ប្រែសម្រួល៖ តារា

វ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា មាន “ឱកាសល្អ” ក្នុងការដោះស្រាយការបែកបាក់គ្នារវាង PGA Tour និង LIV Golf ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការពិភាក្សារបស់លោកជាមួយភាគីពាក់ព័ន្ធអំពីជម្លោះនេះ។
នៅក្នុងពិធីជប់លៀងនៅសេតវិមាន សម្រាប់អភិបាលរដ្ឋដែលមកទស្សនកិច្ច អភិបាលរដ្ឋហ្វ្លរីដា រន ដេសាន់ទីស មកពីគណបក្សសាធារណរដ្ឋ បានសួរលោកត្រាំថាតើមានលទ្ធភាពសម្រេចបានជោគជ័យដែរឬទេ។
លោកត្រាំបាននិយាយថា “ខ្ញុំគិតថាមានឱកាសល្អដែលយើងនឹងធ្វើបានរឿងនោះ” ហើយបន្តថា “ខ្ញុំគិតថាមានឱកាសល្អណាស់”។
PGA Tour បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមាន “កិច្ចប្រជុំការងារប្រកបដោយផលិតភាព” នៅសេតវិមានជាមួយលោកត្រាំ និងប្រធាន LIV Golf លោក យ៉ាស៊ីរ អាល់-រូម៉ៃយ៉ាន់ ស្តីពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយការបែកបាក់គ្នារវាងស្ថាប័នកីឡាហ្គោលអាជីពទាំងពីរនេះ។ អ្នកវាយកូនហ្គោល ថៃហ្គ័រ វូដស៍ និង អាដាម ស្កត ព្រមទាំងប្រធាន PGA លោក ជេ ម៉ូណាហាន ក៏បានចូលរួមផងដែរ។
LIV Golf បានទាក់ទាញអ្នកវាយកូនហ្គោលកំពូលៗមួយចំនួននៅលើពិភពលោក បន្ទាប់ពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១។ កីឡាករល្អបំផុតមកពី LIV និង PGA Tour ប្រកួតប្រជែងគ្នាតែនៅក្នុងការប្រកួតធំៗទាំងបួនប៉ុណ្ណោះ ហើយកិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីរួបរួមអ្នកកីឡាអាជីពទាំងនេះ៕
ប្រភព៖ រ៉យទ័រ
