សន្ដិសុខសង្គម

ប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន១១៩នាក់ ស្រី៥៨នាក់ នៃបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយ : បន្ទាយ / ព្រំដែនកម្ពុជា ថៃ : កាលពីថ្ងៃត្រង់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាបនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ ឋានៈ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងលោក អេង លីហួរ ស្នងការរងទទួលផែនអន្តោប្រវេសន៍- តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន១១៩នាក់/ ស្រី៥៨នាក់ ក្នុងបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនក្នុងព្រះរាជាណាចក្រកម្ពុជា ។

មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែននេះអោយដឹងថា: យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក ចារូដា តុងប្រាង (Mrs JARUDA TONPRANG ) ឋានៈនាយរងផ្នែក នៃប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីអនុវត្តនីតិវិធីបន្ត ។

ពិធីប្រគល់ទទួលឲ្យភាគីថៃ ធ្វើឡើងលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ទល់មុខខាងថៃគឺច្រកខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

សូមរំលឹកថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ អោយដឹងថា: ក្រុមប្រតិបត្តិការរបស់គណៈបញ្ជាការ ធ្វើការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន ០២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងការឆ្មក់ចូលក្នុងទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ (ស្រី ៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន ១២៣នាក់ (ស្រី ៥៩នាក់)។
ជនបរទេសទាំងនោះកំពុងសំងំ លាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន។

ពលរដ្ឋថៃទាំង១២៣នាក់ ជាសមាជិកនិងជាជនរងគ្រោះ ។ នគរបាលជាតិកម្ពុជានឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃដើម្បីបណ្តេញចេញ
។ ជាក់ស្តែងពេលនេះ បណ្តេញចេញចំនួន១១៩នាក់.៕