ព័ត៌មានជាតិ

បើកដំណើការ”ក្លឹបយុវជន​ខេត្តបន្ទាយមានជ័យ​ “​ ក្នុងគោលដៅរួមចំណែកដោះស្រាយទុក្ខលំបាកនិងអភិវឌ្ឍធនធានយុវជន

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ នារសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានកម្មវិធីបើកឲ្យដំណើរការ​ទីស្នាក់ការ​ “ក្លឹបយុវជន​ខេត្តបន្ទាយមានជ័យ​ “​ ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមដោយលោកអ៊ុំ​ រាត្រី​ អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រីជ័យ ណារី  ជាភរិយា ។

ស្នាក់ការក្លឹបយុវជនថ្មីមួយនេះ ស្ថិតនៅផ្លូវក្នុង ចូលពីផ្លូវជាតិលេខ៥៦ បន្តិច នាភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ឬក្បែរនឹងផ្ទះរបស់លោកអភិបាលខេត្តដែរ ។

លោក អ៊ុំ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតី និងអមដំណើរ​ដោយ​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលរងខេត្ត ព្រមទាំងចូលរួមដោយ​ ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត  ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុងសិរីសោភ័ណ សាកលវិទ្យាធិការ/រង គ្រឹះស្ថានឧត្តមសិក្សា  នាយក នាយករងសាលាវិទ្យាល័យ ចៅសង្កាត់ ចៅសង្កាត់រង យុវជនជានិស្សិត  ជាសិស្សនៃសមាគមយុវជនសាកលវិទ្យាល័យ ក្រុមប្រឹក្សាយុវជននៃវិទ្យាល័យ  ក្រុមការងារក្លឹបយុវជន​ខេត្តបន្ទាយមានជ័យនិងអ្នកពាក់ព័ន្ធ ។

លោកអ៊ុំ រាត្រី មានប្រសាសន៍ថា: គោលបំណងបើកដំណើរការស្នាក់ការក្លឹបយុវជនខេត្តបន្ទាយមានជ័យនេះ គឺទុកដូចជាការិយាល័យច្រកចេញ ចូលតែមួយសម្រាប់យុវជនក្នុងប្រព័ន្ធ(តាមអាជ្ញាធរ មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា…)និងយុវជនក្រៅប្រព័ន្ធ(នៅតាមសហគមន៍ តាមផ្ទះឬពីផ្នែកឯកជន…) មកទទួលព័ត៌មានពីឱកាសបណ្តុះបណ្តាលដូចជាបុកល្ហុង ឆុងកាហ្វេ ឬរបរផ្សេងទៀត រៀនកំព្យូទ័រ ភាសាអង់គ្លេស ចិន កូរ៉េ និង រកការងារធ្វើពោលគឺក្លឹបនេះ ក៏អាចជួយដោះស្រាយសំណូមពរឬទុក្ខលំបាកនិងក៏ជួយអភិវឌ្ឍធនធានយុវជនតាមមធ្យោបាយនានាតាមដែលអាចធ្វើបាន។

ដោយលើកឡើងពីប្រវត្តិផ្ទាល់ខ្លួនរបស់លោក ដែលធ្លាប់លំបាកវេទនា ក្រីក្រ  ប៉ុន្តែបានខិតខំតស៊ូជម្នះឧបសគ្គ មានការតាំងចិត្តនិងមានក្តីសង្ឃឹម  ហើយប្រឹងប្រែងរៀនសូត្រនិងធ្វើការដោយមិនប្រកាន់ ហើយមិនខ្លាចហត់នឿយនោះ លោកអ៊ុំ  រាត្រី បានផ្តល់បទពិសោធនិងតម្រាយផ្លូវមួយចំនួនដើម្បីឲ្យកូនក្មួយយុវជនខិតខំដើម្បីក្លាយជាអ្នកបន្តវេន មានអនាគតល្អនិងត្រចះត្រចង់។

លោកបញ្ជាក់ដែរថា ក្លឹបយុវជនមួយនេះ ទទួលស្វាគមន៍យុវជនពីគ្រប់មជ្ឈដ្ឋានដោយមិនប្រកាន់និន្នការនយោបាយ សាសនា វណ្ណ:ឡើយ ឲ្យតែមានបំណងនិងសុទិដ្ឋិនិយមចំពោះសុភមង្គលគ្រួសារនិងសង្គមមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ក្រោមដំបូលរាជរដ្ឋាភិបាល៕