ប្រែសម្រួល៖ ស-សម្បត្តិ
មនុស្សជាច្រើននាក់បានស្លាប់ក្នុងគ្រោះថ្នាក់រត់ជាន់គ្នានៅក្នុងពិធីជួបជុំសាសនាដ៏ធំបំផុតក្នុងពិភពលោកនៅប្រទេសឥណ្ឌា នាព្រឹកថ្ងៃពុធទី២៩ មករា ២០២៥ ខណៈដែលអ្នកដើរតាមជំនឿរាប់សិបលាននាក់បាននាំគ្នាទៅងូតទឹកក្នុងទន្លេ នៅថ្ងៃដ៏ពិសិដ្ឋបំផុតមួយនៃពិធីបុណ្យហិណ្ឌូ។
មន្ត្រីប្រតិបត្តិពិសេសនៃពិធីបុណ្យនេះបានឱ្យដឹងថា របាំងមួយនៅជិតទន្លេបានបាក់ ខណៈដែលហ្វូងមនុស្សកំពុងដើរឆ្ពោះទៅកាន់មាត់ទន្លេ ដើម្បីងូតទឹកដ៏ពិសិដ្ឋជាផ្នែកមួយនៃពិធីបុណ្យមហាគុមភមេឡា នៅក្នុងទីក្រុងប្រយ៉ាក្រាជនៃប្រទេសឥណ្ឌា។
ប្រភពផ្លូវការនៅមន្ទីរពេទ្យមូលដ្ឋានមួយបានប្រាប់ CNN ថា ពួកគេបានទទួលសាកសពចំនួន ១៤ នាក់ប្រហែលម៉ោង ៤ ព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃពុធ។ មនុស្សប្រមាណ ២០ នាក់ក៏កំពុងទទួលការព្យាបាលរបួសស្រាលផងដែរ។ អាជ្ញាធរឥណ្ឌាមិនទាន់បានបញ្ជាក់ចំនួនអ្នករងគ្រោះនៅឡើយទេ៕