ដោយ៖សុខុម
រថយន្តម៉ាកតូយូតាហាយឡិនឌ័រពណ៌សមួយគ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ពីលើកំណាត់ផ្លូវជាតិលេខ៧ បណ្តាលឱ្យអ្នកបើកបរបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងនៅភូមិសាស្រ្តភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង វេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែមករាឆ្នាំ២០២៥។
ប្រភពពីកន្លែងកើតហេតុបាននិយាយថា នៅក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានគេជួយលើកយកអ្នកបើកបរមកដាក់លើចិញ្ចើមផ្លូវជាតិ។ ចំណែករថយន្តរងការខូចខាតខ្លាំងនៅជាប់នឹងគល់ឈើក្នុងប្រឡាយ។ តាមការសន្និដ្ឋានរថយន្តនេះទំនងជាបើកបរក្នុងល្បឿនលឿន មានទិសដៅពីជើងមកត្បូងចូលទីរួមខេត្តស្ទឹងត្រែង។
លោក តាត សាវតី មេប៉ុស្តិ៍សង្កាត់សាមគ្គីបានធ្វើកំណត់ហេតុថា ជនរងគ្រោះឈ្មោះសៀន ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាយោធាកងពលលេខ១២៨ ការពារព្រំដែនកម្ពុជាឡាវ។ហេតុការណ៍ខាងលើនេះគឺបានកើតឡើងបង្កដោយខ្លួនឯង៕