ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់ជាអនុសាសន៍ដល់គ្រប់គ្រឹះស្ថានសិក្សានានាចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា និងអង្គភាពពាក់ព័ន្ធទូទាំងខេត្តមួយនេះ ដើម្បីជាមូលដ្ឋានគ្រឹះឱ្យទទួលបានលទ្ធផលខ្ពស់ក្នុងការប្រកួតកីឡាសិស្សគ្រប់កម្រិត។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានផ្តល់អនុសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីបើកកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ នៅក្នុងសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី ១ មីនា កន្លងមក។
ឯកឧត្តមបានថ្លែងថា៖ ក្នុងមនោសញ្ចេតនាសប្បាយរីករាយនាឱកាសនេះ ឯកឧត្តមសូមផ្តល់អនុសាសន៍មួយចំនួន ដើម្បី ជាមូលដ្ឋានគ្រឹះសម្រាប់ទទួលបាននូវលទ្ធផលខ្ពស់ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យម សិក្សា ក្នុងឆ្នាំ២០២៥នេះ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា គឺក្នុងមួយថ្នាក់ ២ម៉ោងក្នុង មួយសប្តាហ៍គ្រប់គ្រឹះស្ថានសិក្សាសម្រាប់អភិវឌ្ឍកាយសម្បទា គំនិត ប្រាជ្ញា និង ស្មារតីរបស់កុមារ និងជាថ្នាលបណ្តុះកីឡា។
ឯកឧត្តមបានបន្តថា៖ រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវជំរុញសមាគមកីឡា សិស្សគ្រប់គ្រឹះស្ថានសិក្សា នៅតាមក្រុង-ស្រុកទាំងអស់ ឱ្យមានសកម្មភាពកីឡា បណ្តុះបណ្តាល កីឡានៅក្នុងថ្នាលគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាទូទាំងខេត្ត, ត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ Fair Play ចំពោះកីឡាករ កីឡាការិនី នៅគ្រប់ កម្រិត និង រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវបង្កើនសកម្មភាពកីឡា ឱ្យបានផុសផុល និងជាប្រចាំ៕
