ប្រែសម្រួល ៖ លន ស្រស់
ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតដែលមានឥទ្ធិពលខ្លាំង OpenAI បានដាក់ឱ្យដំណើរការនូវឧបករណ៍បញ្ញាសិប្បនិម្មិតថ្មីមួយកាលពីថ្ងៃអាទិត្យ ដែលមានឈ្មោះថា “ឌីប រីសឺច” (deep research) ដែលអាចធ្វើការស្រាវជ្រាវច្រើនជំហានតាមអ៊ីនធឺណិតសម្រាប់ការងារស្មុគស្មាញ។
ឌីប រីសឺច ដំណើរការដោយកំណែមួយនៃម៉ូដែល OpenAI o3 ដែលនឹងចេញថ្មី ហើយត្រូវបានកែលម្អសម្រាប់ការរុករកតាមវែបសាយ និងការវិភាគទិន្នន័យ។ អ្នកប្រើប្រាស់ត្រូវបញ្ចូលសំណួរ ហើយកម្មវិធីឆាតជីភីធី (ChatGPT) របស់ OpenAI នឹងស្វែងរក វិភាគ និងសំយោគប្រភពអនឡាញជាច្រើន ដូចជាអត្ថបទ រូបភាព និងឯកសារ PDF ដើម្បីបង្កើតរបាយការណ៍គ្រប់ជ្រុងជ្រោយក្នុងកម្រិតអ្នកវិភាគស្រាវជ្រាវ។ នេះជាការបញ្ជាក់របស់ក្រុមហ៊ុន OpenAI។
“វាអាចសម្រេចបាននៅក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ នូវអ្វីដែលមនុស្សត្រូវការពេលច្រើនម៉ោងដើម្បីធ្វើ” នេះបើតាមការបញ្ជាក់របស់ OpenAI។
OpenAI បានបន្ថែមថា ឌីប រីសឺច នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ និងមានដែនកំណត់។ “វាអាចនឹងមានការលំបាកក្នុងការបែងចែករវាងព័ត៌មានដែលអាចជឿទុកចិត្តបាន និងព័ត៌មានចចាមអារ៉ាម ហើយបច្ចុប្បន្នបង្ហាញភាពខ្សោយក្នុងការវាយតម្លៃភាពជឿជាក់ ដោយជារឿយៗមិនអាចបង្ហាញពីភាពមិនប្រាកដប្រជាបានត្រឹមត្រូវ” នេះជាការបញ្ជាក់របស់ក្រុមហ៊ុន។
ឌីប រីសឺច អាចប្រើប្រាស់បានចាប់ពីថ្ងៃអាទិត្យនេះតទៅ នៅលើកំណែវែបសាយនៃ ChatGPT ហើយនឹងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីទូរសព្ទចល័ត និងកុំព្យូទ័រនៅក្នុងខែកុម្ភៈនេះ។ នេះបើតាមការបញ្ជាក់របស់ OpenAI ។
ឌីប រីសឺច គឺជាភ្នាក់ងារបញ្ញាសិប្បនិម្មិតទីពីរដែលត្រូវបានដាក់ឱ្យដំណើរការដោយ OpenAI នៅឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនបានណែនាំឧបករណ៍មួយកាលពីខែមករាដែលមានឈ្មោះថា អូភីរ៉េទ័រ (Operator) ដែលអាចអនុវត្តភារកិច្ចផ្សេងៗជាច្រើន ដូចជាការបង្កើតបញ្ជីកិច្ចការត្រូវធ្វើ ឬជួយរៀបចំផែនការសម្រាប់ការធ្វើដំណើរកម្សាន្ត៕
ប្រភព៖ រ៉យទ័រ