កម្សាន្ដ

យុវជនគ្រប់រូបត្រូវចូលរួមផ្សព្វផ្សាយទេសចរណ៍ឲ្យកាន់តែទូលំទូលាយដើម្បីកម្ពុជា

ដោយ៖ កំចាយ

កំពត÷ ផ្អែកតាមទិសស្លោក “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តកំពតបានបំផុស និងណែនាំដល់សមាជិករបស់ខ្លួនឲ្យអនុវត្តនូវគោលការណ៍ យុវជនគ្រប់រូបត្រូវចូលរួមផ្សព្វផ្សាយទេសចរណ៍ឲ្យកាន់តែទូលំទូលាយដើម្បីសម្រេចជោគជ័យ។

ពេញមួយថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៥ សមាជិក ស.ស.យ.ក ទូទាំងខេត្តកំពតប្រមាណជាង៤០០នាក់បានធ្វើទស្សនកិច្ចនៅតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តកំពតបំណងឈ្វេងយល់បន្ថែមអំពីសក្តានុពលដើម្បីផ្សព្វផ្សាយបន្តដល់ភ្ញៀវជាតិ អន្តរជាតិឲ្យកាន់តែចាប់អារម្មណ៍ រួចមកលេងកម្សាន្តកាន់តែច្រើនឡើង។

លោក មឿង គង្គា អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តកំពតបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចសម្រាប់ ស.ស.យ.ក ខេត្តកំពតធ្វើឡើងដើម្បីឲ្យសមាជិកទាំងអស់បានយល់ រួចបន្តផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍របស់ខេត្តស្របតាមប្រធានបទ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។ ក្នុងបំណងរួមចំណែកអនុវត្តឲ្យបានសម្រេចជោគជ័យចំពោះទិសស្លោកនេះ សមាជិក ស.ស.យ.ក គ្រប់រូបនៅទូទាំងខេត្តកំពតត្រូវឈ្វេងយល់ឲ្យបានច្បាស់អំពីសក្តានុពលដែលមាននៅក្នុងខេត្ត ពិសេសពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មគ្មានផ្សែង រួចបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីទេសចរណ៍នៅកម្ពុជា។

តាមការបញ្ជាក់របស់សមាជិក សមាជិកា ស.ស.យ.ក មកពីបណ្តាក្រុង-ស្រុកទូទាំងខេត្តកំពតថា ពួកខ្លួនពិតជាចាប់អារម្មណ៍ និងសប្បាយរីករាយក្នុងការចូលរួមធ្វើទស្សនកិច្ចសិក្សាបំណងឈ្វេងយល់បន្ថែមនូវសក្តានុពលពាក់ព័ន្ធវិស័យទេសចរណ៍។ បន្ទាប់ពីនេះ ពួកខ្លួននឹងបន្តផ្សព្វផ្សាយនូវអ្វីដែលខេត្តកំពតមានដើម្បីឲ្យភ្ញៀវជាតិ អន្តរជាតិបានស្គាល់ ហើយមកទស្សនាកម្សាន្តតាមរយៈការថតរូបភាពបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនងសង្គមរបស់សមាជិក សមាជិកា ស.ស.យ.ក ក៏ដូចជាបណ្តាញព័ត៌មានផ្សេងៗទៀត៕