អន្តរជាតិ

ចំណាប់ខ្មាំងអ៊ីស្រាអែលពីរនាក់ត្រូវបានដោះលែង ខណៈម្នាក់ទៀតរំពឹងថានឹងត្រូវដោះលែងនៅពេលក្រោយ ក្នុងការដោះដូរចុងក្រោយនៅហ្គាហ្សា

ប្រែសម្រួល៖ ស-សម្បត្តិ

ហ្គាហ្សា៖ ក្រុមយោធាប៉ាឡេស្ទីនហាម៉ាស់បានប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែល យ៉ាដិន ប៊ីបាស និងអូហ្វ៊ែរ កាល់ដឺរ៉ុន នៅថ្ងៃសៅរ៍ (ថ្ងៃទី១ ខែកុម្ភៈ) ខណៈដែលគីត ស៊ីហ្គែល ជនជាតិអាមេរិក-អ៊ីស្រាអែល ត្រូវបានរំពឹងថានឹងត្រូវផ្ទេរនៅពេលក្រោយ ក្នុងដំណាក់កាលចុងក្រោយនៃការផ្អាកប្រយុទ្ធដែលមានគោលបំណងបញ្ចប់សង្គ្រាមរយៈពេល១៥ខែនៅហ្គាហ្សា។

កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថាខ្លួនបានទទួលលោក កាល់ដឺរ៉ុន ដែលមានសញ្ជាតិពីរបារាំង-អ៊ីស្រាអែល និងលោក ប៊ីបាស បន្ទាប់ពីអ្នកទាំងពីរត្រូវបានប្រគល់ទៅឱ្យមន្ត្រីកាកបាទក្រហមនៅក្នុងទីក្រុងខានយូនីស ភាគខាងត្បូងហ្គាហ្សា។

លោក ស៊ីហ្គែល ត្រូវបានរំពឹងថានឹងត្រូវប្រគល់នៅកំពង់ផែទីក្រុងហ្គាហ្សានៅពេលក្រោយ នេះ។

លោក ប៊ីបាស គឺជាឪពុករបស់ចំណាប់ខ្មាំងវ័យក្មេងបំផុតពីរនាក់ គឺទារក ខហ្វ៊ីរ ដែលមានអាយុត្រឹមតែ៩ខែប៉ុណ្ណោះនៅពេលត្រូវបានចាប់ជំរិតដោយក្រុមកាំភ្លើងដឹកនាំដោយហាម៉ាស់ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និង អារីអែល ដែលមានអាយុ៤ឆ្នាំនៅពេលមានការវាយប្រហារឆ្លងដែន។

ហាម៉ាស់បាននិយាយនៅខែវិច្ឆិកា ឆ្នាំ២០២៣ ថាក្មេងប្រុសទាំងពីរនិងម្ដាយរបស់ពួកគេ ស៊ីរី ដែលត្រូវបានចាប់ខ្លួននៅពេលជាមួយគ្នា បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ មិនមានព័ត៌មានអំពីពួកគេចាប់តាំងពីពេលនោះមក។

តាមហាម៉ាស់បាននិយាយថា អ៊ីស្រាអែលត្រូវបានរំពឹងថានឹងផ្ទេរអ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនចំនួន១៨២នាក់។

ថ្ងៃសៅរ៍នេះក៏ត្រូវបានរំពឹងថានឹងឃើញជនជាតិប៉ាឡេស្ទីនដំបូងធ្វើដំណើរពីហ្គាហ្សាទៅអេហ្ស៊ីបតាមច្រកព្រំដែនរ៉ាហ្វាដែលទើបបើកឡើងវិញ។ វានឹងត្រូវបើកដំបូងសម្រាប់យោធារងរបួស៥០នាក់ និងជនស៊ីវិលរងរបួស៥០នាក់ ព្រមទាំងអ្នកអមដំណើរពួកគេ ដោយមានមនុស្ស១០០នាក់បន្ថែមទៀត ភាគច្រើនជានិស្សិត ប្រហែលជាត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ដោយសារហេតុផលមនុស្សធម៌។

ការប្រគល់នៅថ្ងៃសៅរ៍មិនមានឃើញមានឧប្បត្តិហេតុវឹកវរដូចដែលបានកើតឡើងក្នុងការផ្ទេរកាលពីថ្ងៃព្រហស្បតិ៍នោះទេ នៅពេលដែលឆ្មាំហាម៉ាស់ខិតខំការពារចំណាប់ខ្មាំងពីហ្វូងមនុស្សដែលរុញច្រានគ្នានៅហ្គាហ្សា។

លោក កាល់ដឺរ៉ុន និងលោក ប៊ីបាស ទាំងពីរបានឡើងទៅលើវេទិកាមួយភ្លែតនៅខានយូនីស នៅពីមុខផ្ទាំងរូបភាពមេដឹកនាំហាម៉ាស់រួមទាំងលោក ម៉ូហាម៉ាត់ ដៃហ្វ អតីតមេបញ្ជាការយោធាដែលការស្លាប់របស់គាត់ត្រូវបានបញ្ជាក់ដោយហាម៉ាស់នៅសប្តាហ៍នេះ មុនពេលត្រូវបានប្រគល់ទៅឱ្យមន្ត្រីកាកបាទក្រហម។

ចំណាប់ខ្មាំងចំនួន១៧នាក់ រួមទាំងជនជាតិថៃ៥នាក់ដែលត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានដោះលែងដោយដូរជាមួយអ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនចំនួន៤០០នាក់។

ការចរចាត្រូវបានគ្រោងចាប់ផ្តើមនៅថ្ងៃអង្គារ ស្តីពីកិច្ចព្រមព្រៀងសម្រាប់ការដោះលែងចំណាប់ខ្មាំងដែលនៅសល់ និងការដកកងទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា នៅក្នុងដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងនេះ។

ក្នុងដំណាក់កាលទីមួយនៃការឈប់បាញ់ កុមារ ស្ត្រី និងបុរសចាស់ជាចំណាប់ខ្មាំង ព្រមទាំងអ្នកជំងឺនិងអ្នករងរបួសចំនួន៣៣នាក់ ត្រូវបានគ្រោងនឹងដោះលែង ដោយមានបុរសក្នុងវ័យយោធាជាង៦០នាក់ត្រូវទុកសម្រាប់ដំណាក់កាលទីពីរដែលត្រូវចរចាបន្ថែម។

ការឈប់បាញ់រយៈពេល៦សប្តាហ៍ដំបូង ដែលត្រូវបានព្រមព្រៀងជាមួយអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា និងគាំទ្រដោយសហរដ្ឋអាមេរិក បានដំណើរការទៅមុខល្អរហូតមកដល់ពេលនេះ ទោះបីជាមានឧប្បត្តិហេតុមួយចំនួនដែលបណ្តាលឱ្យភាគីទាំងសងខាងចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភកិច្ចព្រមព្រៀងក៏ដោយ។

សូមរំលឹកថា ការវាយប្រហាររបស់ហាម៉ាស់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានសម្លាប់មនុស្សប្រមាណ១.២០០នាក់ និងចាប់ជំរិតជាង២៥០នាក់ យោងតាមតួលេខរបស់អ៊ីស្រាអែល។

យុទ្ធនាការរបស់អ៊ីស្រាអែលជាការឆ្លើយតបបានបំផ្លាញផ្នែកច្រើននៃតំបន់ហ្គាហ្សាដែលមានប្រជាជនរស់នៅច្រើនកុះករ និងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៤៧.០០០នាក់ យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។

ប្រភព៖ រ៉ូយទ័រ/dy