ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖ ដោយមានការអនុញ្ញាតពីលោក រ៉ា បូរ៉ាន់ឌី ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ឱ្យស្នងការនគរបាលខេត្តនេះ បានចាប់ខ្លួនបុរសចំនួនពីរនាក់ពីបទលួចមានស្ថានទម្ងន់ទោស និងឆែកឆេរលំនៅឋានពួកគេ នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី នៅថ្ងៃទី៥ មីនានេះ។
ប្រភពព័ត៌មានពីស្រុកមេមត់បានឱ្យដឹងថា៖ បុរសជាជនសង្ស័យទាំងពីរមានឈ្មោះ ខាន់ មាន អាយុ៣២ឆ្នាំ និងឈ្មោះ ខាន់ ណន ហៅលាន អាយុ២៧ឆ្នាំ រស់នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមួយគ្នាបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ។ បន្ទាប់មកជនរងគ្រោះមកដល់ឃើញស្គាល់ និងចំណាំថាជនសង្ស័យទាំង២នាក់ខាងលើពិតជាអ្នកប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដមែន។
ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា៖ បន្ទាប់ពីការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ កម្លាំងសមត្ថកិច្ចបានចុះឆែកឆេរលំនៅឋានពួកគេខាងលើដោយបានរកឃើញម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿងរបស់ជនរងគ្រោះ , កាំបិតផ្គាក់ចំនួន០៣ដើម,ដាវចំនួន០២ដើម,កាំភ្លើងស្នប់(កែច្នៃ)ចំនួន០៤ដើម និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។ ចំពោះសម្ភារខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
សូមបញ្ជាក់ថា នៅម៉ោងជាង៤ ទៀបភ្លឺថ្ងៃទី៥ មីនានេះនៅចំណុចលើផ្លូវជាតិ ស្ថិតនៅភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីលួចមានស្ថានទម្ងន់ទោសមួយបានកើតឡើង បង្កដោយជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងម៉ាកវេវឆ្លាម ពណ៌ខ្មៅ តាមពីក្រោយវ៉ាស្ទាក់ហើយយកឧបករណ៍រឹងមុខមុតកាប់និងយកកាំភ្លើងកែច្នៃ(កាំភ្លើងហ្គាស)គំរាមបាញ់ទៅលើជនរងគ្រោះឈ្មោះ ធី ធឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ បណ្តាលឲ្យរងរបួសស្មាឆ្វេង០២កន្លែង (ស្រាល) រួចប្លន់យកម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ឡើងស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1F 6017 លេខតួលេខម៉ាស៊ីនដូចគ្នា 5240355 និងប្រាក់ចំនួន១៤០.០០០រៀល យកជិះគេចខ្លួនបាត់ ខណ:ពេលជនរងគ្រោះជិះម៉ូតូម្នាក់ឯងពីផ្ទះមកយកអីវ៉ាន់នៅផ្សារមេមត់ ពេលដល់កន្លែងកើតហេតុក្រុមជនសង្ស័យធ្វើសកម្មភាពតែម្តង។
ក្រោយពីការស៊ើបអង្កេត និងស្រាវជ្រាវរបស់សមត្ថកិច្ច បានឈានទៅកំណត់អត្តសញ្ញា និងចាប់ខ្លួនជនសង្ស័យឈ្មោះ ខាន់ មាន និងខាន់ ណន ហៅលាន ព្រមទាំងឆែកឆេរលំនៅឋានពួកគេ៕
