សន្ដិសុខសង្គម

បង្កើនការល្បាត ប្រុងប្រយ័ត្នតាមខ្សែបន្ទាត់ព្រំដែនថៃ កម្ពុជានៅភូមិសាស្ត្រខេត្តស្រះកែវ-បន្ទាយមានជ័យ ក្រោយពីថៃឲ្យធ្វើរបងព្រំដែន

ដោយ : បន្ទាយ

ព្រំដែនកម្ពុជា -ថៃ ៖ មកទល់ល្ងាចថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២៥ កងកម្លាំងថៃនិងកម្ពុជាបានបង្កើនការល្បាត ប្រុងប្រយ័ត្នតាមខ្សែបន្ទាត់ព្រំដែនថៃ កម្ពុជា នៅភូមិសាស្ត្រខេត្តស្រះកែវ-បន្ទាយមានជ័យ ក្រោយពីថៃឲ្យធ្វើរបងព្រំដែន… ។

ប្រភពព័ត៌មានបានឲ្យដឹងថា: ក្នុងនោះរវាងព្រំដែនប្រទេសថៃនិងកម្ពុជា ក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយបង្កើនការល្បាតតាមទឹកអូរព្រំដែន ឲ្យបានញឹកញាប់និងជាប្រចាំនិង​ដាក់​របាំង​ការពារ​នៅ​តំបន់​ហានិភ័យ​ដែល​សកម្មភាព​ខុសច្បាប់​ដែលទំនងជា​កើតឡើង​នៅតាម​បណ្តោយ​ព្រំដែន ស្របតាម​វិធានការដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ខុសច្បាប់​នៅតាម​ព្រំដែន​។

ប្រភពបន្តថា៖​ ជារួមទាំងការទប់ស្កាត់ចលនាឆ្លងដែនខុសច្បាប់ដោយក្រុមជនខិលខូចដែលប្រើប្រាស់បណ្តាញតាមព្រំដែនក្នុងការធ្វើដំណើរទៅប្រព្រឹត្តបទឧក្រិដ្ឋកម្មតាមប្រព័ន្ធទូរគមនាគមន៍(តាមអនឡាញ) ខុសច្បាប់ ដូចដែលភាគីថៃបានកាត់ផ្តាច់ប្រព័ន្ធអ៊ិនធឺណែតឆ្លងដែនលួចលាក់និងខុសច្បាប់កាលពីពាក់កណ្តាលខែនេះ និងការដែលក្រុមប្រតិបត្តិការ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ធ្វើការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន ០២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះឃាត់ខ្លួនមេខ្លោងជនជាតិចិននិងរកឃើញជនរងគ្រោះជនបរទេសចំនួន២៣០នាក់ជាដើម ៕