ដោយ៖ សិរីមតី

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួនជាង២៤ ម៉ឺនដុល្លារអាមេរិក ដល់សមាគមទឹកស្អាតជនបទកម្ពុជាក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(គូសាណូណិ)។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២១ខែកុម្ភៈ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជានិងលោកឯកឧត្តម ឯក សុនចាន់ ប្រធានសមាគមទឹកស្អាតជនបទកម្ពុជា និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវសាងសង់ ហើយបណ្តាញចែកចាយទឹកប្រមាណ ៨គីឡូម៉ែត្រ នឹងត្រូវបានតម្លើងនៅភូមិចំនួន២ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។ ប្រជាជន ភាគច្រើនដែលរស់នៅក្នុងតំបន់នេះ មានការពិបាកក្នុងការទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និង កំពុងប្រឈមមុខនឹងហានិភ័យសុខភាព ដោយសារកង្វះបរិក្ខារផ្គត់ផ្គង់ទឹកនៅក្នុងឃុំ។ តាមរយៈ គម្រោងនេះ ប្រជាពលជនជាង ២,៣០០នាក់ នឹងទទួលបាននូវទឹកស្អាតដែលមានតម្លៃសមរម្យ និង អនាម័យគ្រប់គ្រាន់ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិត មូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណ៌សម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និង អង្គការក្រៅរដ្ឋាភិបាលដែលកំពុងអនុវត្តគម្រោងនានា។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុង ភាសាជប៉ុន។ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកជិត ៧០០ គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងនេះ។
ឯកឧត្តម អ៊ូអិណុ បានបន្តថា៖រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន ២៤៣,៤៥០ ដុល្លារអាមេរិក ជូនសមាគមទឹកស្អាតជនបទកម្ពុជា សម្រាប់ការតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្នុងភូមិចំនួន២ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។ យើងរំពឹងថាប្រជាជនប្រមាណ ២,៣០០នាក់ ដែលរស់នៅក្នុងតំបន់នេះ នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែល នឹងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។
ការផ្គត់ផ្គង់ទឹកជាផ្នែកមួយក្នុងចំណោមវិស័យដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន ចំពោះប្រទេសកម្ពុជា។ កាលពីឆ្នាំមុន កម្មវិធីទូរទស្សន៍ឯកសារដ៏ល្បីមួយដែល ផលិតដោយ NHK ត្រូវបានចាក់ផ្សាយនៅប្រទេសជប៉ុន។ កម្មវិធីនោះបានបង្ហាញពីកិច្ចសហប្រតិបត្តិការរបស់យើង លើការផ្គត់ផ្គង់ទឹក និងបានគូសបញ្ជាក់ឆន្ទៈដ៏មុតមាំរបស់ ឯកឧត្តម ឯក ស៊ុនចាន់ ក្នុងការធ្វើឱ្យមានទឹក ដែលអាចបរិភោគបានទៅដល់ប្រជាជនកម្ពុជា។ ភាពយន្តឯកសារនេះបានទាក់ទាញចំណាប់អារម្មណ៍ មនុស្សជាច្រើននៅក្នុងប្រទេសជប៉ុន៕
