ព័ត៌មានជាតិ

ចុះពិនិត្យនិងវាយតម្លៃវិទ្យាល័យហ៊ុន សែនខ្លាកូន ត្រៀមជាទីតាំងជូនប្រមុខថ្នាក់ដឹកនាំមកសំណេះសំណាល ជាមួយគ្រូ សិស្សនាពេលខាងមុខ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : លោកនាយឧត្តមសេនីយ៍ខេង សុមេធ   អមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ឹល  រ៉ាយ៉ា អភិបាលរងខេត្ត កាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ បានចុះពិនិត្យ និងវាយតម្លៃនៅវិទ្យាល័យហ៊ុន សែនខ្លាកូន ស្ថិតនៅវិថី៧មករា ភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដើម្បីត្រៀមជាទីតាំងសម្រាប់គោរពស្នើសុំប្រមុខថ្នាក់ដឹកនាំអញ្ជើញមកនាពេលខាងមុខក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខជាមួយមន្ត្រីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ និស្សិតសិស្ស ប្រជាពលរដ្ឋនិងពិនិត្យអគារសិក្សា ព្រមទាំងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកសាងអំឡុងឆ្នាំ២០១៥-១៦ នៅក្នុងខេត្តបន្ទាយមានជ័យ ។

លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែនខ្លាកូនបានដឹងថា:  នៅឆ្នាំ២០១៥-១៦ វិទ្យាល័យនេះ ក៏មានភ័ព្វវាសនាទទួលបានសមិទ្ធផលថ្មីដូចជាអគារសិក្សា១ខ្នង កម្ពស់៣ជាន់ អគារទីចាត់ការ ១ខ្នង អគារស្នាក់នៅគ្រូ១ខ្នង ខ្លោងទ្វារ របងបេតុង ផ្លូវបេតុង តារាងបាល់ទាត់ បាល់បោះ រោងអាហារដ្ឋាន សម្ភារបំពាក់ជាដើមដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី – បច្ចុប្បន្នប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។

វិទ្យាល័យនេះបាននឹងកំពុងដំណើរការអោយក្លាយជាសាលាស្តង់ដារគំរូ។នោះមកពីមានការអភិវឌ្ឍន៍ជាលំដាប់ទាំងបរិមាណនិងគុណភាព ដោយសារមានសមិទ្ធផលចាស់- ថ្មី របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជននិងកីឡា  ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អង្គការ សមាគម សប្បុរសជន ។

លោកនាយត្តមសេនីយ៍ខេង សុមេធ និងលោកអ៊ុ រាត្រី ក្រោយបានពិនិត្យនិងវាយតម្លៃទីតាំងរួច បានឯកភាពយកវិទ្យាល័យហ៊ុន សែនខ្លាកូននេះ ដើម្បីត្រៀមជាទីតាំងសម្រាប់គោរពស្នើសុំប្រមុខថ្នាក់ដឹកនាំអញ្ជើញមកនាពេលខាងមុខក្នុងកម្មវិធីដូចខាងលើ។

តមក លោកនាយឧត្តមខេង សុមេធ បានបន្តដំណើរទៅពិនិត្យនិងវាយតម្លៃទីតាំងគ្រឹះស្ថានសិក្សាផ្សេងទៀតក្នុង១ខេត្តយក១ទីតាំងសម្រាប់ត្រៀមកម្មវិធីសំណេះសំណាលដូចខាងលើ។គឺមានដូចជាខេត្តបាត់ដំបង ប៉ែលិន សៀមរាប ព្រះវិហារ ស្ទឹងត្រែងជាដើម។

ចំណែកលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៨ខែមករា បានកោះប្រជុំបន្ទាន់មួយនៅសាលាខេត្ត  ជាមួយមន្ត្រីនិងអ្នកពាក់ព័ន្ធដែលមានមុខការទទួលខុសត្រូវ សហការរៀបចំនិងចូលរួមកម្មវិធីសំណេះសំណាលរបស់ប្រមុខថ្នាក់ដឹកនាំ៕