ព័ត៌មានជាតិ

បូមទឹកពីទន្លេមេគង្គដើម្បីស្រោចស្រពស្រូវប្រាំងជិតមួយម៉ឺនហិកតាប្រឈមខ្វះទឹកក្នុងខេត្តចំនួនបី

ដោយ៖ គង់ហេង

កំពង់ចាម៖ ដោយប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិតម្លៃប្រមាណ ៣២លាន ដុល្លារអាមេរិក បានបូមទឹកពីទន្លេមេគង្គ ដើម្បីបញ្ជួនទឹកទៅស្រោចស្រពស្រូវប្រាំង ទំហំជិតមួយម៉ឺនហិកតាដែលប្រឈមខ្វះទឹកនៅក្នុងខេត្តចំនួនបី។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងស្រុកស្រីសន្ធរនៅព្រឹកថ្ងៃទី ៣០ មករាកន្លងទៅ។

ជាមួយនោះឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងបញ្ជាក់ថា៖ បងប្អូនប្រជាកសិករ មានក្តីរំភើបរីករាយ ចំពោះវត្តមានដ៏កក់ក្តៅដែលយើងតែងតែចុះមកដល់មូលដ្ឋានដោយផ្ទាល់ ដើម្បីផ្សារភ្ជាប់អំពីសុខទុក្ខ បញ្ហាប្រឈម និងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ស្របតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានប្រឡាយមេ ចំនួន១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ  សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ ៧គ្រឿងចំនួនមួយកន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណ ៩.០០០ ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ។

ក្នុងនោះប្រព័ន្ធធារាសាស្រ្តមួយនេះមានស្ថានីយបូមទឹកបំពាក់បច្ចេកវិទ្យាទំនើបខ្នាតធំ ដែលបូមទឹកចេញពីទន្លេមេគង្គ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងទាំងរដូវវស្សា។ គម្រោងនេះប្រើប្រាស់ថវិកាសរុប ប្រមាណ ៣២ លានដុល្លាអាមេរិក៕