ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងការជួសជុលថែវប្រាសាទបន្ទាយឆ្មារ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រីឧកញ៉ាអគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោកស្រី ញ៉ែម សាខន ស ខេង, លោកស្រី កែ សួនសុភី, លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ ជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ពង្រាយកងកម្លាំងនគរបាលជាច្រើននាក់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីយាមកាមយ៉ាងតឹងរ៉ឹង ដោយការទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព មួយរយភាគរយជូនថ្នាក់ដឹកនាំ។
ទន្ទឹមគ្នាកម្លាំងនគរបាលចរាចរណ៍ក៏ត្រូវបានពង្រឹងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះដល់ដំណើរការប្រារព្ធពិធីឡើយ៕
