ដោយ៖ស-សម្បត្តិ

ភ្នំពេញ៖ សមាគមសហព័ន្ធ ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា និងសមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានរៀបចំកម្មវិធីចែករំលែកពីវិធីសាស្រ្តនៃការធ្វើ Personal Branding ទៅដល់សមាជិកសមាគម និងជាពិសេសគឺម្ចាស់អាជីវកម្ម។

កម្មវិធីចែករំលែកនេះ គឺបានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមសហព័ន្ធ ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA ដែលមានទីតាំងស្ថិតនៅ បុរីអ័រគីដេ ដឹពោធិ៍ចិនតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមមាន សមាជិកសមាគមCTAFA, សមាជិកសមាគមសហគ្រិនវីម៉ូនៅកម្ពុជា និងម្ចាស់អាជីវកម្មប្រមាណ៤០នាក់។

ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA បានបញ្ជាក់នៅក្នុងកម្មវិធីចែករំលែកនោះថា ការធ្វើPersonal Branding គឺជារឿងដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ម្ចាស់អាជីវកម្មទាំងអស់។
ឯកឧត្តម អ៊ុំ សារ៉ាវុធ បានលើកឡើងថា Branding គឺជាវិធីនៃការបង្កើតនិងគ្រប់គ្រងអត្តសញ្ញាណ Identity និងភាពប្លែកពីគេ Unique របស់អាជីវកម្ម ដើម្បីធ្វើឲ្យអតិថិជនបានស្គាល់និងជឿទុកចិត្តលើម៉ាកយីហោដែលហៅថា Brand ។
ប៉ុន្តែវាមិនមែនមានត្រឹមតែ Logo ឬឈ្មោះតែប៉ុណ្ណោះទេ។ Branding គឺជាប្រព័ន្ធដំណើរការដែលបន្សំគ្រប់មុខងាររបស់អាជីវកម្មទាំងអស់។
ឯកឧត្តមអ៊ុំ សារ៉ាវុធ បានចែករំលែកយ៉ាងច្បាស់លាស់អំពីវិធីសាស្រ្ត ក៏ដូចជាបទពិសោធផ្ទាល់ខ្លួនពីរបៀបនៃការធ្វើ Personal Branding ទៅដល់អ្នកចូលរួម។ នៅក្នុងនោះមានដូចជា តើ Branding ជាអ្វី ? ប្រភេទនៃBrandingមានប៉ុន្មាន? និង Personal Branding។
អ្នកដែលបានចូលរួម ជាពិសេសគឺម្ចាស់អាជីវកម្ម មានការគាំទ្រយ៉ាងខ្លាំង ទៅដល់ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA ដែលបានបង្កើតឲ្យមានកម្មវិធីចែករំលែកពីវិធីសាស្រ្តនៃការធ្វើ Personal Branding នេះឡើង។
នៅក្នុងកម្មវិធីនោះអ្វីដែលរិតតែសំខាន់គឺបានបង្កើតឲ្យមានកម្មវិធីសំណួរចម្លើយ។ ម្ចាស់អាជីវកម្មមួយចំនួនបានលើកឡើងថា កន្លងមកពួកគាត់មិនបានយល់ឬយល់ដែរតែមិនបានស៊ីជម្រៅអំពីរបៀបនៃការធ្វើ Personal Branding ដែលមានសារសំខាន់នេះទេ។ ផ្ទុយទៅវិញ គឺទើបតែបានចូលរួមក្នុងកម្មវិធីនៅថ្ងៃនេះទេទើបយល់បានច្បាស់លាស់ ហើយអាចនឹងយកការយល់ដឹងទាំងនេះទៅអនុវត្តដោយផ្ទាល់បន្ថែមទៀត។
ឯកឧត្តមអ៊ុំ សារ៉ាវុធ ក៏បានបញ្ជាក់ឲ្យដឹងដែរថា ចាប់ពីពេលនេះទៅ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA នឹងរៀបចំឲ្យមានកម្មវិធីចែករំលែកនូវរាល់ចំណេះដឹងផ្សេងៗ មានដូចជា៖ វិធីសាស្រ្តនៃការធ្វើPersonal Branding, ផ្តល់ប្រឹក្សាយោបល់ ពាក់ព័ន្ធនឹងបញ្ហាពន្ធដារ គណនេយ្យ និងសវនកម្ម ទៅដល់ម្ចាស់អាជីវកម្មទាំងអស់។
ឯកឧត្តម អ៊ុំសារ៉ាវុធ ក៏បានឲ្យដឹងបន្ថែមទៀតថា នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៥ នេះសមាគមសហព័ន្ធភ្នាក់ងារសេវកម្មពន្ធដារកម្ពុជា CTAFA ក៏នឹងមានរៀបចំវេទិកាមួយស្តីពី៖ «បញ្ហាប្រឈមក្នុងអាជីវកម្មចំពោះ គណនេយ្យ ពន្ធដារ និង សវនកម្ម» ដែលមាន ឯកឧត្តមប្រធានសមាគម CTAFA ជាវាគ្មិនកិត្តិយស។
ចំពោះវេទិកាដ៏មានសារសំខាន់ដែលនឹងរៀបចំឡើងដោយសមាគម CTAFA មានទីតាំង ស្ថិតនៅបុរីអ័រគីដេ ដឹពោធិ៍ចិនតុង ផ្ទះលេខ TMA006 ផ្លូវ POCHENTONG ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញនេះ សាធារណជន សិស្ស និស្សិត ម្ចាស់អាជីវកម្មទាំងអស់គឺអាចចូលរូមបានដោយឥតគិតថ្លៃ៕
