ដោយ : បន្ទាយ

ព្រំដែនកម្ពុជា-ថៃ : លោកលី សុវណ្ណារឹទ្ធិអភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មាន Cambodia Flash News (CFN) ថ្ងៃទី១៩ខែកុម្ភ: ថា៖ ករណីដែលថាអភិបាលខេត្តស្រះកែវ លើកឡើងពីការសាងសង់របងតាមបណ្តោយព្រំដែនថៃកម្ពុជាប្រវែង៥៥គីឡូម៉ែត្រក្នុងភូមិសាស្ត្រខេត្តស្រះកែវ ទល់មុខនឹងខេត្តបន្ទាយមានជ័យនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ជូន៣ចំណុច៖
ទី១- រដ្ឋបាលខេត្តស្រះកែវ(និងជាខេត្តសម្ព័ន្ធមេត្រីភាពផងនោះ) មិនបានជូនដំណឹងឬផ្ញើលិខិតផ្លូវការណាមួយមករដ្ឋបាលខេត្តបន្ទាយមានជ័យទេ ។
ទី២- បើសិនជាធ្វើមែន ហើយស្ថិតលើខ្សែបន្ទាត់ព្រំដែន គឺត្រូវមានការអនុញ្ញាតឬឯកភាពពីគណ:កម្មាធិការព្រំដែនទូទៅនិងពីរាជរដ្ឋាភិបាលប្រទេសទាំងពីរ មិនមែនត្រឹមកងកម្លាំងនិងអាជ្ញាធរដែនដីឈរជើងនៅទល់មុខសងខាងព្រំដែននោះទេ។
ទី៣- ខេត្តបន្ទាយមានជ័យ មិនមានប្រតិកម្ម ហើយក៏មិនមានជំហរយល់ព្រម ឬបដិសេដនោះទេ ។
សូមរំលឹកថា ភុំថាន វិច្ឆាយ៉ាឆៃ (Mrs Phumtham Wechayachai) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខ(ក្រសួងការពារជាតិ) នៃប្រទេសថៃ បានយល់ព្រមទទួលសំណើរបស់លោកបរិនញ៉ា ពោធីសាធ (Mr Parinya Phothisat ) អភិបាលខេត្តស្រះកែវ នៅក្នុងការសាងសង់របងតាមបណ្តោយព្រំដែនកម្ពុជានិងថៃ ប្រវែង៥៥ គីឡូម៉ែត្រក្នុងភូមិសាស្ត្រខេត្តស្រះកែវ ទល់មុខនឹងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងប្រទេសកម្ពុជានេះ ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែនខុសច្បាប់។
នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ Thai PBS កាលពីសប្តាហ័មុន ថ្ងៃទី១៣ខែកុម្ភ: ឆ្នាំ២០២៥ ។
ទីភ្នាក់ងារThai PBS បានផ្សាយឲ្យដឹងថា ការពិចារណាសាងសង់របងតាមព្រំដែនថៃ កម្ពុជាក្នុងភូមិសាស្ត្រខេត្តស្រះកែវនេះ ធ្វើឡើងនៅពេលដែល លោកភុំថាន វិច្ឆាយ៉ាឆៃ (Mrs Phumtham Wechayachai) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខនៃប្រទេសថៃ និងក្រុមការងារបានចុះទៅត្រួតពិនិត្យខេត្តស្រះកែវកាលពីសប្តាហ៍មុនដើម្បីដោះស្រាយបញ្ហាសកម្មភាពខុសច្បាប់មួយចំនួនដូចជា៖ ការឆបោកតាមទូរគមនាគមន៍ទូរសព្ទនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជានិងការជួញដូរមនុស្សជាដើម។
សារព័ត៌មានផ្សាយថា លោក Parinya Phothisat អភិបាលខេត្តស្រះកែវ ក៏បានស្នើឲ្យបំពាក់កាមេរ៉ាសុវត្ថិភាពតាមបណ្តោយព្រំដែនថៃ កម្ពុជា ដើម្បី ទប់ស្កាត់ការរត់ពន្ធឆ្លងដែន ខណៈប្រជាជនថៃប្រមាណជា ៣០.០០០ នាក់ កំពុងធ្វើការក្នុងខេត្តចំនួន៨ក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ភូមិសាស្ត្រខេត្តស្រះកែវប្រទេសថៃ មានព្រំដែនជាប់ខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា ប្រវែង១៥៤,៥គីឡូម៉ែត្រ និងជាប់ខេត្តបាត់ដំបងជាង៦០គីឡូម៉ែត្រ។
ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ពាក់ព័ន្ធល្បែងអនឡាញ(ឬបទល្មើសតាមបច្ចេកទេសទូរគមនាគមន៍ ឧក្រិដ្ឋកម្ម និងការជួញដូរមនុស្ស)នៅតាមខេត្តជាប់ព្រំដែន កម្ពុជា -ថៃ បាននិងកកំពុងកើនឡើង ហើយកាលពីសប្តាហ៍មុន អាជ្ញាធរនិងសមត្ថកិច្ចថៃបានចុះមកកាត់ផ្ដាច់បណ្ដាញអ៊ីនធឺណិតនិងរាំងខ្ទប់សេវាទូរសព្ទតភ្ជាប់ចេញ ចូល មកក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដែលអាជ្ញាធរថៃចោទថា ជាសម្បុករបស់មេឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតលើពលរដ្ឋថៃ កម្ពុជា ចិននិងជនបរទេសផ្សេងទៀត។
ចំណែកលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចខេត្តធ្លាប់អះអាងប្រាប់លោកវ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលមកទស្សនកិច្ចនិងជួបពិភាក្សាកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៥ថា ភាគីទាំងពីក៏បានសន្យាសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្ម ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍(Online) ឧក្រិដ្ឋកម្មឆ្លងដែន ការការពារសន្តិសុខ សុវត្ថិភាពជនបរទេសទាំងឡាយនិងជនជាតិចិន៕
