ប្រែសម្រួល៖ សហការី
វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈដើម្បីដាក់ពន្ធគយលើប្រទេសនានាដែលប្រមូលពន្ធសេវាកម្មឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក នេះបើយោងតាមមន្ត្រីសេតវិមានមួយរូប។

មន្ត្រីម្នាក់ទៀតដែលបានផ្តល់ព័ត៌មានលម្អិតអំពីបទបញ្ជានេះបាននិយាយថា លោកត្រាំកំពុងណែនាំរដ្ឋបាលរបស់លោកឱ្យពិចារណាវិធានការតបតដូចជាពន្ធគយ “ដើម្បីប្រយុទ្ធប្រឆាំងនឹងពន្ធសេវាកម្មឌីជីថល ការពិន័យ ការអនុវត្ត និងគោលនយោបាយដែលរដ្ឋាភិបាលបរទេសប្រមូលពីក្រុមហ៊ុនអាមេរិក”។
មន្ត្រីរូបនោះបានបន្ថែមថា “លោកប្រធានាធិបតីត្រាំនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលបរទេសកេងប្រវ័ញ្ចមូលដ្ឋានពន្ធរបស់អាមេរិកសម្រាប់ផលប្រយោជន៍របស់ពួកគេឡើយ”។
អនុស្សរណៈនេះណែនាំឱ្យការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បន្តការស៊ើបអង្កេតពន្ធសេវាកម្មឌីជីថលដែលបានចាប់ផ្តើមក្នុងអាណត្តិដំបូងរបស់លោកត្រាំ និងស៊ើបអង្កេតប្រទេសបន្ថែមណាមួយដែលប្រើប្រាស់ពន្ធឌីជីថល “ដើម្បីរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិក” នេះបើតាមមន្ត្រីរូបនោះ។
លោកត្រាំបាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងដាក់ពន្ធគយលើប្រទេសកាណាដា និងបារាំងចំពោះពន្ធសេវាកម្មឌីជីថលរបស់ពួកគេ ហើយឯកសារព័ត៌មានសេតវិមានដែលចេញផ្សាយនៅពេលនោះបានបញ្ជាក់ថា “មានតែអាមេរិកទេដែលគួរត្រូវបានអនុញ្ញាតឱ្យយកពន្ធពីក្រុមហ៊ុនអាមេរិក”។
ឯកសារនោះបានរិះគន់ថា កាណាដា និងបារាំងប្រើប្រាស់ពន្ធទាំងនេះដើម្បីប្រមូលបានជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំពីក្រុមហ៊ុនអាមេរិក។
“ជារួម ពន្ធដែលមិនមានលក្ខណៈទូទាត់ទាំងនេះធ្វើឱ្យក្រុមហ៊ុនអាមេរិកខាតបង់ជាង ២ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ពន្ធគយតបតនឹងនាំមកវិញនូវភាពយុត្តិធម៌និងវិបុលភាពទៅកាន់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលខុសប្រក្រតី និងបញ្ឈប់ការកេងប្រវ័ញ្ចលើជនជាតិអាមេរិក” នេះបើយោងតាមឯកសារព័ត៌មាននោះ។ វាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
• ការរំខានយូរអង្វែង
ពន្ធសេវាកម្មឌីជីថលដែលកំណត់គោលដៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិករួមមាន Google របស់ក្រុមហ៊ុន Alphabet, Facebook របស់ក្រុមហ៊ុន Meta, Apple និង Amazon បានក្លាយជាប្រភពនៃជម្លោះពាណិជ្ជកម្មអស់រយៈពេលជាច្រើនឆ្នាំ។
