ត្រីក្នុងអូរពុលទាំងហ្វូងៗ បង្កការភ្ញាក់ផ្អើល និងពលរដ្ឋមានការព្រួយបារម្ភ

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ ត្រីជាច្រើននៅក្នុងអូរ ក្នុងស្រុករតនមណ្ឌល បានពុលត្រដរខ្យល់រកកល់ងាប់ ពលរដ្ឋសង្ស័យដោយសារសារធាតុពុល បារម្ភប៉ះពាល់សុខភាព និងបាត់បង់មច្ឆជាតិ។

ប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានអះអាងថា៖ ទឹកក្នុងអូរមានសភាពខុសប្លែកពីធម្មតា បានបណ្តាលឲ្យហ្វូងត្រីតូចធំ ពិសេសត្រីឆ្ពិន ចាប់ផ្តើមពុលស្រងើចាប់តាំងពីព្រលឹមមកម៉្លេះ ត្រីដែលប៉ះពាល់ពុលខ្លាំងអាចចុះចាប់បាន។

សភាពត្រីពុលខុសពីធម្មតាម្តងហើយម្តងទៀតនេះបានធ្វើឲ្យពួកគាត់ជាប្រជាកសិករមានការព្រួយបារម្ភពីការប៉ះពាល់ដល់ជីវចម្រុះនានា ការប្រើប្រាស់ទឹកយកមកទទួលទានជាដើម និងម៉្យាងទៀតខ្លាចបាត់បង់ពូជមច្ឆជាតិច្រើនប្រភេទផ្សេងៗទៀត។

ករណីត្រីក្នុងអូរធម្មជាតិមានសភាពស្រងើពុលបន្តបន្ទាប់នេះបានកើតឡើងនៅចំណុចម្តុំអូរត្រែង ក្នុងភូមិស្វាយ ស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជុំវិញបាតុភាពនេះ លោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១០ ខែមីនានេះថា÷ បញ្ហាខាងលើលោកបានចាត់ឲ្យមន្ត្រីឃុំរបស់លោកចុះទៅត្រួតពិនិត្យរួចហើយតាំងពីថ្ងៃទី ០៨ និងថ្ងៃទី ០៩ កន្លងមក លទ្ធផលបង្ហាញថា ដោយសារនៅអំឡុងពេលនោះមានទឹកភ្លៀងធ្លាក់ខ្លាំង ទើបមានបរិមាណទឹកភ្លៀងច្រើនស្រុងហូរពីទីខ្ពស់ចាក់ចូលទៅក្នុងអូរទើបបង្កជាបញ្ហាធ្វើឲ្យទឹកល្អក់រហូតនាំឲ្យត្រីមានសភាពពុលដូច្នេះ មិនមែនដោយសារទឹកស្អុយហូរមកពីរោងចក្រនោះទេ៕