ដោយ៖ឧត្តរ
ឧត្តរមានជ័យៈ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខពីស្ថានភាពរស់នៅរបស់បងប្អូនគ្រួសារកងទ័ពដែលទទួលបានដីសម្បទានសង្គមកិច្ច ចំនួន៣ទីតាំងនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
លោក គឹម គាវិន ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ គឺបានអញ្ជើញចុះទៅពិនិត្យនិងសួរសុខទុក្ខពីស្ថានភាពរស់នៅរបស់គ្រួសារកងទ័ពជាច្រើនកន្លែង។
លោក គឹម គាវិន បានឲ្យដឹងថា នៅក្នុងនោះ ទីតាំងទី១.គឺស្ថិតនៅភូមិស្រះទឹក តេជោសែនជ័យ ក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ទីតាំងទី២.នៅកងពលលេខ៤ ស្ថិតភូមិក្រឡសែនជ័យ ក្នុងឃុំបេង និងទីតាំងទី៣.នៅភូមិតាមាន់ សែនជ័យ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏មានការចែកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងមានការអញ្ជើញទៅទស្សនាប្រាសាទតាមាន់ និងប្រាសាទដំរីទ្រោមផងដែរ។
លោកប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តឧត្តរមានជ័យបានឲ្យដឹងបន្ថែមទៀតថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃកិច្ចខិតខំប្រឹងប្រែងចំពោះកងទ័ពបំពេញការងារបម្រើជាតិ ប្រកបដោយភាពអង់អាចក្លាហាន ពុះពារគ្រប់ការលំបាក ទម្រាំមានសន្តិសុខ សន្តិភាព និងការអភិវឌ្ឍរីកចម្រើន។
ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបន្ថែមថា គំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទទាំងអស់ក្នុងការលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីបម្រើឱ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជានេះហើយដែលធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពរហូតមកដល់នឹងសព្វថ្ងៃនេះ៕