ចក្រភពអង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ តួកគី ឥណ្ឌា អូទ្រីស និងកាណាដាបានដាក់ពន្ធទាំងនេះដោយគិតលើប្រាក់ចំណូលដែលរកបានពីសេវាកម្មឌីជីថលដែលលក់នៅក្នុងព្រំដែនរបស់ពួកគេ។
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកក្នុងអំឡុងអាណត្តិដំបូងរបស់លោកត្រាំបានរកឃើញថា ពន្ធទាំងនេះរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិក និងបានត្រៀមដាក់ពន្ធគយតបត។
ប្រធានផ្នែកពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ចូ បៃដិន គឺលោកស្រី Katherine Tai បានតាមដានការស៊ើបអង្កេតទាំងនោះក្នុងឆ្នាំ២០២១ និងបានប្រកាសដាក់ពន្ធគយ ២៥ ភាគរយលើទំនិញនាំចូលតម្លៃជាង ២ ពាន់លានដុល្លារពីប្រទេសចំនួន៦ ប៉ុន្តែបានព្យួរភ្លាមៗដើម្បីអនុញ្ញាតឱ្យការចរចាលើកិច្ចព្រមព្រៀងពន្ធសកលបន្តទៅមុខ។
ការចរចាទាំងនោះបាននាំឱ្យមានពន្ធក្រុមហ៊ុនអប្បបរមាសកលចំនួន ១៥ ភាគរយដែលសភាសហរដ្ឋអាមេរិកមិនដែលបានផ្តល់សច្ចាប័ន។ ការចរចាលើសមាសភាគទីពីរដែលមានគោលបំណងបង្កើតជម្រើសផ្សេងសម្រាប់ពន្ធឌីជីថល បានជាប់គាំងស្ទើរតែទាំងស្រុងដោយគ្មានកិច្ចព្រមព្រៀងណាមួយ។
លោកត្រាំនៅថ្ងៃដំបូងនៃការចូលកាន់តំណែងរបស់លោក បានដកសហរដ្ឋអាមេរិកចេញពីការរៀបចំពន្ធសកលជាមួយប្រទេសជិត ១៤០ ដោយប្រកាសថា ពន្ធក្រុមហ៊ុនអប្បបរមាសកល ១៥ ភាគរយ “គ្មានអានុភាពឬប្រសិទ្ធភាពនៅក្នុងសហរដ្ឋអាមេរិកទេ” និងបានបញ្ជាឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិករៀបចំជម្រើសសម្រាប់ “វិធានការការពារ”។
បទបញ្ជាថ្មីរបស់លោកត្រាំអាចអនុញ្ញាតឱ្យពន្ធគយតបតរបស់ការិយាល័យ USTR ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ។ ពន្ធទាំងនេះត្រូវបានរៀបចំឡើងដើម្បីទូទាត់ចំនួនពន្ធសេវាកម្មឌីជីថលដែលបានប្រមូល។
នៅឆ្នាំ២០២១ ការិយាល័យ USTR បាននិយាយថា ខ្លួននឹងដាក់ពន្ធគយ ២៥ ភាគរយលើទំនិញពីចក្រភពអង់គ្លេសប្រមាណ ៨៨៧ លានដុល្លារ រួមមានសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសម្អាង និងលើទំនិញពីប្រទេសអ៊ីតាលីប្រមាណ ៣៨៦ លានដុល្លារ រួមមានសម្លៀកបំពាក់ កាបូប និងកញ្ចក់អុបទិក។
ការិយាល័យ USTR បាននិយាយនៅពេលនោះថា ខ្លួននឹងដាក់ពន្ធគយលើទំនិញតម្លៃ ៣២៣ លានដុល្លារពីប្រទេសអេស្ប៉ាញ ៣១០ លានដុល្លារពីតួកគី ១១៨ លានដុល្លារពីឥណ្ឌា និង ៦៥ លានដុល្លារពីអូទ្រីស។ ការិយាល័យ USTR ដាច់ដោយឡែកបានព្យួរពន្ធគយលើគ្រឿងសម្អាង កាបូប និងទំនិញផ្សេងទៀតរបស់បារាំងតម្លៃ ១,៣ ពាន់លានដុល្លារ៕
ប្រភព៖ Reuters
