ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃក្នុងសេចក្តីប្រកាសព័ត៌មានពិសេស(អត់លេខ) ១ បានជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការ របស់គណៈបញ្ជាការ ធ្វើការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន ០២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងបន្តថា: បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំងខាងលើរយៈពេលជាង៣ខែកន្លងមក មកទល់ពេលនេះ ក៏ឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះ ។
ករណីនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតរបស់ លោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការចង្អុលដឹកនាំដោយផ្ទាល់របស់ លោកនាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ។
ប្រភពខាងលើបន្តថា: ក្នុងការឆ្មក់ចូលក្នុងទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ (ស្រី ៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន ១២៣នាក់ (ស្រី ៥៩នាក់)។ ជនបរទេសទាំងនោះកំពុងសម្ងំ លាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេខ្លោងជាជនជាតិចិន និងស្ថិតក្នុងស្ថានភាពរស់នៅធម្មតា ព្រមទាំងទទួលយកការងារខុសច្បាប់ទាំងនោះដោយស្ម័គ្រចិត្ត។
ពលរដ្ឋថៃទាំង១២៣នាក់ នគរបាលជាតិកម្ពុជានឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្ត ក៏ដូចជាសហការដើម្បីកំណត់មុខសញ្ញាមេខ្លោងសំខាន់ដទៃទៀត នឹងឈានទៅស្វែងរកចាប់ខ្លួនជនល្មើសជាមេខ្លោងយកមកអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះជនបរទេសផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ៕
