ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមនិងខេត្តព្រៃវែងរួមគ្នាបើកបញ្ជួនទឹកពីប្រព័ន្ធស្រោចស្រពវ៉ៃកូសង្រ្គោះដំណាំស្រូវជិតមួយម៉ឺនហិកតានៅខេត្តព្រៃវែង

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អញ្ជើញចុះបើកទឹកពីប្រព័ន្ធស្រោចស្រព វ៉ៃកូ ជំហាន១ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ដើម្បីសង្រ្គោះដំណាំស្រូវប្រាំងជិត មួយម៉ឺន ហិកតារបស់ប្រជាកសិករដែលកំពុងខ្វះទឹក ក្នុងឃុំចំនួន ១៣ និងស្រុកចំនួន ៣ របស់ខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី ២២មករា កន្លងទៅនេះ។


លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាមដែលបានអមដំណើររដ្ឋបាលខេត្តទាំងពីរបានឱ្យដឹងថា៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព វ៉ៃកូ ជំហាន១ មានម៉ូទ័រអគ្គិសនីខ្នាតធំចំនួន ៩ គ្រឿង។ ដោយក្នុង ១គ្រឿងមានលទ្ធភាពបញ្ជូនទឹកបានចំនួន ១៤០០០ម៉ែត្រគុបក្នុង ១ម៉ោង និងប្រើប្រាស់ថាមពលអគ្គិសនីអស់ចំនួន ៤៦០ គីឡូវ៉ាត់ ក្នុង១ម៉ោង ចំពោះកម្លាំងបញ្ជូនទឹកវិញ គឺមានចម្ងាយជាង ១០០គីឡូម៉ែត្រ ។


លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានបន្តថា៖ ប្រព័ន្ធធារាសាស្ត្រស្រោចស្រពវ៉ៃកូជំហាន១ នេះ មានតួនាទីនាំប្រភពទឹក ពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រព លើផ្ទៃដីកសិកម្មក្នុងខេត្តកំពង់ចាម ជាពិសេសបំផុតនោះ គឺខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលតែងតែប្រឈមនឹងការខ្វះខាតទឹក សម្រាប់ប្រជាកសិករយើងធ្វើស្រែនៅរដូវប្រាំង ក៏ដូចជាការបង្កបង្កេីនផលដំណាំផ្សេងៗ ផងដែរ ៕