អន្តរជាតិ

បាតុភូតរត់ជាន់គ្នាស្លាប់មិនទាន់ទៅផង ពលរដ្ឋរាប់លាននាក់នៅឥណ្ឌាបន្តងូតទឹកពិសិដ្ឋក្នុងពិធីបុណ្យមហាគុមភៈមេឡា

ប្រែសម្រួល៖ ស-សម្បត្តិ
ប្រាយ៉ាហ្គរ៉ាច ប្រទេសឥណ្ឌា៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ មករា ២០២៥ ជនជាតិហិណ្ឌូគោរពប្រណិប័តន៍រាប់លាននាក់បានប្រមូលផ្តុំគ្នានៅក្រុងប្រាយ៉ាហ្គរ៉ាច ភាគខាងជើងប្រទេសឥណ្ឌា ដើម្បីចូលរួមពិធីបុណ្យមហាគុមភៈមេឡា បន្ទាប់ពីមានមនុស្សរាប់សិបនាក់ស្លាប់ដោយសារការជាន់គ្នា នៅថ្ងៃដែលចាត់ទុកថាសក្តិសិទ្ធិបំផុតនៃពិធីបុណ្យដែលប្រារព្ធអស់រយៈពេល៦សប្តាហ៍នេះ។

ក៏ប៉ុន្តែ អ្នកគោរពប្រណិប័តន៍មួយចំនួននៅតែមានការភ័យខ្លាចបន្ទាប់ពីឧប្បត្តិហេតុនេះ។
គ្រីស្ណា សូនី និស្សិតមកពីទីក្រុងប៊ីកានេ រដ្ឋរ៉ាចស្ថាន ភាគខាងលិច និងក្រុមគ្រួសាររបស់គាត់ប្រាំបីនាក់ បានចងខ្សែភ្ជាប់គ្នាដើម្បីកុំឱ្យបាត់គ្នាក្នុងហ្វូងមនុស្សដ៏ច្រើនកុះករ។

«យើងដើរដោយប្រុងប្រយ័ត្នខ្លាំងណាស់ និងព្យាយាមជៀសវាងតំបន់ដែលមានមនុស្សច្រើន» គាត់បានប្រាប់កាសែត Reuters។

នគរបាលបាននិយាយថា មានមនុស្ស៣០នាក់ស្លាប់កាលពីថ្ងៃពុធដោយសារការជាន់គ្នា នៅក្នុងការជួបជុំមនុស្សដ៏ធំបំផុតលើពិភពលោក និងមានអ្នករងរបួស៩០នាក់។ ប៉ុន្តែប្រភពបានប្រាប់ Reuters ថាចំនួនអ្នកស្លាប់ជិតដល់៤០នាក់។

អាជ្ញាធរឥណ្ឌាបានបញ្ជាឱ្យស៊ើបអង្កេតឧប្បត្តិហេតុនេះ ដែលកើតឡើងនៅពេលមនុស្សរុញគ្នាឆ្ពោះទៅកាន់ទន្លេដើម្បីងូតទឹកជាផ្នែកមួយនៃពិធីបុណ្យ។

កាលពីថ្ងៃពុធ មានមនុស្សជាង៧៦លាននាក់បានធ្វើពិធី «ងូតទឹកដ៏ថ្លៃថ្នូរ» នៅក្នុងទន្លេ រហូតដល់ម៉ោង៨យប់ (១៤៣០ GMT) ហើយនឹងមានពិធី «ងូតទឹកដ៏ថ្លៃថ្នូរ» បីដងទៀតមុនពេលពិធីបុណ្យបញ្ចប់។

នៅថ្ងៃព្រហស្បតិ៍ មានមនុស្សជាង៩លាននាក់បានធ្វើ «ពិធីងូតទឹកពិសិដ្ឋ» នៅជ្រលងទន្លេពិសិដ្ឋទាំងបីត្រឹមម៉ោង១០ព្រឹក (០៤៣០ GMT) បើតាមមន្ត្រី។

