បច្ចេកវិទ្យា

ចក្រភពអង់គ្លេសនឹងប្រឆាំងឧបករណ៍បច្ចេកវិទ្យា AI ដែលរំលោភបំពានផ្លូវភេទលើកុមារ ក្នុងការចាត់វិធានការផ្លូវច្បាប់ដំបូងគេបង្អស់នៅលើពិភពលោក

ប្រែសម្រួល៖ រតនា

ចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃសៅរ៍ថា នឹងដាក់ទោសទណ្ឌចំពោះការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដែលបង្កើតរូបភាពរំលោភបំពានផ្លូវភេទលើកុមារ ដោយក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលដាក់ចេញបទល្មើសថ្មីទាក់ទងនឹង AI នេះ។

ការកាន់កាប់ ការថត ការបង្កើត ការបង្ហាញ ឬការចែកចាយរូបភាពអាសអាភាសកុមារ គឺជាបទល្មើសព្រហ្មទណ្ឌនៅអង់គ្លេស និងវ៉េល។ បទល្មើសថ្មីនេះផ្តោតលើការប្រើប្រាស់ឧបករណ៍ AI ដើម្បីបង្កើតរូបភាពអាក្រាតពីរូបភាពកុមារពិតប្រាកដ។

ការប្រកាសនេះធ្វើឡើងខណៈពេលដែលឧក្រិដ្ឋជនតាមអ៊ីនធឺណិតកាន់តែច្រើនឡើងៗប្រើប្រាស់ AI ដើម្បីបង្កើតសម្ភាររំលោភបំពានកុមារ ដោយមានរបាយការណ៍បង្ហាញថារូបភាពបែបនេះបានកើនឡើងជិតប្រាំដងក្នុងឆ្នាំ២០២៤ យោងតាមមូលនិធិតាមដានអ៊ីនធឺណិត។

លោកស្រី Yvette Cooper រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចក្រភពអង់គ្លេសបានមានប្រសាសន៍ថា “យើងដឹងថាសកម្មភាពតាមអ៊ីនធឺណិតរបស់ជនឆក់ឱកាសទាំងនេះ ជាញឹកញាប់នាំឱ្យពួកគេប្រព្រឹត្តការរំលោភបំពានយ៉ាងធ្ងន់ធ្ងរក្នុងជីវិតពិត។ វាមានសារៈសំខាន់ណាស់ដែលយើងត្រូវប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានផ្លូវភេទកុមារទាំងតាមអ៊ីនធឺណិត និងក្រៅអ៊ីនធឺណិត ដើម្បីការពារសាធារណជនពីបទល្មើសថ្មីៗដែលកំពុងកើតមាន។”

ជនឆក់ឱកាសក៏ប្រើប្រាស់ឧបករណ៍ AI ដើម្បីលាក់បាំងអត្តសញ្ញាណរបស់ពួកគេ និងគំរាមកំហែងកុមារជាមួយនឹងរូបភាពក្លែងក្លាយ ដើម្បីបង្ខំឱ្យពួកគេធ្វើការរំលោភបំពានបន្ថែម ដូចជាការផ្សាយផ្ទាល់រូបភាព ដូចដែលរដ្ឋាភិបាលបានលើកឡើង។

បទល្មើសព្រហ្មទណ្ឌថ្មីរួមមាន ការកាន់កាប់ ការបង្កើត ឬការចែកចាយឧបករណ៍ AI ដែលត្រូវបានរចនាឡើងសម្រាប់បង្កើតសម្ភាររំលោភបំពានផ្លូវភេទកុមារ និងការកាន់កាប់ “សៀវភៅណែនាំឆក់ប្រើឱកាស” ដែលផ្តល់ការណែនាំអំពីការប្រើប្រាស់បច្ចេកវិទ្យានេះ។

បទល្មើសជាក់លាក់មួយទៀតនឹងផ្តោតលើអ្នកគ្រប់គ្រងគេហទំព័រដែលចែកចាយខ្លឹមសាររំលោភបំពានផ្លូវភេទកុមារ។ រដ្ឋាភិបាលក៏នឹងផ្តល់សិទ្ធិឱ្យអាជ្ញាធរអាចបើកឧបករណ៍ឌីជីថលសម្រាប់ការត្រួតពិនិត្យផងដែរ។

វិធានការទាំងនេះនឹងត្រូវបញ្ចូលក្នុងច្បាប់ស្តីពីឧក្រិដ្ឋកម្ម និងការអនុវត្តច្បាប់ នៅពេលដាក់ជូនសភា។

ចក្រភពអង់គ្លេសបានប្រកាសកាលពីដើមខែនេះថា ក៏នឹងដាក់ទោសទណ្ឌចំពោះការបង្កើត និងការចែកចាយ “រូបភាពក្លែងក្លាយស៊ីជម្រៅ” ដែលជាវីដេអូ រូបភាព ឬសំឡេងដែលបង្កើតដោយ AI ឱ្យមើលទៅពិតប្រាកដផងដែរ៕/