ដោយ៖ប្រសិទ្ធ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីអេឡិចត្រូនិក E-Commerce ដែលជាកម្មវិធីកត់ត្រារបាយការណ៍តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិច្បាប់ សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ដែលកម្មវិធីនេះធ្វើឡើងនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ា រាជធានីភ្នំពេញ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្នាំ២០២៤ សម្រាប់ប្រទេសកម្ពុជា។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងលោក Subhadeep Chowdhury ប្រធានក្រុមហ៊ុន Profitence ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូបទៀត។
លោកជំទាវ រដ្ឋមន្ត្រី បានថ្លែងថា កម្មវិធីអេឡិចត្រូនិកនេះ មិនត្រឹមតែបង្ហាញអំពីស្ថានភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានផ្តល់នូវការយល់ដឹងស៊ីជម្រៅ ចំពោះឱកាស និងបញ្ហាប្រឈមដែលប្រទេសកម្ពុជានឹងជួបប្រទះផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីបង្កើតក្របខណ្ឌវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (CETS) ខណៈពេលដែលក្រសួងពាណិជ្ជកម្មកំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបង្កើតប្រកាសស្តីពីក្រមសីលធម៌ផងដែរ។
ជាក់ស្ដែងគឺ ក្នុងបំណងលើកកម្ពស់ការជឿទុកចិត្តរបស់អតិថិជន លើកកម្ពស់ការអនុវត្តអាជីវកម្មដោយយុត្តិធម៌ និងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិច្បាប់សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នៅកម្ពុជា។
លោកជំទាវបន្ថែមទៀតថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) មិនត្រឹមតែជាឧបករណ៍សម្រាប់កំណើនសេដ្ឋកិច្ចនោះទេ។ ផ្ទុយទៅវិញវាគឺជាមធ្យោបាយនៃការផ្តល់ភាពខ្លាំងនិងជឿជាក់ដល់សហគមន៍ តាមរយៈការបង្កើតឱកាស និងការផ្លាស់ប្តូរ ជាក់ស្ដែងសហគ្រិនតាមជនបទអាចដាក់លក់ផលិតផលរបស់ខ្លួនដល់គ្រប់ទីកន្លែងក្នុងពិភពលោក ដោយគ្រាន់តែប្រើទូរសព្ទដៃតែប៉ុណ្ណោះ។
លោកជំទាវក៏បានសង្កត់ធ្ងន់ដែរថា ចំណុចអាទិភាពសំខាន់ៗ ដែលកម្ពុជាត្រូវផ្តោតក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក រួមមាន៖ ១. ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល៖ ការពង្រីកសេវាអ៊ីនធឺណិត ការដឹកជញ្ជូន និងប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព។ ២. ការលើកកម្ពស់អក្ខរកម្មឌីជីថល៖ ធានាថាប្រជាជនកម្ពុជាទូទាំងប្រទេសមានជំនាញចាំបាច់ក្នុងការចូលរួមសេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈជាដើម។ ៣. ការពង្រឹងការការពារអ្នកប្រើប្រាស់៖ ការបង្កើតបទប្បញ្ញត្តិច្បាស់លាស់ស្តីពីឯកជនភាពទិន្នន័យ និងការទូទាត់ត្រឡប់ និងបង្កើតក្របខ័ណ្ឌវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងជួយលើកទឹកចិត្តអ្នកប្រើប្រាស់កាន់តែច្រើនឱ្យចូលរួមជាមួយទីផ្សារអនឡាញ។
គួរបញ្ជាក់ដែរថា ពាណិជ្ជកម្មអេឡិចត្រូនិក ឬ E-commerce គឺជាដំណើរការនៃការទិញលក់ផលិតផល ឬ សេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិត។
ឧទាហរណ៍សំខាន់ៗមួយចំនួនរបស់ E-commerce ដែលកំពុងមានវត្តមានក្នុងពេលសព្វថ្ងៃនេះមានដូចជា ទីផ្សារលក់ទំនិញតាមអនឡាញ សេវាវេរ និងទទួលប្រាក់ ប្រព័ន្ធភស្តុភារ និងការដឹកជញ្ជូន សេវាបម្រើអតិថិជន ការធ្វើទីផ្សារ និងផ្សព្វផ្សាយជាដើម។
ពាណិជ្ជកម្មអេឡិចត្រូនិក(E-commerce) ត្រូវបានគេបែងចែកជា ០៤ប្រភេទខុសៗគ្នាដែលមានដូចជា៖
១. ពីអាជីវកម្មទៅអ្នកប្រើប្រាស់ (Business-to-Consumer – B2C),២. ពីអាជីវកម្មទៅអាជីវកម្ម (Business-to- Business – B2B),៣. ពីអ្នកប្រើប្រាស់ទៅអ្នកប្រើប្រាស់ (Consumer -to- Consumer – C2C)និង ៤. ពីអ្នកប្រើប្រាស់ទៅអាជីវកម្ម (Consumer -to- Business – C2B)៕
