ព័ត៌មានជាតិ

នគរបាលគ្រប់ប៉ុស្តិ៍រដ្ឋបាលនៅបន្ទាយមានជ័យ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងច្បាប់ចរាចរណ៍ផ្លូវគោក

ដោយ : បន្ទាយ 

បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលគ្រប់អង្គភាពចំណុះ ត្រូវពង្រឹងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋនិងសង្គមជាតិ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។

មកទល់ ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍ទាំង៦៧ ឃុំ-សង្កាត់ ចំណុះអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ បានបន្តចុះផ្សព្វផ្សាយអំពីគោលនយោបាយឃុំ-សង្កាត់ មានសុវត្ថិភាព, ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់នៃគ្រឿងញៀន, ផលប៉ះពាល់នៃការធ្វើចំណាកស្រុកឬឆ្លងដែនខុសច្បាប់។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា : គោលបំណងនៃការចុះផ្សព្វផ្សាយនេះ នគរបាលយើងធ្វើឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងនគរបាល និងប្រជាពលរដ្ឋ បញ្ច្រៀបចំណេះដឹងទាំងទ្រឹស្តី, ច្បាប់ និងវិធីការពារខ្លួន ដើម្បីពួកគាត់យកទៅផ្សព្វផ្សាយបន្តដល់សមាជិកគ្រួសារឬពលរដ្ឋផ្សេងទៀត ក្នុងករណីមានហេតុការណ៍អាសន្នឬ ជួបករណីបទល្មើសផ្សេងៗ ពលរដ្ឋទាំងនោះអាចរាយការណ៍មក២៤ម៉ោង ដើម្បីនគរបាលងាយចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

ក្រៅពីការងារស្នូល នគរបាលគ្រប់ក្រុងស្រុក ក៏បានចុះរៀបចំសណ្តាប់ធ្នាប់តាមទីសាធារណៈ និងធ្វើចរាចរណ៍ជូនសិស្សឆ្លងផ្លូវតាមសាលារៀន បញ្ជៀសការកកស្ទះ និងរួមចំណែក្នុងការកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុផងដែរ៕