ដោយ៖ សហការី
ភ្នំពេញ: រថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនក៏ត្រូវបាននារីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នទៅបុកចំទទឹងបណ្ដាលឲ្យបោកក្បាលនឹងកញ្ចក់រងរបួសធ្ងន់ ចំណែកតៃកុងរថយន្តភ័យបានចុះរត់គេចខ្លួនទៅបាត់ស្រមោល ដែលហេតុការណ៍នេះបានកើតឡើងនៅវេលា២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែមករាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង១០៥K ភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក MITSUBISHI TRITON ពណ៌សពាក់ផ្លាកលេខភ្នំពេញ2BQ-0466 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥K ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម។ លុះមកដល់ចំណុចខាងលើ ស្រាប់តែគេឃើញនារីរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកQBXពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1HT-5064 ធ្វើដំណើរឆ្លងផ្លូវពីកើតមកលិចយ៉ាងលឿនដោយមិនប្រយ័ត្នក៏ទៅបុករថយន្តចំទទឹងពេញទំហឹងបណ្ដាលជនរងគ្រោះបោកក្បាលនឹងកញ្ចក់រថយន្តរងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង បន្ទាប់មកតៃកុងរថយន្តជនជាតិចិនខាងលើភ័យបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុជាច្រើនម៉ែត្ររួចឈប់បើកទ្វារចុះរត់គេចខ្លួនទុករថយន្តចោលនៅតាមផ្លូវ ។ ចំណែកជនរងគ្រោះត្រូវបានពលរដ្ឋនាំគ្នាលើកដាក់លើម៉ូតូកង់បីដឹងយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅមន្ទីរពេទ្យបង្អែក ។
បន្ទាប់ពីកើហេតុរថយន្តនិងម៉ូតូជនរងគ្រោះត្រូវបានខាងនគរបាលផ្នែកជំនាញចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការខណ្ឌពោធិ៍សែនជ័យបណ្ដោះអាសន្នរង់ចាំដោះស្រាយថ្ងៃក្រោយ៕