សន្ដិសុខសង្គម

ស្គាល់គ្នារហូតបានខ្លួនប្រាណបែរជាខាងប្រុសសម្លា.ប់គូស្នេហ៍គ្មានអាសូរព្រោះបែកការណ៍រឿងមានប្រពន្ធ

ដោយ៖ កំចាយ

កំពត÷ សមត្ថកិច្ចមកពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋានខេត្តកំពត និងខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្មដែលបានកើតឡើងក្នុងទឹកដីស្រុកឈូក។

តាមការរម្លឹកឲ្យដឹងពីមន្ត្រីសមត្ថកិច្ចថា៖ កាលពីម៉ោង១២ និង១០នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយអ្នកភូមិប្រទះឃើញស្ត្រីឈ្មោះ អ.ទ អាយុ ៤៩ឆ្នាំ បានស្លាប់នៅផ្ទះស្ថិតក្នុងភូមិតាព្រហ្ម ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ អ្នកភូមិបានដាក់ការសង្ស័យជាករណីប្លន់សម្លាប់ ព្រោះជនរងគ្រោះបានបាត់បង់ទូរសព្ទដៃ២គ្រឿង ក្រវិលមាស១ជី ចិញ្ចៀនមាស២ជី ខ្សែដៃប្លាទីន១តម្លឹង និងខ្សែកប្លាទីនទម្ងន់៣ជី។

សមត្ថកិច្ចបានបន្តថា៖ ផ្តើមចេញពីហេតុការណ៍នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាដល់សមត្ថកិច្ចជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន ចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ ដើម្បីស្រាវជ្រាវរកការពិតរហូតកំណត់បាននូវមុខសញ្ញាជនសង្ស័យ។

តាមរយ:កិច្ចខិតខំតាមដានយ៉ាងល្អិតល្អន់ នៅវេលាម៉ោង២ និង៣០នាទីថ្ងៃទី១៣ ខែកុម្ភៈ កម្លាំងជំនាញដែលបន្តដឹកនាំសហការក៏បានឈានទៅឃាត់ខ្លួនបុរសសង្ស័យឈ្មោះ ភុំ បុត្រ អាយុ ៤៥ឆ្នាំ កំពុងសម្ងំក្នុងផ្ទះ ស្ថិតនៅភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១១ ខែកុម្ភ: ខ្លួនបានទៅរួមរ័កជាមួយឈ្មោះ អ.ទ តែបន្ទាប់មកស្ត្រីរងគ្រោះបានដឹងថាខ្លួនមានប្រពន្ធទើបឈានដល់ការឈ្លោះប្រកែកគ្នា។ ពេលនោះ ខ្លួនបានទាញដំបងវាយជនរងគ្រោះបណ្តាលស្លាប់ រួចក៏ប្រមូលយកទ្រព្យសម្បត្តិ ហើយរត់គេចខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋានខេត្តកំពតដែលជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