បច្ចេកវិទ្យា

ក្នុងការជំរុញបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន DBS នឹងកាត់បន្ថយការងារកិច្ចសន្យា និងការងារបណ្តោះអាសន្នចំនួន ៤,០០០ កន្លែងក្នុងរយៈពេល ៣ ឆ្នាំខាងមុខ

ប្រែសម្រួល ៖ លន ស្រស់
ទីក្រុងបុមបៃ៖ ក្រុមហ៊ុន DBS Group មានគម្រោងកាត់បន្ថយបុគ្គលិកកិច្ចសន្យា និងបុគ្គលិកបណ្តោះអាសន្នចំនួន ៤,០០០ នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ ដោយសារក្រុមហ៊ុនរំពឹងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងកាន់តែទទួលយកតួនាទីដែលបច្ចុប្បន្នធ្វើដោយមនុស្ស នេះបើតាមការលើកឡើងរបស់លោក Piyush Gupta អគ្គនាយកក្រុមហ៊ុន កាលពីថ្ងៃចន្ទ (ថ្ងៃទី២៤ ខែកុម្ភៈ)។

“ការព្យាករណ៍បច្ចុប្បន្នរបស់ខ្ញុំក្នុងរយៈពេលបីឆ្នាំខាងមុខ យើងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់យើងប្រមាណ ៤,០០០ នាក់ ឬ ១០ ភាគរយ” លោក Gupta បានមានប្រសាសន៍នៅក្នុងសន្និសីទឧស្សាហកម្មមួយនៅទីក្រុងមុំបៃ ដោយបន្ថែមថា បុគ្គលិកអចិន្ត្រៃយ៍នឹងមិនរងផលប៉ះពាល់ទេ។

ប៉ុន្តែលោកបានបញ្ជាក់ថា នឹងមានការបន្ថែមតំណែងថ្មីចំនួន ១,០០០ កន្លែងក្នុងផ្នែក AI។
“ក្នុងរយៈពេល១៥ឆ្នាំនៃការធ្វើជា CEO របស់ខ្ញុំ នេះជាលើកដំបូងហើយដែលខ្ញុំកំពុងប្រឹងប្រែងបង្កើតការងារ។ រហូតមកដល់ពេលនេះ ខ្ញុំតែងតែមានចក្ខុវិស័យច្បាស់លាស់ថាតើខ្ញុំអាចបង្កើតការងារអ្វីខ្លះ។ លើកនេះ ខ្ញុំកំពុងប្រឹងប្រែងនិយាយថា តើខ្ញុំនឹងកំណត់គោលបំណងមនុស្សឡើងវិញដើម្បីបង្កើតការងារដោយរបៀបណា” លោក ហ្គុបតា បានបន្ថែម។

ឆ្លើយតបនឹងសំណួររបស់ CNA ក្រុមហ៊ុន DBS បានឱ្យដឹងថា ការកាត់បន្ថយកម្លាំងពលកម្ម “នឹងកើតឡើងតាមរយៈការកាត់បន្ថយធម្មជាតិនៅពេលដែលតួនាទីបណ្តោះអាសន្ន និងកិច្ចសន្យាបញ្ចប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ”។

បច្ចុប្បន្ន DBS មានបុគ្គលិកកិច្ចសន្យា និងបុគ្គលិកបណ្តោះអាសន្នប្រមាណ ៨,០០០ ទៅ ៩,០០០ នាក់ លោក ហ្គុបតា បានប្រាប់ Bloomberg។

លោកត្រូវបានគ្រោងនឹងប្តូរតំណែងឱ្យលោកស្រី តាន់ ស៊ូ សាន នៅថ្ងៃទី២៨ ខែមីនា ដើម្បីដឹកនាំធនាគារធំជាងគេនៅអាស៊ីអាគ្នេយ៍ ៕
ប្រភព៖ Reuters/nh