អ្នកគោរពប្រណិប័តន៍ធ្វើ «ពិធីងូតទឹកពិសិដ្ឋ» រាល់ថ្ងៃ ប៉ុន្តែនៅថ្ងៃពិសេសៗ ពិធីនេះត្រូវបានចាត់ទុកថាពិសិដ្ឋជាពិសេស ហើយហៅថា «ពិធីងូតទឹកដ៏ថ្លៃថ្នូរ» ដែលទាក់ទាញមនុស្សកាន់តែច្រើន។

ជនជាតិហិណ្ឌូដែលគោរពប្រណិប័តន៍ជឿថា ការងូតទឹកនៅជ្រលងទន្លេពិសិដ្ឋទាំងបី – គឺទន្លេហ្គង្គា យ៉ាមូណា និងទន្លេសារ៉ាស្វាទីដែលមាននៅក្នុងរឿងព្រេង – នឹងជម្រះបាបកម្មរបស់ពួកគេ និងនាំមកនូវការរំដោះពីវដ្តនៃការកើត និងការស្លាប់។

ពិធីបុណ្យហិណ្ឌូនេះ – ដែលប្រារព្ធធ្វើរៀងរាល់១២ឆ្នាំម្តង – ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកគោរពប្រណិប័តន៍ប្រមាណ៤០០លាននាក់នៅឆ្នាំ២០២៥ បើតាមការប៉ាន់ស្មានរបស់មន្ត្រី។ ដោយឡែក ពិធីធ្វើដំណើរទៅកាន់ទីក្រុងម៉េកកា (Haj) នៅអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំមុន មានមនុស្ស១,៨លាននាក់។

ស្ថានីយរថភ្លើង និងឡានក្រុងនៅទូទាំងក្រុងប្រាយ៉ាហ្គរ៉ាចបានឃើញហ្វូងមនុស្សកើនឡើងនៅថ្ងៃព្រហស្បតិ៍ ដោយមនុស្សនៅតែបន្តមកដល់ដើម្បីចូលរួមពិធីបុណ្យ ប៉ុន្តែអាជ្ញាធរបាននិយាយថា ស្ថានភាពកំពុងត្រូវបានគ្រប់គ្រង ហើយមិនមានឧប្បត្តិហេតុណាមួយកើតឡើងទេ។

«ឥឡូវនេះអ្វីៗស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង» មន្ត្រីនគរបាលជាន់ខ្ពស់ វ៉ៃភាវ គ្រីស្ណា បានប្រាប់ Reuters។

មេដឹកនាំគណបក្សប្រឆាំងបានស្តីបន្ទោសការជាន់គ្នាស្លាប់នេះទៅលើការគ្រប់គ្រងមិនបានល្អ និងជំរុញឱ្យរដ្ឋាភិបាលកែលម្អការរៀបចំពិធីបុណ្យ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ត្រូវការផែនការគ្រប់គ្រងហ្វូងមនុស្សឱ្យបានប្រសើរជាងនេះ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុបែបនេះ។

«មានវិសាលភាពច្រើនក្នុងការកែលម្អការគ្រប់គ្រងហ្វូងមនុស្សនៅពិធីបុណ្យគុមភៈ» កាសែត Hindustan Times បាននិយាយក្នុងអត្ថបទចុះផ្សាយ។

អាជ្ញាធរបានសង់ទីក្រុងបណ្តោះអាសន្នមួយលើផ្ទៃដី៤.០០០ហិកតានៅមាត់ទន្លេ – មានទំហំស្មើនឹងទីលានបាល់ទាត់៧.៥០០ – ដោយមានតង់១៥០.០០០ដើម្បីស្វាគមន៍អ្នកគោរពប្រណិប័តន៍ និងបង្គន់ស្ទើរតែស្មើចំនួនគ្នា។ បុគ្គលិកជាង៥០.០០០នាក់កំពុងចាំការពារដើម្បីធានាសុវត្ថិភាពភ្ញៀវ៕
ប្រភព៖ Reuters/rj