សន្ដិសុខសង្គម

កុមារតូចពីរនាក់បានស្លាប់ដោយសារការផ្ទុះគ្រាប់បែកចាស់នៅកម្ពុជា

ប្រែសម្រួល៖ស-សម្បត្តិ

ភ្នំពេញ៖ គ្រាប់បែក RPG ដែលគេជឿថាមានអាយុកាលច្រើនជាង២៥ឆ្នាំ បានសម្លាប់កុមារជាបងប្អូនជីដូនមួយពីរនាក់ ជាក្មេងស្រីនិងក្មេងប្រុសអាយុ២ឆ្នាំដូចគ្នា នៅពេលវាផ្ទុះកាលពីថ្ងៃសៅរ៍ (ថ្ងៃទី២២ ខែកុម្ភៈ) នៅជិតផ្ទះរបស់ពួកគេក្នុងតំបន់ជនបទភាគពាយព្យនៃប្រទេសកម្ពុជា។

គ្រោះថ្នាក់នេះបានកើតឡើងនៅស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាតំបន់ធ្លាប់មានការប៉ះទង្គិចយ៉ាងខ្លាំងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ រវាងកងទ័ពរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងឧទ្ទាមខ្មែរក្រហមកុម្មុយនិស្ត។ ក្រុមនេះត្រូវបានផ្តួលរំលំពីអំណាចក្នុងឆ្នាំ១៩៧៩។

ម៉ូ លីសា និងបងប្អូនជីដូនមួយប្រុសរបស់នាងឈ្មោះ ធំ យ៉េន រស់នៅផ្ទះជិតគ្នាក្នុងភូមិក្រាំហូង។ ឪពុកម្តាយរបស់ពួកគេកំពុងធ្វើស្រៃចម្ការ នៅពេលដែលកុមារតូចទាំងពីរនាក់ប្រហែលជាបានរកឃើញគ្រាប់មិនទាន់ផ្ទុះនោះ ហើយវាក៏ផ្ទុះឡើង។ អ្នកជំនាញមកពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានកំណត់ពីបំណែកគ្រាប់ក្រោយមកថា វាជាគ្រាប់បែក RPG។

គ្រាប់មិនទាន់ផ្ទុះចាស់ៗមានគ្រោះថ្នាក់ជាពិសេស ព្រោះសារធាតុផ្ទុះរបស់វាកាន់តែងាយផ្ទុះនៅពេលវាខូច។

លោក ហេង រតនា អគ្គនាយក CMAC មានប្រសាសន៍ថា “ឪពុកម្តាយរបស់ពួកគេបានទៅតាំងទីលំនៅលើដីដែលជាសមរភូមិចាស់ ហើយពួកគាត់មិនបានដឹងថាមានមីន ឬគ្រាប់មិនទាន់ផ្ទុះកប់នៅជិតផ្ទះរបស់ពួកគាត់ទេ។”

“វាជារឿងគួរឲ្យសោកស្តាយណាស់ ព្រោះពួកគេនៅក្មេងពេក ហើយមិនគួរស្លាប់បែបនេះទេ។”

គេប៉ាន់ស្មានថាមានមីននិងគ្រាប់មិនទាន់ផ្ទុះប្រមាណពី៤ទៅ៦លានគ្រាប់ បានរាយប៉ាយពាសពេញជនបទកម្ពុជាក្នុងអំឡុងជម្លោះដែលចាប់ផ្តើមពីឆ្នាំ១៩៧០ និងបញ្ចប់នៅឆ្នាំ១៩៩៨។

ចាប់តាំងពីការបញ្ចប់ការប្រយុទ្ធគ្នានៅកម្ពុជា មានមនុស្សជិត២០,០០០នាក់បានស្លាប់ និងប្រមាណ៤៥,០០០នាក់រងរបួសដោយសារគ្រាប់បែកសល់ពីសង្គ្រាម។ ចំនួនជនរងគ្រោះបានថយចុះជាលំដាប់ ដោយកាលពីឆ្នាំមុនមានអ្នកស្លាប់៤៩នាក់។

លោក ហេង រតនា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា “សង្គ្រាមបានបញ្ចប់ទាំងស្រុង ហើយមានសន្តិភាពពេញលេញអស់រយៈពេលជាង២៥ឆ្នាំហើយ ប៉ុន្តែឈាមប្រជាជនខ្មែរនៅតែបន្តហូរដោយសារសំណល់មីននិងគ្រាប់យុទ្ធភណ្ឌ។”

អ្នកបោសសម្អាតមីនកម្ពុជាស្ថិតក្នុងចំណោមអ្នកមានបទពិសោធជាងគេបំផុតនៅលើពិភពលោក ហើយរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅបម្រើការងារនៅអាហ្វ្រិក និងមជ្ឈិមបូព៌ាក្រោមឧត្តមភាពអង្គការសហប្រជាជាតិក្នុងទសវត្សរ៍កន្លងមកនេះ។

កិច្ចខិតខំបោសសម្អាតមីននៅកម្ពុជាទទួលបានការចាប់អារម្មណ៍កាលពីដើមខែនេះ នៅពេលដែលជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសម្រាប់ខេត្តចំនួន៨ត្រូវបានព្យួរដោយសារការបង្កកជំនួយបរទេសរយៈពេល៩០ថ្ងៃរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ លោក ហេង រតនា បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បត្តិ៍ថា លោកបានទទួលព័ត៌មានថា វ៉ាស៊ីនតោនបានចេញលិខិតលើកលែង អនុញ្ញាតឱ្យជំនួយ – ៦,៣៦លានដុល្លារអាមេរិក គ្របដណ្តប់ពីខែមីនា ២០២២ ដល់ខែវិច្ឆិកា ២០២៥ – អាចបន្តផ្តល់ជូនវិញ។

ប្រភព៖ Agencies/lk