អន្តរជាតិ

ត្រាំយកឯកសារដែលរឹបអូសត្រឡប់ទៅវិញតាមយន្តហោះ Air Force One

ប្រែសម្រួល៖ ស-ស​ម្បត្តិ

ព័ត៌មានCNNបានឲ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃនេះបានដឹកជញ្ជូនប្រអប់ឯកសារដែល FBI បានរឹបអូសពីអចលនទ្រព្យ Mar-a-Lago បន្ទាប់ពីបានអនុវត្តដីកាស្វែងរកតាមបញ្ជាតុលាការកាលពីខែសីហា ឆ្នាំ២០២២ ត្រឡប់ទៅរដ្ឋហ្វ្លូរីដាជាមួយគាត់វិញ។

“ក្រសួងយុត្តិធម៌ទើបតែប្រគល់ប្រអប់ទាំងនេះត្រឡប់មកវិញ” លោក ត្រាំ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ “ប្រអប់ទាំងនេះកំពុងត្រូវបានដឹកទៅរដ្ឋហ្វ្លូរីដា ហើយនឹងក្លាយជាផ្នែកមួយនៃបណ្ណាល័យប្រធានាធិបតី ត្រាំ នៅថ្ងៃណាមួយ” គាត់បានបន្ត ដោយអះអាងថា “យុត្តិធម៌ទីបំផុតបានឈ្នះ” ហើយថាការស៊ើបអង្កេតលើការគ្រប់គ្រងមិនត្រឹមត្រូវរបស់គាត់លើឯកសារប្រធានាធិបតី ដែលរួមមានឯកសារសម្ងាត់ដ៏រសើប គឺ “គ្រាន់តែជាការវាយប្រហារលើគូប្រជែងនយោបាយប៉ុណ្ណោះ”។

សំណុំរឿងឯកសារសម្ងាត់ប្រឆាំងនឹងលោកត្រាំ ដែលគាត់បានប្ដឹងថាមិនមានទោស ត្រូវបានទម្លាក់ចោលនៅខែវិច្ឆិកាបន្ទាប់ពីគាត់ឈ្នះការបោះឆ្នោតឆ្នាំ២០២៤។

នាយកទំនាក់ទំនង Steven Cheung ដែលបាននិយាយថាប្រអប់ទាំងនោះត្រូវបានដាក់លើយន្តហោះ Air Force One បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះថា ប្រអប់ទាំងនោះមាន “របស់ផ្ទាល់ខ្លួនដែលជាកម្មសិទ្ធិរបស់ប្រធានាធិបតី”។

ទីប្រឹក្សាប្រធានាធិបតី Alina Habba បានបដិសេធសំណួរអំពីអ្វីដែលមាននៅក្នុងឯកសារទាំងនោះ កន្លែងដែលវានឹងត្រូវរក្សាទុក ឬថាតើសេតវិមានកំពុងផ្លាស់ប្តូរពិធីការរក្សាទុកណាមួយបន្ទាប់ពីការស្វែងរករបស់ FBI ឬយ៉ាងណា។

“អ្វីទាំងនេះគឺជារបស់របរប្រធានាធិបតីត្រាំ។ ទាំងនេះគឺជារបស់របស់គាត់ ហើយវាចាំបាច់ត្រូវប្រគល់ទៅគាត់វិញ” លោកស្រី Habba បានថ្លែង។ នៅពេលត្រូវបានសួរអំពីកង្វល់អំពីការរក្សាទុកឯកសារសំខាន់ៗនៅ Mar-a-Lago លោកស្រី Habba បាននិយាយថា “វាគឺជារបស់ផ្ទាល់ខ្លួន។ អ្នកមិនអាចគ្រាន់តែចូលទៅក្នុងផ្ទះនរណាម្នាក់នៅក្នុងប្រទេសនេះបាននោះទេ។ នេះហើយជាអ្វីដែលធ្វើឱ្យយើងខុសពីប្រទេសកំពុងអភិវឌ្ឍន៍”។

ដូចដែល CNN បានរាយការណ៍កន្លងមក លោកត្រាំត្រូវបានចោទប្រកាន់ថាបានរក្សាទុកឯកសារសម្ងាត់នៅក្លឹបរដ្ឋហ្វ្លូរីដារបស់គាត់ រួមទាំងនៅក្នុងសាលរាំកម្សាន្តសាធារណៈ បន្ទប់ទឹក និងបន្ទប់គេង៕
ប្រភព៖ CNN