អន្តរជាតិ

មនុស្សម្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានអគ្គិភ័យឆេះផ្ទះល្វែងនៅពុងហ្គោល,សិង្ហបុរី

ប្រែសម្រួល៖ ស-សម្បត្តិ

សិង្ហបុរី៖ មនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងមនុស្ស៦០នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញ បន្ទាប់ពីមានអគ្គិភ័យឆេះផ្ទះល្វែង HDB នៅតំបន់ពុងហ្គោល កាលពីថ្ងៃអាទិត្យ (ថ្ងៃទី២៦ ខែមករា)។

មន្ត្រីពន្លត់អគ្គិភ័យត្រូវបានហៅទៅកាន់អគារលេខ ២២៤A ផ្លូវស៊ូម៉ាង នៅវេលាម៉ោងប្រមាណ ៥:០៥នាទីព្រឹក បន្ទាប់ពីមានរបាយការណ៍អំពីអគ្គិភ័យ។ ផ្សែងខ្មៅបានហុយចេញពីបន្ទប់មួយនៅជាន់ទី៧។

អគ្គិភ័យដែលឆេះនៅក្នុងបន្ទប់គេង ត្រូវបានពន្លត់ដោយមន្ត្រីពន្លត់អគ្គិភ័យ នេះបើតាមសេចក្តីប្រកាសរបស់កងកម្លាំងការពារស៊ីវិលសិង្ហបុរី (SCDF) នៅលើហ្វេសប៊ុក។

មនុស្សម្នាក់ត្រូវបានពិនិត្យដោយគ្រូពេទ្យសង្គ្រោះបន្ទាន់ ដោយសារស្រូបចំហាយផ្សែង និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅសិង្ហបុរី។

មនុស្សបួននាក់នៅក្នុងផ្ទះល្វែងនោះបានជម្លៀសខ្លួនមុនការមកដល់របស់មន្ត្រីពន្លត់អគ្គិភ័យ។

មនុស្ស៦០នាក់ផ្សេងទៀតនៅក្នុងបន្ទប់ជិតខាង ក៏ត្រូវបានជម្លៀសចេញដោយប៉ូលិស និង SCDF ជាវិធានការការពារផងដែរ។

ការរកឃើញបឋមបង្ហាញថា អគ្គិភ័យទំនងជាបណ្តាលមកពីប្រភពអគ្គិសនីនៅក្នុងបន្ទប់គេង នេះបើតាម SCDF។

SCDF បានរំលឹកប្រជាពលរដ្ឋមិនឱ្យដោតឧបករណ៍អគ្គិសនីច្រើនពេកក្នុងរន្ធភ្លើង និងត្រូវបិទវាពេលមិនប្រើប្រាស់។

ប្រជាពលរដ្ឋគួរពិនិត្យខ្សែភ្លើងឱ្យបានទៀងទាត់ ហើយខ្សែភ្លើងដែលរបែកត្រូវតែជួសជុល ឬប្តូរថ្មីភ្លាមៗ នេះបើតាម SCDF។

ខ្សែភ្លើងមិនគួរដាក់ក្រោមកម្រាល ឬកន្ទេលទេ ហើយត្រូវដាក់ឱ្យឆ្ងាយពីផ្ទៃក្តៅ។

ប្រជាពលរដ្ឋគួរប្រើប្រាស់ឧបករណ៍ និងឌុយភ្លើងដែលមានសញ្ញាសុវត្ថិភាព។ ថ្មពិល និងឧបករណ៍មិនគួរទុកសាកចោលដោយគ្មានការមើលការខុសត្រូវក្នុងរយៈពេលយូរ ឬពេញមួយយប់ឡើយ៕

ប្រភព៖ CNA/mi