ព័ត៌មានជាតិ

សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រឹស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជួយជួសជុល កែលម្អនិងសម្ពោធអគារមណ្ឌលសុខភាពចំនួន៣ នៅខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖  ក្រោមថវិកាឧបត្ថម្ភ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រឹស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( The Association of the Church of Jesus Christ of Latter-day saints ) បានជួសជុល កែលម្អ និងឈានដល់សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមណ្ឌលសុខភាពប្រាសាទ មណ្ឌលសុខភាពបល្ល័ង្គ និងមណ្ឌលសុខភាពឈ្នួរមានជ័យ កាលពីថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២៥ ដោយប្រារព្ធពិធីនៅនៅបរិវេណមណ្ឌលសុខភាពឈ្នួរមានជ័យ  ។

លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកអ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព និងចូលរួមដោយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច អង្គការដៃគូអភិវឌ្ឍន៍ អ្នកពាក់ព័ន្ធ ។

លោករ័ត្ន ច័ន្ទសុភាព ប្រធានសមាគមនិកាយ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងប្រតិភូដែលជាម្ចាស់ជំនួសបានឲ្យដឹងថា : កន្លងមកសមាគមនិកាយសាសនានៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តែងតែជួយលើវិស័យសុខាភិបាលនិងអប់រំនៅក្រុងភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប បាត់ដំបង ព្រៃវែង។ ល។

ជាមួយគ្នានោះដែរកាលពីឆ្នាំ២០២៣ ដោយមានការជួយសម្របសម្រួល និងការជួយការពារគម្រោង លោកវេជ្ជបណ្ឌិតរ៉ុន ឡាស្តសិន(Dr  Ron Larsen ) និងលោកស្រី ខាស្រីន ឡា្តស្តសិន ( Kathryn Larsen)  ទើបខេត្តបន្ទាយមានជ័យទទួលបានគម្រោងចំនួន៧ រួមមាន : ជួសជុលនិងបំពាក់សម្ភារបរិក្ខារពេទ្យនៅ ១-មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ, ២-មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន – មង្គលបូរី,៣-មណ្ឌលសុខភាពឈ្នួរមានជ័យ,៤-មណ្ឌលសុខភាពបល្ល័ង្គ, ៥-មណ្ឌលសុខភាពប្រាសាទ, ៦-បណ្ដុះបណ្ដាលវះកាត់ដល់គ្រូពេទ្យ,៧-បណ្ដុះបណ្ដាលសង្គ្រោះបឋម។ ដោយគម្រោងទាំង៧ ចំណាយថវិកាសរុបចំនួន 1,480,876 US$។

លោករ័ត្ន ច័ន្ទសុភាព បានបន្តថា: មូលនិធិសមាគមជួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅលើពិភពលោក គឺជាការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់សមាជិករបស់សមាគមដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ហើយពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន។

នាឱកាសនោះ  លោកអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តល់មូលនិធិគាំទ្រ សម្រាប់ការចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការជួយជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ មណ្ឌលសុខភាព ការបំពាក់សម្ភារបរិក្ខារពេទ្យ និងការគាំទ្រដល់ការបណ្តុះបណ្ដាល ពង្រឹងសមត្ថភាពជំនាញ បុគ្គលិកសុខាភិបាលដែលជាផ្នែកមួយរួមចំណែកលើកកម្ពស់ និងកែលម្អគុណភាពសេវាការថែទាំ ព្យាបាលជំងឺ ឱ្យមានភាពប្រសើរឡើង និងប្រកបដោយមានប្រសិទ្ធភាព។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្តណែនាំជូនអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល គ្រូពេទ្យយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាជន ពិសេសនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង-ស្រុក និងរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ សុជីវធម៌ ជូនអ្នកជំងឺដោយមិនប្រកាន់និន្នាការ ពិសេសអ្នកជំងឺក្រីក្រ។

តមក បន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាពទាំង៣   គណៈអធិបតី រួមនឹងមិត្តបរទេសនៃសមាគម ក៏បានអញ្ជើញទៅបញ្ចុះបឋមសិលាសាងសង់នូវអគារមន្ទីរពេទ្យ១ខ្នងនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

តាមប្លង់ អគារនោះមានទំហំ ១ខ្នង ដែលមានទំហំ ២៩ម៉ែត្រ x ២៩ ម៉ែត្រ (ដែលប្រើសម្រាប់ផ្នែកពិនិត្យនិងព្យាបាលជំងឺក្រៅ ផ្នែកឱសថស្ថាន, ផ្នែកបញ្ជរបង់ប្រាក់ និងផ្នែករដ្ឋបាល) និងការបំពាក់សម្ភារបរិក្ខារពេទ្យ ដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ចំណាយថវិកាសរុប 298,100US$ ។ក្នុងនោះសម្ភារនិងបរិក្ខារពេទ្យចំណាយថវិកា 70,649 US$ បន្ថែមទៀត ៕