ប្រែសម្រួល៖ សហការី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២២ ខែកុម្ភៈ) បានជំរុញឱ្យមហាសេដ្ឋី អេឡុន ម៉ាស់ បង្កើនការប្រឹងប្រែងរបស់លោកក្នុងការកាត់បន្ថយទំហំរដ្ឋាភិបាលសហព័ន្ធ ទោះបីជាមានការថ្កោលទោសយ៉ាងខ្លាំងចំពោះការបញ្ឈប់បុគ្គលិក និងការកាត់បន្ថយថវិកាយ៉ាងច្រើនក៏ដោយ។
“អេឡុន កំពុងធ្វើការងារយ៉ាងល្អ ប៉ុន្តែខ្ញុំចង់ឃើញគាត់បង្កើនការប្រឹងប្រែងបន្ថែមទៀត” នេះជាសារដែលលោកត្រាំបានសរសេរជាអក្សរធំៗនៅលើវេទិកា Truth Social របស់លោក។ “សូមចងចាំថា យើងមានប្រទេសមួយដែលត្រូវសង្គ្រោះ ហើយចុងក្រោយ ធ្វើឱ្យកាន់តែអស្ចារ្យជាងមុន។ MAGA!”
ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ឬ DOGE – ដែលជាស្ថាប័នបង្កើតឡើងដោយលោកត្រាំ – បានធ្វើការបញ្ឈប់មន្ត្រីរដ្ឋាភិបាលសហព័ន្ធរាប់ម៉ឺននាក់ ចាប់ពីអ្នកវិទ្យាសាស្ត្ររហូតដល់អ្នកឃ្លាំមើលឧទ្យាន ភាគច្រើនគឺជាអ្នកដែលស្ថិតក្នុងអំឡុងពេលសាកល្បងការងារ។
លោក ម៉ាស់ គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក និងជាម្ចាស់ជំនួយធំបំផុតរបស់លោកត្រាំ។
ក្នុងការកាត់បន្ថយចុងក្រោយដែលប្រកាសកាលពីថ្ងៃសុក្រ ក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងកាត់បន្ថយកម្លាំងពលកម្មស៊ីវិលរបស់ខ្លួនយ៉ាងតិច ៥ ភាគរយ ចាប់ពីសប្តាហ៍ក្រោយ។
កាលពីថ្ងៃព្រហស្បតិ៍ ចៅក្រមម្នាក់បានបដិសេធសំណើរបស់សហជីពដែលស្នើសុំផ្អាកការបញ្ឈប់មនុស្សរាប់ពាន់នាក់ជាបណ្តោះអាសន្ន៕
ប្រភព៖ ភ្នាក់ងារព័ត៌មាន/zl
