ដោយ៖ ព្រះអង្គខ្មៅ
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
បាត់ដំបង÷ កម្លាំងនគរបាលខេត្តបាត់ដំបង ប្រមាណជាង ៣០០នាក់បានស្ម័គ្រចិត្តបរិច្ចាគឈាមមនុស្សធម៌ជាកាដូនៃថ្ងៃបុណ្យសេចក្តីស្រឡាញ់ ១៤ កុម្ភៈ ២០២៥។
នៅក្នុងការដឹកនាំកងកម្លាំងបរិច្ចាគឈាមមនុស្សធម៌ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ ក្រៅពីភារកិច្ចស្នូលក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កងកម្លាំងនគរបាលខេត្តទាំងអស់ ក៏មានភារកិច្ចចូលរួមធ្វើនូវកិច្ចការជាមួយសង្គមជាច្រើនផងដែរ ជាក់ស្តែងចាប់ពីព្រឹកនេះតទៅ កម្លាំងនគរបាលខេត្តប្រមាណជាជាង ៣០០នាក់បានស្ម័គ្រចិត្តបរិច្ចាគឈាម ដែលរៀបចំធ្វើនៅក្នុងបរិវេណមន្ទីរពេទ្យស្នងការនគរបាលខេត្តបាត់ដំបងផ្ទាល់ ហើយបន្តធ្វើពេញមួយថ្ងៃ ឬពីរថ្ងៃរហូតដល់គ្រប់ចំនួនកំណត់។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានបន្តថា÷ ផ្តើមចេញពីការរួបរួមគ្នា ឈរលើស្មារតីជួយគ្នាទៅវិញទៅមក ពិសេសក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំ ២០២៥នេះ កងកម្លាំងនគរបាលខេត្តបាត់ដំបង បានសម្រេចបរិច្ចាគឈាមប្រកបដោយស្នាមញញឹម និងការពេញចិត្តបង្ហាញពីទឹកចិត្តគោរពស្រឡាញ់សំដៅលើការជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺជាច្រើនដែលកំពុងសម្រាកព្យាបាល និងត្រូវការឈាមជាចាំបាច់នៅឯមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ទោស្នងការ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងកម្លាំងនគរបាលខេត្តបាត់ដំបង ដែលបានចូលរួមបរិច្ចាគឈាមចេញពីបេះដូង។ ឈាមដែលទទួលបានពីការស្ម័គ្រចិត្តរបស់កងកម្លាំងខាងលើនេះសម្រាប់ផ្គត់ផ្គង់ទៅដល់មន្ទីរពេទ្យរបស់ស្នងការនគរបាលផ្ទាល់ និងមួយចំនួនទៀតផ្តល់ទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីក្រុមគ្រូពេទ្យចាត់ចែងប្រើប្រាស់ផ្តល់ដល់អ្នកជំងឺពិសេសប្រជាពលរដ្ឋក្រីក្រទៅលទ្ធភាព៕
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)